ពលរដ្ឋ​ក្នុង​អាគារ​ប៊ុល​ឌិ​ង-ស​ចំនួន81% ព្រម​ទទួល​សំណង​ពី​ក្រសួង​ដែនដី

គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី19 ខែឧសភា ឆ្នាំ2017 ម្សិលមិញ​នេះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​អគារ​ប៊ុល​ឌិ​ង-សបាន​ចុះហត្ថលេខា​ព្រម​ទទួលយក​សំណង​ពី​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ប្រមាណ​ជា81%ដែល​ស្មើនឹង398បន្ទប់​ហើយ ក្នុងចំណោម​ពលរដ្ឋ​រស់នៅ​លើ​អាគារ​នេះ​ទាំងអស់​ចំនួន 493បន្ទប់។

ដោយឡែក​ពលរដ្ឋ​ដែល​នៅសល់​ចំនួន95បន្ទប់​បាន​ណាត់​ពេល​មក​ចុះកិច្ចសន្យា​ចំនួន25បន្ទប់​ថែមទៀត​ហើយ ដែល​សរុប​រួម​ចំនួន​បន្ទប់​ដែល​មក​ចុះកិច្ចសន្យា​យល់ព្រម​លក់បាន​កើនឡើង​ដល់423បន្ទប់ ដែល​ស្មើនឹង 86% រីឯ​ម្ចាស់​បន្ទប់​ស្នាក់នៅ​ចំនួន 70 បន្ទប់​ទៀត​នឹង​អញ្ជើញ​មក​ចុះកិច្ចសន្យា​ជា​បន្តបន្ទាប់​នៅ​ទីស្តីការក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ក្រុមការងារ​នៅចាំ​ទទួល​បម្រើការ​រៀងរាល់ថ្ងៃ​ទាំង​ក្នុង​ថ្ងៃ​ឈប់សម្រាក​ផងដែរ។

យ៉ាងណាក៏ដោយ​ពលរដ្ឋ​នៅ​ជាន់​ក្រោម​បង្អស់ ឬ​ជាន់​ផ្ទាល់​ដី​មួយចំនួន នៅ​មិនទាន់​យល់ព្រម​ទទួលយក​សំណង​ក្នុងតម្លៃ 1400ដុល្លារ​អាមេរិក​ក្នុង1ម៉ែត្រការ៉េ​នេះ​ដូច​អ្នក​នៅ​ជាន់​លើ​នៅឡើយ​ទេ ដោយ​សំអាងថា​នៅ​ជាន់​ក្រោម ពួកគាត់​អាចធ្វើ​អាជីវកម្ម និង​ប្រកបមុខរបរ​លក់ដូរ​ទំនិញផ្សេងៗ ដែល​អាច​រក​ចំណូល​សម្រាប់​សេដ្ឋកិច្ចរ​បស់​គ្រួសារ​ពួកគាត់​បាន៕

 

 

Advertisement