អគារ​ភ្លោះ​ខ្ពស់កប់ពពក​នៅ​កម្ពុជា​គ្រោង​បុកគ្រឹះ​សាងសង់​នៅ​ចុង​ឆ្នាំនេះ

ទោះបីជា​តម្រូវការ​អគារខ្ពស់ៗបាន​ធ្លាក់ចុះ​បន្តិច​នៅ​ប៉ុន្មាន​ខែ​ក្នុង​ត្រីមាស​ចុងក្រោយ​នេះ​ក៏ដោយ ក៏​គេ​រំពឹងថា ថ្ងៃ​ខាងមុខ​តម្រូវការ​នៃ​អគារ​ខុន​ដូ ឬ​អគារ​ពាណិជ្ជកម្មខ្ពស់ៗនៅតែមាន ដែលជា​ហេតុ​ធ្វើឱ្យ​ក្រុមហ៊ុន​កូន​ខ្មែរ​ក្នុងស្រុក​សហការ​ជាមួយ​វិនិយោគិន​មកពី​ក្រៅប្រទេស ត្រៀម​បុកគ្រឹះ​សាងសង់​អគារ​កម្ពស់ 62ជាន់ នៅក្នុង​ខែកញ្ញា ឆ្នាំ2018 ខាងមុខ​នេះហើយ។

គម្រោង​អគារ​ភ្លោះ​ដ៏​ខ្ពស់​ស្កឹមស្កៃ​នេះ មានការ​សហការ​វិនិយោគ​ដោយ​ក្រុមហ៊ុន Royal Group ជាមួយ​ក្រុមហ៊ុន Huashi Group របស់​វិនិយោគិន​ចិន និង​សាងសង់​ដោយ​ក្រុមហ៊ុន Sichuan Huaxi Group។ ក្រុមហ៊ុន OTK Royal One ដែលជា​បុត្រ-​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Royal Group ដែល​តំណាង​ដោយ​លោក​ឧកញ៉ា គិត ធាង ប្រធាន​ក្រុមហ៊ុន OTK Royal One ជា​អ្នកវិនិយោគ​គម្រោង​នេះ។

Advertisement

លោក​ឧកញ៉ា គិត ធាង បាន​មានប្រសាសន៍​ឱ្យដឹងថា ការសាងសង់​អគារ​ខ្ពស់កប់ពពក​នេះ នឹង​ចាប់-ផ្តើម​នៅ​ខែកញ្ញា​ខាងមុខនេះ និង​គ្រោង​ចំណាយ-ពេល​រយៈពេល 3ឆ្នាំ​ដើម្បី​បញ្ចប់​គម្រោង​នេះ។ អគារ​ភ្លោះ​ដែលមាន​ឈ្មោះ Royal One នឹងដាក់​ឱ្យប្រើ-​ប្រាស់​ចម្រុះ​សម្រាប់​ជា​សណ្ឋាគារ ខុន​ដូ ផ្សារ​ទំនើប អគារ​ការិយាល័យ​ជាដើម។ អគារ​នេះ​នឹងមាន​កម្ពស់​រហូតដល់62ជាន់ ទាំង​អគារ​A និង​អគារ​B ស្មើនឹង​កម្ពស់230ម៉ែត្រ មាន​លំនៅឋាន 274Units និង​ការិយាល័យ​ចំនួន 256បន្ទប់ មាន​ទីតាំងនៅ​ដីឡូត៍​លេខ93 ផ្លូវ​លេខ114 កែង​នឹង​មហាវិថី​មុនី​វង្ស ដោយមាន​រចនាប័ទ្ម​យ៉ាង​ប្រណីត និង​បំពាក់​ឧបករណ៍​ទំនើប។

លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន Hutton CPL បាន​មានប្រសាសន៍​គាំទ្រ​ចំពោះ​គម្រោង​សាងសង់​អគារ​ខ្ពស់កប់ពពក​នៅ​កម្ពុជា​ថា ជា​រឿង​ល្អប្រសើរ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា និង​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​លើ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា ខណៈដែល​ទីផ្សារ​អចលនទ្រព្យ​កំពុងមាន​ភាព​រីកចម្រើន ដោយ​វត្តមាន​អគារខ្ពស់ៗនឹង​ជួយ​លើកកម្ពស់​មុខមាត់​កម្ពុ​ជា​បន្ថែមទៀត។ លោក​បន្តថា “ទីតាំង​អគារ​ភ្លោះ​ដ៏​ខ្ពស់​នេះ​ស្ថិតនៅ​ទីតាំង​កណ្តាល​ក្រុង​ដែលមាន​សក្តានុពល ដែល​អាច​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍ មានការ​គាំទ្រ និង​ទាក់ទាញ​ខ្លាំង​ពី​អ្នកវិនិយោគ និង​ភ្ញៀវ​ទេសចរអន្តរជាតិ ពិសេស និង​អាច​ទទួលភ្ញៀវ​ក្នុងឱកាស​កម្ពុជា​ក្លាយជា​ម្ចាស់​ផ្ទះកីឡា​អាស៊ាន​ហ្គេម​នៅ​ឆ្នាំ2023 ខាងមុខ”។

គួររំឭកថា គម្រោង​លក់​អគារ​ខុន​ដូ​នៅ​ត្រីមាស​ទី1 ឆ្នាំ2018 កន្លងទៅនេះ​បាន​ធ្លាក់ចុះ​បន្តិច​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017 ខណៈដែល​តម្រូវការ​នៃ​ការជួល​អគារ​ពាណិជ្ជក​ម្ម ហាក់​មាន​ភាព​នៅ​ទ្រឹង។ របាយការណ៍​ស្រាវជ្រាវ​ទីផ្សារ​របស់​ក្រុមហ៊ុន CBRE Cambodia បាន​បង្ហាញថា តម្លៃ​លក់​ខុន​ដូ​ប្រភេទ​មធ្យម និង​ប្រភេទ​ប្រណីត​បាន​ថយចុះ2% ក្នុង​ត្រីមាស​ទី1 បើ​ធៀប​ទៅនឹង​ត្រីមាសមុនៗ ស្រប​ពេលដែល​តម្លៃ​ជា​មធ្យម​របស់​ខុន​ដូ​ប្រភេទ​តម្លៃ​សមរម្យ​បាន​កើនឡើង​ចំនួន 7% ប្រចាំត្រីមាស​ទី1។

តម្លៃ​នៃ​ការជួល​របស់​ខុន​ដូ​ប្រភេទ​មធ្យម និង​ប្រភេទ​ប្រណីត​ស្ថិតក្នុង​ទីតាំង​សំខាន់​ត្រូវបាន​ថយ-ចុះ​ចំនួន3.8% ប្រចាំត្រីមាស ចំណែក​តម្លៃ​ជួល​របស់​អគារ​ការិយាល័យ និង​ទីតាំង​ពាណិជ្ជកម្ម​មាន​សភាព​ថេរ​ក្នុង​ត្រីមាស​ទី1 នៃ​ឆ្នាំ2018 បើ​ប្រៀបធៀប​ទៅនឹងត្រីមាសមុន។ ហើយ​អត្រា​នៃ​ការជួល​អគារ​ការិយាល័យ​សម្រាប់​ត្រីមាស​ទី1 នៃ​ឆ្នាំ2018 មាន​ប្រមាណ 82.7%។

នៅត្រឹម​ដំណាច់ត្រីមាស​ទី1កន្លងទៅ ការផ្គត់ផ្គង់​អគារ​ខុន​ដូរមានការ​កើនឡើង​ដល់​ជិត 10,000 យូ​នី​តស្មើនឹង14% ហើយ​សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ2018 ចំនួន​ខុន​ដូ​ប្រមាណ​ជា 12.000យូ​នី​ត​បន្ថែមទៀត​នឹងត្រូវ​បញ្ចប់​គម្រោង​សាងសង់​របស់ខ្លួន។ ចំណែក​ការជួល​អគារ​ការិយាល័យ​នៅតែ​ដំណើរការ​ទៅមុខ​ដែល​បាន​កើន​ឡើងដល់​ចំនួន 82.7% ទោះបី​ចំនួន​នៃ​ការផ្គត់ផ្គង់​មានការ​កើនឡើង​ក៏ដោយ។

បច្ចុប្បន្ន​នេះរាជធានី​ភ្នំពេញ​មាន​អគារខ្ពស់ៗជាច្រើន​បាន​សាងសង់​រួច និង​ដាក់​ដំណើរការ​ជាបណ្តើរៗហើយ ដូចជា​អគារ Vattanac Capital កម្ពស់ 37ជាន់ អគារ OCIC កម្ពស់ 32ជាន់ និង​អគារ ExchangeSquare របស់​ក្រុមហ៊ុន Hong Kong Land ជាដើម៕

គម្រោងអគារភ្លោះខ្ពស់កប់ពពកនៅកម្ពុជា

Advertisement