លោក អៀង សុធា​រ៉ា ៖ កុំ​ហូប​អាហារ​ដើម្បី​តែ​ឆ្អែត ត្រូវហូប​ដើម្បី​សុខភាព

ការទទួល​ទាន​អាហារ​អាចមាន​ផល​ល្អ និង​មាន​ផល​អាក្រក់​សម្រាប់​ខ្លួន​យើង បើសិន​យើង​មិនបាន​ប្រុងប្រយ័ត្ន វា​នឹង​ប៉ះពាល់​សុខភាព​មិន​ខាន នេះ​ជាការ​លើកឡើង​របស់លោក អៀង សុធា​រ៉ា ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ និង​រមណីយដ្ឋាន​ពិ​កនិក(Picnic Resort)។

នៅក្នុង​បទ​សម្ភាស​ផ្ទាល់​កាលពី​សប្តាហ៍​មុនលោក អៀង សុធា​រ៉ា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់ខ្លួន​តាម​រយៈ​ការ​ទទួលទាន​អាហារ​ដែលមាន​គុណភាព និង​មាន​សុវត្ថិភាព សម្រាប់​លើកកម្ពស់​សុខភាព។

“ហូប​អាហារ​មិនមែន​ហូប​ដើម្បី​តែ​បរិមាណ​ទេ និង​ក៏​មិនមែន​ហូប​ឱ្យតែឆ្អែតៗនោះដែរ គឺ​ត្រូវ​ហូប​ដើម្បី​សុខភាព បើកាលណា​យើង​ហូប​ដើម្បី​យកតែ​បរិមាណ​គឺ​មានន័យថា យើង​សន្សំ​លុយ​ទុកសម្រាប់​យកទៅ​ព្យាបាល​ជំងឺ​ហើយ តែបើសិនជា​យើង​ហូប​បន្លែ​ផ្លែឈើ​ដែលមាន​សុវត្ថិភាព និង​គុណ​ភាពល្អ នោះគឺ​យើង​សន្សំ​លុយ​ទុក​នៅផ្ទះ​សម្រាប់​គ្រួសារ​យើង”។

មនុស្ស​មួយចំនួន​កើតមក​ប្រឹង​តែ​រកប្រាក់ មិន​គិតពី​សុខភាព ដល់ពេល​រកប្រាក់​បាន​ទិញ​ផ្ទះ​ជាច្រើន​កន្លែង តែ​ទីបំផុត​មិនបាន​ដេក​នៅផ្ទះ​ខ្លួនឯង​ទេ គឺ​បាន​ទៅ​ដេក​នៅតែ​មន្ទីរពេទ្យ។

លោក​ថា ការហូប​គឺ​ត្រូវ​កំណត់ឱ្យ​ច្បាស់​សម្រាប់​បរិមាណ​សម​ល្មម​សម្រាប់​ខ្លួន​យើងម្នាក់ៗ ហើយ​ត្រូវ​កំណត់​ខ្លួនឯង​ថា ត្រូវ​ហូប​អ្វី និង​មិនត្រូវ​ហូប​អ្វី។ បើសិនជា​យើង​ហូប​អាហារ​មានគុណ​ភាព វា​នាំឱ្យ​យើង​មាន​សុខភាព​ល្អ ធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ពូកែ​គិត ពូកែ​ធ្វើការ មាន​កម្លាំង​សម្រាប់​បំពេញការងារ​ប្រចាំថ្ងៃ។

ដូច​លោក​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ធ្លាប់បាន​លើកឡើងថា “you are what you eat”មានន័យថា បើ​យើង​ហូប​អី យើង​ជា​មនុ​ស្សបែប​នោះ។ ហូប​អាហារ​ល្អ​មាន​គុណភាព​នាំឱ្យ​សុខភាព​យើង​ល្អ ហូប​អាហារ​គ្មាន​គុណភាព ឬ​មាន​ជាតិគីមី​ពុល​នាំឱ្យ​យើង​ខូចសុខភាព ខាតបង់​ទាំង​ប្រាក់ ខាតបង់​ទាំង​ពេលវេលា និង​បង្ក​ឱ្យ​លំបាក​ឈឺចាប់​ក្នុង​រាងកាយ​ថែមទៀត។

ដើម្បី​លើកកម្ពស់​សុខភាព​ពលរដ្ឋ លោក​បាន​ព្យាយាម​ដាំ​បន្លែ​ជាច្រើន​ទីតាំង​ចាប់ពី​ឆ្នាំ2014មកដោយ​ដំបូង​ឡើយ​ចាប់ផ្តើម​ដាំ​បន្លែ​សរីរាង្គ​នេះ​នៅ​រមណីយដ្ឋាន ពិ​កនិក តាមផ្លូវ​ជាតិ​លេខ4 (ចម្ងាយ33គីឡូម៉ែត្រ​ពី​អាស្រម​លោកយាយ​ម៉ៅ) ដែល​ដាំ​នៅលើ​ដី​តែ​កន្លះ​ហិកតា​ប៉ុណ្ណោះ ឥឡូវ​កើន​ដល់4ហិកតា ជា​ដំណាំ​សរីរាង្គ​សុទ្ធ100% សម្រាប់​ផ្គត់ផ្គង់​នៅ​អាហារ​ដ្ឋា​ន​នៃ​រមណីយដ្ឋាន​ពិ​កនិក និង​ផ្គត់ផ្គង់​ឱ្យទៅ​ផ្សារ​សហករណ៍​សរីរាង្គ​ខ្មែរ​ក្រុងភ្នំពេញ​ផងដែរ ហើយ​បាន​ពង្រីក​ការដាំ​ទៅ​ចម្ការ​មួយ​ផ្សេងទៀត​នៅ​ឃុំ​ជ្រោយ​ស្វាយ​ក្នុង​ស្រុកស្រែ​អំ​បិល​ដែលមាន​ដី​ទំហំ86ហិកតា ដោយ​លោក​បាន​ដាំ​បន្លែ 30ហិកតា ក្រៅពីនោះ​គឺ​ដាំ​ដើមឈើ​ធម្មជាតិផ្សេងៗ ដូចជា​គគីរ កកោះ និង​ផ្តៅ​ជាដើម និង​ទុក​ដី​មួយចំនួនទៀត​ធ្វើជា​អាង​ស្តុក​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​នៅ​រដូវប្រាំង។

ដូច្នេះ​ចម្ការ​ទី1មាន​លក្ខណៈ​ជាក​សិ​-ទេសចរណ៍ និង​ចម្ការ​ទី2មាន​លក្ខណៈ​ជា​ចម្ការ​បរិស្ថាន ហើយ​សុទ្ធតែជា​បន្លែ​សរីរាង្គ​សុទ្ធ100%។ ក្រុមហ៊ុន​របស់លោក​ទ​ទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​សរីរាង្គ​ពី​សហគមន៍​អ៊ឺរ៉ុប​លើក​ទី1 ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា​យើង​កាលពី​ឆ្នាំ2017កន្លងទៅ។

ចម្ការ​សរីរាង្គ គឺ​មានន័យថា ទាំងទឹក ទាំង​ខ្យល់ អាកាសធាតុ ជី​កសិកម្ម ពូជ​ដំណាំ​ដែល​យកមក​ផលិត​បន្លែ សុទ្ធតែជា​របស់​ធម្មជាតិ100% ហើយ​សូម្បី​ការដឹកជញ្ជូន ការរក្សា​ទុក គឺត្រូវធ្វើ​ឡើង​តាម​គោលការណ៍​ស្តង់ដារ​គុណភាព​សុទ្ធ100%ដែរ ហើយ​គេ​មិនអាច​វាយតម្លៃ​ដោយ​ភ្នែក​ទទេ​បានទេ លុះត្រាតែ​យកទៅ​ពិនិត្យ​ក្នុង Lab (មន្ទីរពិសោធន៍) ហើយ​រក​មិនឃើញ​មាន​ជាតិគីមី​ពុល​សោះ ទើប​ហៅថា បន្លែ​សរីរាង្គ។

ឧទាហរណ៍​ដូចជាទឹក​ដែល​យកមក​ស្រោច​ដំណាំ​នោះ​ជា​ទឹកស្អាត ដោយ​ក្រុមហ៊ុន​បាន​ជីក​អណ្តូង​មាន​ជម្រៅ 120ម៉ែត្រ​ដែលមាន​ប្រភពទឹក​ចេញពី​ថ្ម ដូចជា​ទឹកជ្រោះ​ដែល​យើង​អាច​ទទួលទាន​បាន មិន​ប៉ះពាល់​សុខភាពចំណែក​ការដឹកជញ្ជូន​វិញ រថយន្ត​ក៏ត្រូវ​មាន​ម៉ាស៊ីនត្រជាក់ និង​កន្លែង​ស្តុក​ទុក​គឺជា​ទីតាំង​ដែលមាន​ម៉ាស៊ីនត្រជាក់​ដើម្បី​រក្សាទុក​បន្លែ​កុំឱ្យ​ខូចគុណភាព ហើយ​បើ​នៅ​ជិត​ចម្ការ​របស់​យើង​មាន​ចម្ការ​បន្លែ​ដែល​គេ​ដាំ​ដុះ​ដោយ​ប្រើ​ជីគីមី ដូចជា​បាញ់ថ្នាំ ដាក់​ជីគីមី ហើយ​ហូរ​តាម​ទឹក​មកដល់​បន្លែ​របស់​យើងនោះ​ក៏​វា​មិនអាច​ធ្វើឱ្យ​បន្លែ​យើង​ក្លាយជា​បន្លែ​សរីរាង្គ100%ដែរ។

បច្ចុប្បន្ន​លោក​ក៏បាន​សហការ​ជាមួយ​កសិករ​មួយចំនួន​ដើម្បីឱ្យ​ពួកគាត់​រៀន​ពី​របៀប​ដាំ​ដុះ​បន្លែ​សរីរាង្គ​នេះដែរ ហើយ​នៅពេលដែល​ពួកគាត់​ធ្វើបាន ក្រុមហ៊ុន​លោក​នឹង​ទទួល​ទិញ​បន្លែ​ទាំងនោះ​យកមក​ដាក់លក់​នៅក្នុង​ហាង​សហករណ៍​សរីរាង្គ​ខ្មែរ និង​លក់​ចេញទៅ​ផ្សារ​បន្លែ​សរីរាង្គផ្សេងៗទៀត។

ដើម្បី​ជា​ជំនួយ​ដល់​ពលរដ្ឋ លោក​បានបង្ហាញ​ពី​វិធីសាស្ត្រ​ពិនិត្យមើល​ពី​ភាពខុសគ្នា​រវាង​បន្លែ​ធម្មជាតិ និង​បន្លែ​គីមី​ដែល​វិធី​ពិនិត្យ​នេះ​ចែកចេញជា 4ដំណាក់កាល និង​ខ្លួន​យើង​គឺជា​មន្ទីរពិសោធន៍​មួយ​ដ៏​ធំ តែ​យើង​មិន​ដែលមាន​ទម្លាប់​ប្រើ​ទេ។

ក្នុងនោះ​រួមមាន ទី1.យើង​ពិនិត្យមើល​ដោយ​ប្រើ​ភ្នែក​ទទេ ឧទាហរណ៍​ថា យើង​ដាំ​សាលាដ​ខ្លួនឯង​ដោយ​ប្រើ​ជីធម្មជាតិ ពេល​ដាំ​បាន​ហើយ​យើង​ទៅ​ទិញ​បន្លែ​មាន​ជាតិគីមី​ពី​ផ្សារ​មក​ដាក់​ជិតគ្នា​ហើយ​អង្គុយ​មើល​មួយថ្ងៃ 3-4ដងៗ មើលយូរៗទៅ​យើង​នឹង​សង្ស័យ យើង​នឹង​ឃើញ​ពី​ភាពខុសគ្នា​មិន​ខាន។ ទី2.បន្ទាប់មក​យើង​ប្រើ​ដៃ​ចាប់​កាន់​ស្ទាប មិនបាច់​មើល​ក៏បាន ហើយ​គិតថា មួយណា​ទន់ មួយណា​ស្វិតមួយណា​ស្រួយ ពេលនោះ​យើង​ប្រាកដជា​ដឹង​មិន​ខាន។

ទី3.គឺ​ច្រមុះ ពេលដែល​យើង​កាន់​ហើយ យើង​ឈ្លី​វា​យកមក​ហិត​ម្តងមួយៗ យើង​នឹង​ដឹង​ពី​ក្លិន​ដែល​ខុសគ្នា​មិន​ខាន និង​ទី4.យើង​ទំពា​ញំៗ ហើយ​គិតពី​រសជាតិ​បន្លែ​ទាំងពីរ​នោះ យើង​នឹងមាន​អារម្មណ៍​ថា​ខុសគ្នា មួយ​រមាស់មាត់ និង​ពេល​លេប​ចូលទៅរ​មាស់ក ដូច​ជាមាន​អ្វីមួយ​ធ្វើឱ្យ​យើង​ដឹងថាមិន​ស្រួល រកកល​ចង់​ក្អួត សរុបទៅ​គឺ​រសជាតិ​ខុសគ្នា​តែម្ដង។

របស់​ធម្មជាតិ​មានទឹកផ្អែមៗ មាន​រសជាតិ​មិន​ស្ងួត​ប្រហេតប្រហាត​នោះទេ។ លោក​បន្ត​មានប្រសាសន៍ថា ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិគីមីពេល​ញ៉ាំ​រួច​ជួនកាល​យើង​មិន​ត្រឹមតែ​ពុល និង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ពុល និង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ថែម​ទៀតផង ដូចជា​ធ្វើឱ្យមាន​អារម្មណ៍​ឆាប់​មួម៉ៅ ឆាប់​ខឹង​ជាដើម-ល- ហើយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិពុល បន្តិចម្តងៗវា​នឹង​ធ្វើឱ្យ​យើង​កើត​ជំងឺផ្សេងៗ ចំពោះ​មនុស្ស​ចាស់យូរៗទៅ​អាច​កើត​ជំងឺ​ទឹកនោមផ្អែមលើសឈាម និង​មហារីក​ជាដើម។ ចំពោះ​កុមារ​វិញយូរៗទៅ រៀន​មិន​ឆ្លាត ប្រាជ្ញា​មិន​វាងវៃ​រហ័សរហួន​ជាដើម។

ប្រវត្តិ​ពី​កុមារភាព និង​ការតស៊ូ
លោក អៀង សុធា​រ៉ា កើត​នៅក្នុង​ឆ្នាំ1963 នៅ​ស្រុក​បាភ្នំ ក្នុង​ខេត្តព្រៃវែង ដោយមាន​ឪពុក​ជា​គ្រូពេទ្យ​ស្រុក សម័យ​សង្គមរាស្ត្រនិយម​ដែល​គេ​ឱ្យ​រហស្សនាម​ថា “គ្រូពេទ្យ​ចិត្តល្អ” ដោយសារតែ​ព្យាបាល​អ្នកក្រីក្រ​មិន​យកប្រាក់។

កាល​នៅ​វ័យ​កុមារ គ្រួសារ​លោក​មាន​ជីវភាព​លំបាក​មិន​ខុសពី​គ្រួសារ​មួយចំនួន​ឡើយ គឺ​អាយុ​ត្រឹម 6ឆ្នាំ​លោក​ត្រូវ​ទូល​ពោត​ស្ងោរ​លក់ និង​ចិញ្ចឹម​មាន់​លក់។ ប៉ុន្តែ​ដើម្បី​អនាគត​កូន នៅពេល​អាយុ​បាន 6ឆ្នាំ ឳ​ពុក​របស់លោក​បាន​បញ្ជូន​រូបលោក​ឱ្យមក​ស្នាក់នៅ​ក្រុងភ្នំពេញ​ជាមួយ​គ្រួសារ​សាច់ញាតិ​ដើម្បី​ចូលរៀន​នៅ​សាលា​ឯកជន​មួយ​ក្នុង​ឆ្នាំ1969 ប៉ុន្តែ​ជា​អកុសល​នៅ​ឆ្នាំ1970 រដ្ឋប្រហារ​ក៏បាន​កើតឡើង ក្រោយមក​គ្រួសារ​របស់លោក​ត្រូវបាន​សង្គ្រាម​បំបែក​ជា​ពីរ។

គ្រួសារ​យាយ​តា​ត្រូវបាន​កៀរ​ទៅ​នៅក្នុង​តំបន់​រំដោះ​របស់​ខ្មែរក្រហម​ក្នុង​ឆ្នាំ1972 ឯ​ឪពុកម្ដាយ​របស់លោករ​ត់ម​កនៅ​ស្រុក​ពាមរ។ ក្នុងពេល​ស្រុក​កើតសង្គ្រាម ឪពុក​របស់លោក​បាន​ឈប់​ធ្វើ​ពេទ្យ និង​ងាក​មក​ប្រកប​របរ​រត់​រ៉ឺម៉ក​ម៉ូតូ​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ​វិញ​ម្ដង ប៉ុន្តែ​ដោយ​គិតថា របរ​នោះ​មិនអាច​ចិញ្ចឹម​គ្រួសារ​រស់ គាត់​ក៏​សម្រេចចិត្ត​នាំ​កូន​ផ្លាស់​ទីលំនៅ​ទៅ​ខេត្តបាត់ដំបង នៅ​ភូមិ​ថ្នល់​បត់​ដែល​ស្ថិតនៅ​ចន្លោះ​ភ្នំ​តូច និង​ភ្នំ​ធំ ចំណែកឯ​រូបលោក​ក៏បាន​ចូលរៀន​នៅ​ទីនោះ​បន្តទៀត​នៅ​សាលា “សុវណ្ណ​គិរី” នៅ​អំឡុង​ឆ្នាំ1973 តែដោយសារ​តែ​នឹក​ក្រុមគ្រួសារ និង​នឹក​ស្រុក​ពេក ក៏​នាំគ្នា​ត្រឡប់មក​ស្រុក​វិញ​នៅ​ឆ្នាំ1973ដដែល​នោះដែរ។

ពេលមកដល់​ស្រុក​វិញលោក​ហាក់​មានសំណាង​ជាងគេ គឺ​បាន​រៀន​នៅក្នុង​របប​ប៉ុលពត​កាន់កាប់​ចាប់តាំងពី​អំឡុង​ឆ្នាំ1973ដល់1975 ដោយបាន​ចូលរៀន​ថ្នាក់​ទី1នៅ​សាលាបឋមសិក្សា “ពោធិ៍​បឹង” តែដោយសារ​រៀន​ពូកែ គ្រូ​ក៏​ឱ្យ​ផ្លោះ​ចូល​ថ្នាក់​ទី2 បន្ត​មក​ទី3 ហើយ​ឡើង​ថ្នាក់​ទី4 ដែលជា​ថ្នាក់​បញ្ចប់​នៅ​សម័យ​ប៉ុលពត។ នៅ​ឆ្នាំ1976 ដល់​ឆ្នាំ1978 គ្រួសារ​លោក​ត្រូវគេ​បញ្ជូន​ឱ្យទៅ​នៅ​ខេត្តពោធិ៍សាត់ ហើយ​រូបលោក​ត្រូវគេ​ឱ្យ​រកត្រី​ដើម្បី​ធ្វើ​ម្ហូប​សម្រាប់​កងកុមារ​ដែល​មាន​ចំនួន 500នាក់។

នៅ​ចុងឆ្នាំ1978 ដដែល​នោះ មុនពេល​ពួក​វៀតណាម​ចូលមក​ដល់ លោក​ត្រូវបាន​គេ​បញ្ជូន​ឱ្យទៅ​នៅ​ភ្នំ​ទ្រនាប់​គគីរ ដើម្បី​សង់ផ្ទះ 10ខ្នង​សម្រាប់​មនុស្ស 500នាក់។

ក្រោយពី​វៀតណាម​វ៉ៃ​ដាច់​ឆ្នាំ1979 លោក​បាន​ដើរ​ពី​ស្រុក​ស្វាយដូនកែវ នៃ​ខេត្តពោធិ៍សាត់​មកកាន់​ស្រុកកំណើត​វិញ​ដោយបាន​ចំណាយពេល​ដល់​ទៅ 4ខែ​ឯណោះ ហើយ​មាន​ម្ដងនោះ​រូបលោក​បាន​ឈឺ​ប៊ិះ​នឹង​ស្លាប់​នៅតាម​ផ្លូវ​ទៀតផង។

ពេលមកដល់​ស្រុក​វិញ​ក៏​រកស៊ី​លក់​ត្រី​លក់​មាន់​ដូច​មុន​ទៀត បន្ទាប់មក​ឪពុក​លោក​បាន​នាំ​រូបលោក​មក​ភ្នំពេញ​ឱ្យ​ស្នាក់នៅ​មណ្ឌល​កុលាប2 (មណ្ឌលកុមារ​កំព្រា​ក្នុង​សាលា​អង្គអេង) រួចមក​នៅ​មណ្ឌល​កុលាប3(នៅ​សណ្ឋាគារ​អ៊ី​ន​ធើ​ខន់​បច្ចុប្បន្ន) ហើយ​បាន​បន្ត​រៀន​រហូត​ប្រឡង​ចូល​ពេទ្យ។

ពេល​រៀន​ពេទ្យ​ចប់ ក៏​ទៅរក​កាន់​ប៉ុស្តិ៍​ការងារ​នៅ​ខេត្តបាត់ដំបង​នៅ​ឆ្នាំ1991 តែដោយសារ​សង្គ្រាម​នៅ​ទីនោះ​មិនទាន់​ចប់ លោក​ក៏​ត្រឡប់មក​ភ្នំពេញ​វិញ​ហើយ​បើក​គ្លីនិក​មើលជំងឺ​នៅ​ម្ដុំ​ផ្សារ​ដើម​គ និង​នៅ​ជិត​វត្ត​សន្សំ​កុសល ដែលមាន​ឈ្មោះថា “ពេទ្យ​ចំរើន” ហើយ​ឆ្លៀតពេល​រៀន​ភាសា​អង់គ្លេស​បន្ថែម​ទៀតផង។

ក្រោយមក​នៅ​ឆ្នាំ1993 លោក​បានធ្វើ​ការឱ្យ​អ៊ុនតាក់​ជា​អ្នកបកប្រែ​អត្ថបទ​ឱ្យ​វិទ្យុ​អ៊ុនតាក់។ រហូត​ឆ្នាំ1994 បានធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន រហូតមកដល់​ឆ្នាំ1996 លោក​បានចាប់ផ្តើម​បើក​ក្រុមហ៊ុន​ខ្លួនឯង​ឈ្មោះថា “អៀង​គ្រុប”។

ចាប់ពីពេលនោះ​មក លោក​បានធ្វើការ​លើ​វិស័យ​អចលនទ្រព្យ និង​សាងសង់​សំណង់​អគារផ្សេងៗហើយថ្មីៗនេះ​លោក​បាន​សហការ​ជាមួយ​ជនបរទេស​សង់​ខុន​ដូ ARAKAWA Residence ក្រៅពីនេះ​លោក​នៅមាន​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត ដូចជា​ក្រុមហ៊ុន​កសិកម្ម​ដែលមាន​ដាំ​បន្លែ និង​ផ្លែឈើ​សរីរាង្គ​ជាច្រើន​កន្លែង ហាង​សហករណ៍​សរីរាង្គ​ខ្មែរ រមណីយដ្ឋាន​ពិ​កនិក អគារ Belleview ក្រុមហ៊ុន Lotus គ្រុប​ដែលមាន 6ក្រុមហ៊ុន​ផ្សេងគ្នា​ដូចជា Lotus Radio, Lotus Tours, Lotus Publication, Lotus Khmer Food និង​ Lotus Retreat Residence និង​ការងារ​បន្ថែម​ផ្សេងទៀត​ដូចជា​មូលនិធិ​អៀង​ដែល​ជួយ​ដល់​សាលារៀន និង​ជា​ប្រធាន​សមាគម​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា-ជប៉ុន (CJBI) ជាដើម។

បំណង​ទៅ​ថ្ងៃ​អនាគត​លោក​ប្ដេជ្ញា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន មាន​គុណភាព​ខ្ពស់ និង​មានការ​ទទួលស្គាល់​កាន់តែខ្លាំង​ឡើង​នៅលើ​ឆាក​អន្តរជាតិ។ ចូលរួម​ក្នុងការ​សាងសង់​លំនៅឋាន​តម្លៃ​ទាប​សម្រាប់​ប្រជាជន​ខ្មែរ​ដើម្បី​ជួយ​ឱ្យ​ប្រជាជន​យើង​មាន​លំនៅឋាន​រស់នៅ​សមរម្យ​ទាំងអស់គ្នា។

លោក​ចូលរួម​ជួយ​ដល់​សង្គម​ខ្មែរ​តាមរយៈ​ទ្រឹស្ដី​ព្រះពុទ្ធសាសនា គឺ​ការអប់រំ​មនុស្ស​ឱ្យមាន​សីលធម៌ និង​គុណធម៌​ជាដើម និង​មួយទៀត គឺ​ការជួយ​ថែរក្សា​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ដែលមាន​តាំងពី​ដូនតា​យើង​មក ដូចជា ល្ខោនបាសាក់ យឺ​កេ អា​យ៉ៃ ចាប៉ីដងវែង និងសិល្បៈ​ច្រើន​ទម្រង់​ទៀត​ប្រមាណ​ជាជាង 20ប្រភេទ​ឱ្យនៅ​គង់វង្ស​ល្អ និង​រីកចម្រើន​តទៅ៕

លោក អៀង សុធា​រ៉ា ស្ថាបនិក​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ ថតនៅ​រមណីយដ្ឋាន​ពិ​កនិក(Picnic Resort)
លោក អៀង សុធា​រ៉ា ក្នុងកម្មវិធីសិក្ខាសាលាផ្តល់ព័ត៌មានបន្ថែមពី លំនៅឋាន អារ៉ាខាវ៉ា
លោក អៀង សុធា​រ៉ា ថតរូបជុំគ្នាក្នុងពិធីបញ្ចុះបឋមសិលាសម្ភោធបើកការដ្ឋានសាងសង់ លំនៅឋាន អារ៉ាខាវ៉ា
Advertisement