ដឹងឬទេថា ក្រុងព្រះសីហនុគួរអភិវឌ្ឍអគារបែបណា?

ក្រុងព្រះសីហនុជាតំបន់ដ៏មានសក្ដានុពលផ្នែកទេសចរណ៍សម្រាប់អ្នកនិយមសម្រាកលម្ហែ ស្រូបយកខ្យល់អាកាសបរិសុទ្ធពីផ្ទៃសមុទ្រ។ ស្របពេលជាមួយគ្នានេះដែរ មានអ្នកវិនិយោគលើវិស័យអចលនទ្រព្យជាច្រើនកំពុងតែមានចំណាប់អារម្មណ៍ជាមួយក្រុងដ៏មានវិសាលភាពនេះ តែ តើគូរតែវិនិយោគលើសំណង់អគារបែបណាដើម្បីឱ្យបន្ស៊ីគ្នាទៅនឹងបរិបទនៃក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន។

លោក គឹម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ក្រុងព្រះសីហនុជាតំបន់សម្រាប់លម្ហែកម្សាន្ដចុងសប្ដាហ៍ ឬសម្រាប់អ្នកទៅធ្វើវិស្សមកាល ដូច្នេះ វាមិនមែនជាកន្លែងសម្រាប់ការរស់នៅជាអចិន្រ្ដៃយ៍ ឬជាកន្លែងធ្វើពាណិជ្ជកម្មជាប់លាប់សម្រាប់អ្នកជំនួញទេ។

លោកបានបន្ដទៀតថា៖ «ដោយសារតែហេតុផលនេះហើយទើបក្រុងព្រះសីហនុ ក្លាយជាកន្លែងល្អបំផុតសម្រាប់អ្នកវិនិយោគ ដែលមានបំណងចង់សាងសង់អគារសណា្ឋគារ ឬអគារខុនដូព្រមទាំងកន្លែងសម្រាកកម្សាន្ដនានានោះ» ។

ជាមួយគ្នានេះលោកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានចែករំលែកជាបទពិសោធថា ក្នុងករណីអ្នកវិនិយោគចង់សង់ខុនដូ ពួកគាត់អាចធ្វើជាប្រភេទខុនដូសម្រាប់ការរស់នៅដែលមានកំណត់រយៈពេលបាន ឧទាហរណ៍ខុនដូ 1យូនីត ត្រូវលក់ក្នុងតម្លៃ 10ម៉ឺនដុល្លារអាមេរិក ប៉ុន្ដែសម្រាប់អ្នកដែលមានលុយត្រឹមតែ1ម៉ឺនដុល្លារអាមេរិកក៏អាចធ្វើជាម្ចាស់កម្មសិទ្ធិលើខុនដូនោះបានដែរ ដោយអាចអនុញ្ញាតឱ្យគាត់ធ្វើជាម្ចាស់បន្ទប់ខុនដូនោះបានត្រឹមតែក្នុងរយៈពេលមួយខែសម្រាប់មួយឆ្នាំ ឬក្នុងរយៈពេលណាមួយទៅតាមការកំណត់ ឬចរចាគ្នា។

លោកបន្ដថា បើយើងងាកមកទីក្រុងភ្នំពេញវិញគេមើលឃើញថា មានមនុស្សជាច្រើនបានមកកម្សាន្ដ រស់នៅ ព្រមទាំងតាំងលំនៅធ្វើពាណិជ្ជកម្ម អាជីវកម្មផងដែរ ព្រោះតំបន់នេះប្រជុំទៅដោយសកម្មភាពផ្សេងៗគ្នារបស់មនុស្សជាច្រើន ដោយហេតុនេះហើយទើបប្រសិនបើជាគេចង់សង់អគារការិយាល័យ ឬអគារពាណិជ្ជកម្មនោះ គួរតែមកវិនិយោគនៅក្នុងទីក្រុងភ្នំពេញ៕

Advertisement