ដាំ​ដើម​ស្រកានាគ​ងាយស្រួល​ថែទាំ និងមាន​អតិថិជន​គាំទ្រ​ច្រើន​នៅលើ​ទីផ្សារ

ស្រកានាគ​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ដែល​កសិករ​ចាប់ផ្តើម​ដាំ​ដុះ​កាន់តែច្រើនឡើងៗនៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​ដំណាំ​ប្រភេទ​នេះ​កសិករ​ងាយស្រួល​ថែទាំ ផ្តល់​ផល​យូរ​ឆ្នាំ និង​មានការ​គាំទ្រ​នៅលើ​ទីផ្សារ។

លោក ឈិន ហុក​ថៃ កសិករ​ដាំ​ដើម​ស្រកានាគ​នៅក្នុង​ភូមិ​អូ​របេង ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់​ ខេត្តកំពង់ចាម មានប្រសាសន៍ថា លោក​ទើបតែ​ចាប់ផ្តើម​ដាំ​ស្រកានាគ​នៅលើ​ផ្ទៃដី​ប្រមាណ​ជា1ហិកតា​ក្នុង​រយៈពេល 2ឆ្នាំ​មុននេះ​ប៉ុណ្ណោះប៉ុន្តែ​ស្រកានាគ​ចាប់ផ្តើម​ឱ្យ​ផល​ជាបណ្តើរៗហើយ ដោយ​ក្នុង​មួយ​គុម្ព​អាច​បេះ​ផ្លែ​បានចំនួន 5គីឡូ​ក្នុង​រយៈពេល​មួយឆ្នាំ “ស្រកា-នាគ​ឱ្យ​ផល​តាំងពី​មួយឆ្នាំ​ដំបូង​មកម៉្លេះប៉ុន្តែ​ដំបូង​ឡើង វា​ឱ្យ​ផល​តិចតួច​ប៉ុណ្ណោះរហូតដល់​ឆ្នាំ​ទី2 ទើប​វា​ចេញ​ផ្លែ​ច្រើនទៅៗលុះដល់់​អាយុ 3ឆ្នាំ វា​ចាប់ផ្តើម​ឱ្យ​ផ្លែ​ពេញលេញ​តែម្ដង ដោយ​ក្នុង​មួយគុម្ពៗគេ​អាច​ប្រមូល​ផល​បាន​ចំនួន 20គីឡូក្រាម ឬ​លើស​ហ្នឹង​ទៅទៀត​ក្នុង​មួយឆ្នាំ”។

ស្រកានាគ​ផ្តល់​ផល​ទាំង​រដូវប្រាំង និង​រដូវវស្សា ប៉ុន្តែ​វា​នឹង​ផ្លែ​ច្រើន​នៅពេល​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង គឺ​ចាប់ពី​ខែឧសភា រហូតដល់​ខែតុលា ទើប​វា​ចាប់ផ្តើម​ធ្លាក់​ទិន្នផល​ចុះ​ទៅវិញ​បន្តិចម្តងៗ ហើយ​បើ​កសិករ​នៅតែ​បន្ត​ស្រោច​ទឹក វា​ក៏​នៅតែ​ផ្តល់​ផល​បន្តទៀត គ្រាន់​តែមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។ លោក​បន្តថា ក្រោយពី​ប្រមូល​ផល​ហើយ ផ្លែ​ស្រកានាគ​ខ្មែរ​មាន​ម៉ូ​យមក​ទទួល​ទិញ​ជាប្រចាំ​ដល់​ចម្ការ​តែម្តង ដោយ​ក្នុង​មួយ​គីឡូក្រាម​បោះ​ដុំ​បាន​តម្លៃ4,000រៀល ទៅ5,000រៀល ហើយ​គេ​យកទៅ​បោះ​ដុំ​បន្ត​នៅលើ​ទីផ្សារ​ក្នុងតម្លៃ7,000រៀល ទៅ8,000រៀល និង​ម៉ូយ​យកទៅ​លក់រាយ​បន្តទៀត​មួយ​គីឡូ​តម្លៃ10,000រៀល ទៅ12,000រៀល តាម​តូច​តាម​ធំ “ការលក់​បាន​ថ្លៃ ហើយ​មាន​ម៉ូយ​ទិញ​ច្រើន​នេះ ដោយសារ​ស្រកានាគ​ខ្មែរ​ដាំ​ដុះ​តាមរបៀប​ធម្មជាតិ​មិន​ប្រើ​ថ្នាំ​គីមី ហើយ​រសជាតិ​របស់​វា​ផ្អែម​ឆ្ងាញ់ ខុសពី​ស្រកានាគ​នាំចូល​ពី​ក្រៅប្រទេស ដូចជាស្រកានាគ​នាំ​មកពី​វៀតណាម ឬ​ថៃ”។

សម្រាប់​បច្ចេកទេស​ដាំ​ដុះ កសិករ​ខាងលើ​បានផ្តល់​មតិយោបល់​ចែករំលែក​ថា មុននឹង​ដាំ​កសិករ​អាច​ភ្ជួរ​ដី​ឱ្យ​ងាប់​ស្មៅ​ជាមុនសិន​ក៏បាន ឬ​មិនបាច់​ភ្ជួរ​ដី​ជាមុន​ក៏បាន ដោយ​គ្រាន់តែ​ដាំ​បង្គោល​ចម្ងាយ​ពីគ្នា 3ម៉ែត្រ 4ជ្រុងស្មើៗគ្នា​ពីមួយ​គុម្ព​ទៅមួយ​គុម្ព ពេល​ដាំ​បង្គោល​រួចហើយ​គេ​ចាប់ផ្តើម​ជ្រំដី​ជុំវិញ​បង្គោល​នោះ រួច​កាច់​ដើម​ស្រកានាគ​មក​ដោត​ដាំ​ចំនួន 3 ទៅ4ដើម​ក្នុង​មួយគុម្ព។ លុះ​ដាំ​រួច កសិករ​ត្រូវដាក់​ជី​បំប៉ន​កូនដើម​ស្រកានាគ​ជា​លើកដំបូង ហើយ​ស្រោច​ទឹក​ដើម្បីឱ្យ​កូន​ស្រកានាគ​លូតលាស់​បានល្អ នៅពេល​ស្រកានាគ​លូតលាស់​ចាប់​ឫស​តោង​បង្គោល​ឡើង​ហើយ គេ​អាច​ស្រោច​ទឹក​ក៏បាន ឬ​មិនបាច់​ស្រោច​ទឹក​ក៏បាន ព្រោះថា ដើម​ស្រកានាគ​នេះ​ធន់​នឹង​កម្តៅ និង​មិនសូវ​ត្រូវការ​ទឹក​នោះទេ ទោះជា​រដូវប្រាំង​ខ្លាំង​ក៏ដោយ តែ​វា​ក៏​ចាញ់​ទឹក​ដែរ ពិសេស​គេ​មិនដែល​ដាំ​នៅ​លើដី​ដែលជា​វាល​បាត​ទំនាប​ទេ ព្រោះ​អាច​នឹងមាន​ដក់​ទឹក​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ធ្វើឱ្យ​ដើម​ស្រកានាគ​រលួយ​ងាប់​ដើម​អស់។

ស្រកានាគ​ផ្តល់​ផល​យូរ​ឆ្នាំ​ចន្លោះ​ពី15 ទៅ20ឆ្នាំ រស់​បានយូរ​ដូចដើម​ដំបងយក្ស​ដែរ ប៉ុន្តែ​ទុក​យូរ​ឆ្នាំ​ពេក​វា​នឹង​ដុះ​ស៊ុបទ្រុប​ឡើង​ខ្លាំង ដែល​ពេល​នោះគេ​ត្រូវ​កាប់ឆ្ការ​រំលាយចោល​ដើម្បី​រៀបចំ​ការដាំដុះ​សាជាថ្មី​ឡើងវិញ។

ដោយសារ​ឃើញ​ពី​តម្រូវការ​ទីផ្សារ​ផ្លែ​ស្រកានាគ​ធម្មជាតិ​នេះ​កើនឡើង​ខ្លាំងទើប​កសិករ​នៅក្នុង​ឃុំ​មេស​ជ្រៃ ចាប់ផ្តើមដាំ​ដើម​ស្រកានាគ​នេះ​កាន់តែច្រើនឡើងៗ និង​ដោយសារតែ​ទីតាំង​ខាងលើ​ជា​ប្រភេទ​ដីក្រហម​មាន​ជីវជាតិ​ខ្លាំង ដូច្នេះ​មិនបាច់​ប្រើ​ជី ក៏​វា​ផ្តល់​ផល​អាច​បេះ​ផ្លែ​លក់ រក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ឱ្យ​កាន់តែប្រសើរឡើងៗបានដែរ៕

Advertisement