ដាំចេក​ពងមាន់​លើដី​ជាង1,000ម៉ែត្រការ៉េ អាច​លក់បាន​ជា​ង1លាន​រៀលក្នុង​មួយ​សប្តាហ៍

ចេកពងមាន់ គឺជា​ផ្លែឈើ​មាន​រសជាតិ​ឆ្ងាញ់ផ្អែម ហើយ​ក្រអូប​នៅពេល​ផ្លែ​វា​ទុំ ជា​ផ្លែឈើ​ដែល​គេ​និយម​ទទួលទាន​ក្នុងការ​ជួបជុំគ្នា និង​ធ្វើជា​បង្អែម​ក្នុង​ពិធី​បុណ្យទាន ពិធីមង្គលការ និង​ជា​អាហារសម្រន់​នៅក្នុង​ពិធី​ប្រជុំ ឬ​ធ្វើ​សន្និសីទផ្សេងៗ ទើប​ជាហេតុ​ធ្វើឱ្យ​ចេកពងមាន់​មាន​តម្រូវការ​ខ្លាំង​នៅលើ​ទីផ្សារ។

លោក គ្រី ផល្លា កសិករ​ដាំចេក​ម្នា​ក់នៅ​ភូមិ​ចុង​កោះឃុំ​កោះអន្លង់ចិន ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ប្រាប់​ឱ្យដឹងថា គាត់​បាន​ចាប់យក​របរ​ដាំចេក​ពងមាន់​នេះ​ជិត 20ឆ្នាំ​មកហើយ ពោលគឺ​ដាំ​នៅក្នុង​ចម្ការ​ដំណាំ​គូឆាយ​ដែលមាន​ផ្ទៃដី1,200ម៉ែត្រការ៉េ ស្មើនឹង 300គុម្ព។ លោក​បាន​បន្តថា ចេកពងមាន់ មិន​ពិបាក​ដាំនិង​ថែទាំ​នោះទេ គ្រាន់តែ​យើង​ជីករណ្តៅ​ទំហំ 3តឹក4ជ្រុងជម្រៅ 3តឹក​កន្លះ ហើយ​ឆ្ងាយ​គ្នា​ពីមួយ​គុម្ពទៅមួយ​គុម្ព​ប្រវែង 1.4ម៉ែត្រ ទៅ2ម៉ែត្រ រួច​យក​កូន​ចេក​កម្ពស់​ប្រមាណ 8តឹក​មក​ដាក់​ដាំ។ ក្រោយពី​ដាំ​បាន6ខែ​កន្លះ ចេក​នឹង​ចេញ​ត្រយូង និង​នៅពេល​ទម្លាក់​ស្និត​អស់ យើង​ត្រូវ​កាច់​ត្រយូង​ចោល ហើយ1ខែ20ថ្ងៃក្រោយ ផ្លែ​ចេក​នឹង​ចាស់​អាច​កាប់​លក់បាន​ហើយ។

ចំណែកឯ​ការថែទាំ​ក៏​គ្មានអ្វី​ពិបាក​ដែរ បើ​ខែប្រាំង1អាទិត្យ​ត្រូវ​បូមទឹក​ដាក់​ម្តង និង​ដាក់​ជីលា​មក​គោរៀងរាល់ 10ថ្ងៃ​ម្តង ព្រមទាំង​កាត់​ស្លឹក​ដែលងាប់ៗចោល និង​រយៈពេល 2ឆ្នាំក្រោយ​ទើប​វា​លែង​សូវ​ផ្តល់​ផល ដែល​យើង​ត្រូវ​គាស់​ចោល និង​ដាក់​ដាំ​សាជាថ្មី​ឡើងវិញ។ ម្ចាស់​ចម្ការ​រូបនេះ​បាន​បញ្ជាក់ដែរថា ចេកពងមាន់​មាន​ពី​ប្រភេទ គឺ​ពូជ​ផ្លែធំវែងៗ គេ​ហៅ​ចេកពងមាន់​ភ្លុក រីឯ​អា​ផ្លែតូចៗ ហៅថា​ចេកពងមាន់​ក្រចកចាប ហើយ​ឥឡូវ​ចេកពងមាន់​ក្រចកចាប​អាច​លក់​ឱ្យ​ម៉ូយ​បាន​ក្នុង 1ស្ទង​បាន​តម្លៃ 20.000 ទៅ23.000រៀល​ដែរ ចំណែកឯ​ចេកពងមាន់​ភ្លុក​វិញ 1ស្ទង​បាន 30.000រៀល (បី​ម៉ឺន​រៀល) ហើយ​មាន​ម៉ូ​យមក​ដឹក​ដល់​ចម្ការ​តែម្តង ដែល​ក្នុង1អាទិត្យ​អាច​លក់បាន​ប្រាក់​ពី 90ម៉ឺន ទៅ​ជាង1លាន​រៀល​ជា​រៀងរាល់​សប្តាហ៍។

ឈ្មួញកណ្តាល​ម្នាក់ អ្នកស្រី សាវឿន បាន​និយាយថា សព្វថ្ងៃ​ចេកពងមាន់​ឡើងថ្លៃ​គ្រាន់បើ និង​បើទោះបីជា​សម្បូរ​ច្រើន​ប៉ុនណា ក៏​ពពួក​ចេកពងមាន់​ក្រចកចាប​មួយ​ស្ទង​នៅតែ​បាន​ថ្លៃ15.000រៀល និង​ចេកពងមាន់​ភ្លុក 1ស្ទង 25.000រៀល​ដែរ(ពីរម៉ឺន​ប្រាំ​ពាន់​រៀល) ដោយ​មិនសូវ​ជា​ធ្លាក់​ថ្លៃ​ខ្លាំង​ទេ ហើយ​បើ​រដូវ​បុណ្យទាន​វិញ អាច​ឡើងថ្លៃ​ជាងនេះទៀត​ផង។ អ្នកស្រី​បាន​បន្ថែមថា ក្នុង1ខែ​គាត់​ចុះមក​ទិញ​ចំនួន 4លើក នៅ​រៀងរាល់​មុន​ថ្ងៃសីល ដើម្បី​យកទៅ​បន្ទុំ​ទុក​លក់​នៅឯ​រាជធានី​ភ្នំពេញ ហើយ​ក្នុង1លើកៗ គាត់​ប្រមូល​ទិញ​បាន​ប្រមាណ​ជា 100ស្ទង ដោយ​ទិញ​ពី2 ទៅ3ចម្ការ​ទើប​គ្រប់​លក់​បន្ត។ ឈ្មួញកណ្តាល​ម្នាក់នេះ​បាន​បញ្ជាក់ថា អ្នកទិញ​ចេក ចូលចិត្ត​ចេក​កោះអន្លង់ចិន​ណាស់ ព្រោះ​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ និង​ទុក​បានយូរ ដោយសារតែ​មិនមាន​ប្រើ​ជីគីមី​ទេ គឺ​ប្រើតែ​ជីធម្មជាតិ​លាមក​គោ​ប៉ុណ្ណោះ។

លោក ជ្រឹង ជ្រឿ​ង មេឃុំ​កោះអន្លង់ចិន​​មានប្រសាសន៍ថា នៅ​ទូទាំង​ឃុំ​មាន​ភូមិ​ចំនួន4 រួមមាន​ភូមិ​ក្បាលកោះ ភូមិ​កណ្តា​លកោះ ភូមិ​ស្វាយ​ពុំ​ត្រង់ និង​ភូមិ​ចុង​កោះ មាន​ប្រជាពលរដ្ឋ​សរុប 7,199នាក់ ស្មើនឹង 5,146គ្រួសារ ហើយ​មាន​ដីចម្ការ​ចំនួន 828ហិកតាក្នុងនោះ​ចេកពងមាន់​ជា​ដំណាំ​អាទិភាព​មួយ​ក្នុងចំណោម​ដំណាំ​អាទិភាព​ទាំងបី រួមមាន​បន្លែ​គូឆាយ ផ្លែ​មៀន និង​ចេកពងមាន់ ដែល​បាន​ជួយ​ឱ្យ​ជីវភាព​អ្នក​កោះអន្លង់ចិន​បាន​ធូរធារ និង​គ្មាន​អ្នកធ្វើ​ចំណាកស្រុក ដូច​នៅតាម​បណ្តា​ស្រុក​មួយចំនួន​ទៀតឡើយ៕

Advertisement