ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារ​កូរ៉េ សហការគ្នា​លើ​ការស្រាវជ្រាវ​សម្រាប់​ការវិភាគ​គំរូ​ម៉ាក្រូសេដ្ឋកិច្ច

ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រវាង​ធនាគារជាតិ​នៃ​កម្ពុជា (NBC) និង​ធនាគារ​កូរ៉េ(BOK) ត្រូវបាន​រៀបចំឡើង​ក្រោម​ការប្រកាស​ស្តីពី​កិច្ច​សិក្សា​រួមគ្នា​លើ​ការស្រាវជ្រាវ​ឱ្យបាន​ស៊ីជម្រៅ​ក្នុង​គោលបំណង​បង្កើន​ជំនាញ​វិភាគ និង​សិក្សា​អំពី​ទំនាក់ទំនង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយនឹង​ការអនុវត្ត​គំរូ​សេដ្ឋកិច្ច ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​ការយល់ដឹង​គ្នា​ទៅវិញទៅមក​រវាង​ធនាគារកណ្តាល​កម្ពុជា និង​ធនាគារកណ្តាល​នៃ​ប្រទេស​កូរ៉េ។

លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា មានប្រសាសន៍ថា នេះ​គឺជា​កិច្ចសហការ BOK-KPP ទី3 នេះ​ធ្វើឡើង​ក្រោយពី​មាន​ផ្លែផ្កា​ក្នុង​រយៈពេល 2ឆ្នាំ​ចុងក្រោយ។ កម្មវិធី​ទី1 នៅ​ឆ្នាំ2016 គឺជា​គំរូ​សម្រាប់​ការវិភាគ​ម៉ាក្រូសេដ្ឋកិច្ច និង​ការ​ព្យាករ​អំពី​អតិផរណា​នៅក្នុង​ប្រទេស​កម្ពុជា និង​ទី2 គឺ​ការវិភាគ​ជាក់ស្តែង​លើ​ទំនាក់ទំនង​រវាង​អត្រា​ប្តូរប្រាក់ និង​អតិផរណា​នៅក្នុង​សេដ្ឋកិច្ចកម្ពុជា។

ប្រតិបត្តិការ​ទី3 នេះ​ស្ថិតក្រោម​គម្រោង​កម្មវិធី BOK-KPP (the Bank of Korea-Knowledge Part-nership Program)ភាពជា​ដៃគូ​នៃ​ចំណេះដឹង​របស់​ធនាគា​រ​កូរ៉េ​ឆ្ពោះទៅរក​កិច្ចសហការ​ជិតស្និទ្ធ​រវាង​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ BOK និង​សាកលវិទ្យាល័យ​យ៉ុ​ន​សី(Yonsei)ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា។

លោកជំទាវ​បាន​បញ្ជាក់ថា ការស្រាវជ្រាវ​រួមគ្នា​ទាំង2 នេះ​បានរួម​ចំណែក​ក្នុងការ​បង្កើត​គោលនយោបាយ​រូបិយវត្ថុ​ដើម្បី​សម្រេចបាន​នូវ​ស្ថិរភាព​តម្លៃ ស្ថិរភាព​ហិរញ្ញវត្ថុ ក៏ដូចជា​ជំនាញ​ស្រាវជ្រាវ​ដែល​បច្ចុប្បន្នកំពុង​ខ្វះខាត និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។ ការបន្ត​របស់ BOK-KPP ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​ពិតជា​ជួយ​បង្កើន​សមត្ថភាព​បុគ្គលិក​ក្នុង​ការធ្វើ​គំរូ​សម្រាប់​ទំនាក់ទំនង​ម៉ាក្រូ​ហិរញ្ញវត្ថុ និង​សិក្សា​ពី​ការរីកចម្រើន​ពី​ម៉ាក្រូសេដ្ឋកិច្ច​ទៅ​វិស័យ​ហិរញ្ញវត្ថុ និង​ផ្ទុយ​មកវិញ។

លោក Seung hee Lee អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អន្តរជាតិ​នៃ​ធនាគារ​កូរ៉េ​បាន​មានប្រសាសន៍ថា៖ «ឆ្នាំនេះ​យើង​បានសម្រេច​ចិត្ត​ផ្តោតលើ​ទំនាក់ទំនង​រវាង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ពិតប្រាកដ​ជាពិសេស​លើ​វិស័យសំខាន់ៗចំនួន4 រួមមាន​វិស័យ​កាត់ដេរ សំណង់ កសិកម្ម និង​ទេសចរណ៍»។

ទោះជា​យ៉ាងណាក៏ដោយ​លោក Lee បាន​មានប្រសាសន៍ថា ការរកឃើញ​នៃ​ការស្រាវជ្រាវ​នេះ​នឹងមាន​ប្រយោជន៍​ក្នុងការ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​នៃ​សេដ្ឋកិច្ចកម្ពុជា។

លោកស្រី ជា សិរី អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ប្រទេស​កម្ពុជា គឺជា​សេដ្ឋកិច្ច​ប្រើប្រាស់​ប្រាក់​ដុល្លារ​ខ្ពស់ ហើយ​រហូតមក​ដល់ពេលនេះ​ការប្រែប្រួល​នៃ​អត្រា​អតិផរណា​មាន​ឥទ្ធិពល​ខ្លាំង​ដោយ​អត្រា​ការប្រាក់» ដូច្នេះ​ភាគី​ទាំងពីរ​នឹង​ស្រាវជ្រាវ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ដោយ​រំពឹងថា​នឹង​បញ្ចប់ ហើយ​ចេញ​របាយការណ៍​ការរក​ឃើញ​នៅ​ខែធ្នូ ឆ្នាំ2018នេះ៕

Advertisement