រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ជាង 28ប៊ី​លាន​រៀល​ដើម្បី​ជំរុញ​ផលិតកម្ម​ស្បៀង

ដោយ​មើលឃើញថា កម្ពុជា​បាន​ចំណាយ​ប្រមាណ 200 ទៅ400លាន​ដុល្លារ​ក្នុង1ឆ្នាំ​ដើម្បី​ទិញ​បន្លែ​ពី​ប្រទេសជិតខាង ហើយ​តម្លៃ​អាហារ​មិនអាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចំណាយ​ថវិកា​ចំនួន28ប៊ី​លាន​រៀល​បង្កើត​គម្រោង​ផលិតកម្ម​ស្បៀង​នេះ​ឡើង។

កញ្ញា​បណ្ឌិត ចាន់ ផល​លឿន អគ្គនាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា កន្លងមក​ដៃគូ​អភិវឌ្ឍន៍​នានា ភាគច្រើន​ផ្តោតលើ​កសិករ​ខ្នាតតូច និង​គ្មាន​ភាព​ប្រទាក់ក្រឡា​គ្នា ហើយ​ការផលិត​ពូជស្រូវ​សុទ្ធ និង​ការប្រើប្រាស់​ពូជស្រូវ​សុទ្ធ​សម្រាប់​ផលិតកម្ម និង​ការកែច្នៃ ពិសេស​ពូជស្រូវ​ក្រអូប​ដែលមាន​តម្លៃ​ខ្ពស់​លើ​ទីផ្សារ​នាំចេញ​នៅមានកម្រិត ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​បាន​ដាក់ឱ្យអនុវត្ត​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​នេះ​ឡើង។

កញ្ញា​បណ្ឌិត បាន​បន្តថាក្នុងការ​អនុវត្ត​គម្រោង​ឆ្នាំ2018នេះ ក្រសួងគ្រោង​ចំណាយ​ថវិកា28.706.658.000រៀល (ម្ភៃ​ប្រាំបី​ប៊ី​លាន ប្រាំពីរ​រយ​ប្រាំមួយ​លានប្រាំមួយរយ​ហាសិប​ប្រាំបី​ពាន់​​រៀល)ក្នុងនោះ​ឧបត្ថម្ភ​ធន​ដោយផ្ទាល់​ដល់​កសិករ​ផលិត​បន្លែ​ចំនួន 1.888.000.000រៀល(មួយ​ប៊ី​លាន ប្រាំបី​រយ​ប៉ែតសិប​ប្រាំបី​លាន​រៀល) និង​ឧបត្ថម្ភ​ធន​ដោយផ្ទាល់​ដល់​ស្ថានីយ​ផលិត​ពូជស្រូវ និង​សហគមន៍​កសិកម្ម​ផលិត​ពូជស្រូវ និង​ស្រូវ​ហូបចំនួន 11.700.000.000រៀល(ដប់​មួយ​ប៊ី​លាន ប្រាំពីរ​រយ​លាន​រៀល)។

គម្រោង​នេះ​នឹង​បន្តធ្វើ​លទ្ធកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ផ្នែក​បន្លែ ស្រូវផ្តល់​ការបណ្តុះបណ្តាល​គ្រូ​បង្គោល និង​បច្ចេកទេស​ដល់​ក្រុម​ផលិត និង​សហគមន៍​កសិកម្ម​គាំទ្រ​ដល់​ក្រុម​ផលិត​បន្លែ​បន្ថែម និង​កសិករ​ដែល​កំពុង​សហការ​ជាមួយ​គម្រោង បន្ត​ជួយ​គាំទ្រ​ដល់​សហគមន៍​ផលិត​ពូជស្រូវ​ក្រអូប បន្ត​ជួយ​គាំទ្រ​សហគមន៍​ផលិត​ស្រូវ​ហូប បង្កើត​សហគមន៍ថ្មីៗដើម្បី​គាំទ្រ​ផលិតកម្ម​ស្បៀងបន្ត​គាំទ្រ​ផ្នែក​ទីផ្សារ​ដល់​កសិករ​ផលិត​បន្លែ និង​សហគមន៍​ផលិត​ស្រូវពូជ​និង​ស្រូវ​ហូប និង​សម្រាប់​ផ្តល់​ការបណ្តុះបណ្តាល​ពិសោធ​ន៍ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​បច្ចេកទេស​លើ​ដំណាំ​កសិកម្ម។

លោក ប៊ុន ទួន​ស៊ី​ម៉ូ​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល បាន​ប្រាប់​ឱ្យដឹងថា សម្រាប់​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​រយៈពេល3ឆ្នាំ(2016-2018) ដែល​អនុវត្ត​សម្រាប់​ខេត្ត​ចំនួន11 ដែល​ក្នុងនោះ​មាន​ខេត្តកណ្តាល​ផងដែរ​នោះ ទូទាំង​ខេត្ត​មានស្រុក​ចំនួន6 ដែល​បាន​អនុវត្ត​ផ្តោតលើ​ផលិតកម្ម​បន្លែ និង​ផលិតកម្ម​ស្រូវ​ក្រអូប ហើយ​កាលពី​ឆ្នាំ2017មន្ទីរ​បាន​ចងក្រង​ក្រុម​កសិករ​ផលិត​បន្លែ​សុវត្ថិភាព​បាន​ចំនួន 14ក្រុម ស្មើនឹង184គ្រួសារ។

រីឯ​ផ្នែកផលិតកម្ម​ស្រូវពូជ​មាន 1សហគមន៍​ដែលមាន​ផ្ទៃដី​ផលិត 30,1ហិកតា មាន​សមាជិក 31នាក់ និង​ផលិត​បាន120តោនហើយ​ផលិតកម្ម​ស្រូវ​ហូប​មាន 2សហគមន៍ ស្មើនឹង 50គ្រួសារ និង​មាន​ផ្ទៃដី67ហិកតា ដែល​ទទួលបាន​ផល 284តោន​ជា​ស្រូវ​សែន​ក្រអូប។ ចំណែក​ក្នុង​ឆ្នាំ2018នេះ យើង​បានជ្រើសរើស​ចងក្រង និង​គាំទ្រ​ក្រុម​ផលិត​បន្លែ​ចំនួន 13ក្រុម​មាន​សមាជិក 2013គ្រួសារ​បន្ថែមទៀត ពង្រីក​សមាជិក​សហគម​ន៍​ស្រូវពូជ​បន្ថែមចំនួន 17នាក់ ពង្រីក​ផ្ទៃដី​ចំនួន 25ហិកតា​បន្ថែម និង​ពង្រីក​សមាគម​ស្រូវ​ហូប​បន្ថែម​បាន​ចំនួន2 ស្មើនឹង 481គ្រួសារ និង​ពង្រីក​ផ្ទៃដី​បន្ថែមចំនួន 658,82ហិកតា៕

Advertisement