វិនិយោគិន​ខេត្ត​សៀង​ហៃ នឹង​មក​វិនិយោគ​វិស័យ​ថាមពល​នៅ​កម្ពុជា

ក្នុងទិសដៅ​លើកកម្ពស់​វិស័យ​ថាមពល​នៅ​កម្ពុជា ក្រុម​អ្នកវិនិយោគ​ខេត្ត​សៀង​ហៃ ប្រទេស​ចិន​គ្រោង​ចូលមក​បោះទុន​ដំឡើង​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម និង​ប្រព័ន្ធ​ផ្កាយរណប​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ និង​ចូលរួម​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​កាន់តែ​ប្រសើរឡើង។

Advertisement

លោក លាំង សាន  (Liang Shan) អនុប្រធាន​ក្រុមហ៊ុន Shanghai Electronic Communication Technology Co., Ltd បាន​លើកឡើងថា ក្រុមហ៊ុន​របស់លោក​មា​ន​ឯកទេស​ខាង​ដំឡើង​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូងថ្ម​ជាមួយ​បច្ចេកវិទ្យា​ទំនើប​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដោយ​លក្ខណៈពិសេស​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ផ្កាយរណប​ដែល​អាច​ចាប់​រូបភាព និង​បញ្ជូន​ទិន្នន័យ​ឆ្លងកាត់​ទ្វីប​និង​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក។ តំណាង​ក្រុមហ៊ុន​ទាំង2 បាន​ស្នើសុំ​ក្រសួងពាណិជ្ជកម្ម ជួយ​គាំទ្រ​គម្រោង​វិនិយោគ​នេះ ដើម្បី​បង្កើន​ទំហំ​វិនិយោគ​រវាង​ខេត្ត​សៀង​ហៃ និង​ប្រទេស​កម្ពុជា។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​សម្តែង​ការគាំទ្រ​ខ្លាំង​ចំពោះ​គម្រោង​ការវិនិយោគ​ខាងលើ និង​បាន​សន្យា​ជួយ​សម្របសម្រួល​គម្រោង​ទាំងនេះ​ឱ្យ​លេច​រូបរាង​ឡើង​នាពេល​អនាគត។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ទៅកាន់​តំណាង​ក្រុមហ៊ុន​ខាងលើ ធ្វើការ​សិក្សា​អំពី​លក្ខណៈ​ភូមិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា និង​សក្តានុពល​អតិថិជន​ឱ្យបាន​ច្បាស់ ដើម្បី​រៀបចំ​សំណើ​វិនិយោគ​ផ្លូវការ ដាក់ជូន​រាជរដ្ឋាភិបាល​កម្ពុជា៕

Advertisement