កម្ពុជា-ថៃ ឯកភាពគ្នា​ប្រើ QR Code លើ​ប្រតិបត្តិ​ការផ្ទេរ​ប្រាក់រៀល និង​ប្រាក់​បាត

លោកជំទាវ ជា សេរី អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ធនាគារជាតិ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ជួបពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Chantavarn Sucharitakul ឧបការី​ទេសាភិបាល​ធនាគារកណ្តាល​ថៃ ស្តីពី​គម្រោង​ពង្រឹង​ការប្រើប្រាស់​រូបិយវត្ថុ​ជាតិ (ប្រាក់រៀល​ខ្មែរ និង​ប្រាក់​បាត​ថៃ) ចំពោះ​ប្រតិបត្តិការ​ផ្ទេរប្រាក់​ឆ្លងកាត់​ព្រំដែន។

ការពិភាក្សា​ផ្តោតលើ​គម្រោង​រួមគ្នា​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ប្រព័ន្ធ QR Code ដែលជា​ជំហាន​ដំបូង​សម្រាប់​ការទូទាត់​ជាទូទៅ ដូចជា​ការទូទាត់​រប​ស់​ភ្ញៀវទេសចរ​របស់​ប្រទេស​ទាំង2 និង​បន្ទាប់មក​នឹង​បង្កើន​វិសាលភាព​ដល់​ការផ្ទេរ​ប្រាក់​របស់​កម្ម​ករ និង​ការទូទាត់​ក្នុង​ពាណិជ្ជកម្ម និង​វិនិយោគ។
ការប្រើប្រាស់ QR Code នឹង​អនុញ្ញាតឱ្យ​ប្រជាជន​កម្ពុជា​ដែលមាន​គណនី​ជា​ប្រាក់រៀល ទទួលបាន​ផលចំណេញ​ជាច្រើន ដូចជា​អាចធ្វើ​ការទូទាត់​ចេញពី​គណនី​ជា​ប្រាក់រៀល​របស់ខ្លួន​សម្រាប់​ចំណាយ​ទិញ​ទំនិញ ឬ​ទូទាត់​ចំណាយ​នានា ដូចជា​សេវា​ព្យាបាល​ជាដើម នៅលើ​ទឹកដី​ថៃ​ដោយ​ងាយស្រួល សុវត្ថិភាព និង​ចំណាយ​តិច​បំផុត បើ​ធៀប​ទៅនឹង​ការ​ប្តូរប្រាក់ និង​ការ​កាន់​សាច់ប្រាក់​បាត​ទៅ​ចាយ​លើ​ទឹកដី​ថៃ។ ដូច្នេះ​ប្រជាជន​កម្ពុជា នឹងមិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​ការ​ប្តូរប្រាក់​ដែល​ពេលខ្លះ​អាច​ទទួលរង​នូវ​ការខាតបង់​ពី​ការ​ប្តូរប្រាក់​ពេលធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ ហើយ​អាចធ្វើ​ការចំណាយ​ដោយ​មិនចាំបាច់​ព្រួយបារម្ភ​ពី​ការបាត់បង់ និង​ខ្វះខាត​ប្រាក់​បាត​ថៃ​នៅពេល​ដែលមាន​គណនី​ជា​ប្រាក់រៀល​នៅ​កម្ពុជា​ទៀតផង។

លើសពីនេះ ការប្រើប្រាស់ QR Code ក៏​នឹង​អាច​អនុញ្ញាតឱ្យ​ពាណិជ្ជករ​ទូទាត់​ថ្លៃទំនិញ​ឱ្យ​គ្នា​ដោយផ្ទាល់ ដោយ​មិនចាំបាច់​ធ្វើការ​ប្តូរប្រាក់​នៅតាម​ភ្នាក់ងារ​ប្តូរប្រាក់​នានា​ឡើយ ចំណែកឯ​កម្មករ​កម្ពុ​ជា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ក៏​នឹង​អាច​ផ្ទេរប្រាក់​ទៅ​គ្រួសារ​របស់ខ្លួន​តាមរ​យៈ​ប្រព័ន្ធ​នេះ​ជាមួយនឹង​ការចំណាយ​ទាប និង​មាន​សុវត្ថិភាព​បំផុត។

គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាមរយៈ QR Code នឹង​ក្លាយជា​កម្លាំងចលករ​មួយទៀត ចំពោះ​ការលើកទឹកចិត្ត​ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​គណនី​ជា​ប្រាក់រៀល ដោយ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ទាំង​ក្នុងស្រុក និង​នៅក្រៅ​ស្រុក ស្របតាម​គោលនយោបាយ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា។ ម្យ៉ាងទៀត​ការប្រើប្រាស់ QR Code ជាមួយនឹង​គណនី​ជា​ប្រាក់រៀល នឹង​ជួយ​បង្កើន​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ផ្លូវការ ដែល​ធ្វើឱ្យ​ការចំណាយ​លើ​ប្រតិបត្តិការ​មានតម្លៃ​ទាប ងាយស្រួល និង​មាន​សុវត្ថិភាព ជាពិសេស​ចំពោះ​ប្រតិបត្តិការតូចៗរបស់​ប្រជាជន​ក្រីក្រ និង​ថ្នាក់កណ្តាល៕

Advertisement