ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​កំណើន​លូតលាស់​រឹងមាំ

វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក​បាន​បន្ត​កំណើន​យ៉ាងខ្លាំង​ដែលថ្មីៗនេះ​ធនាគារជាតិ​នៃ​កម្ពុជា (NBC = National Bank of Cambodia) បានបង្ហាញ​ពី​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs)ដែល​កំពុង​ត្រូវបាន​មើលឃើញថា កំណើន​ឥណទាន និង​ប្រាក់​បញ្ញើ​មាន​កំណើន​លូតលាស់​រឹងមាំ​នៅ​ឆមាស​ទី1 ឆ្នាំ2018។ នេះ​បើ​យោងតាម​របាយការណ៍​ពាក់កណ្តាល​ឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ។

បច្ចុប្បន្ននេះ​មាន​គណនី​ប្រាក់​បញ្ញើ 5.6 លាន​នៅក្នុង​ធនាគារពាណិជ្ជ និង​MDI និង​គណនី​ប្រាក់កម្ចី 2,6 លាន​នៅក្នុង​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ នៅក្នុង​ធនាគារពាណិជ្ជ​ និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ​MDIs(Microfinance Deposit-taking Institutions)ប្រាក់​បញ្ញើ​បាន​កើនឡើង22% ដែលមាន​ចំនួន​ច្រើនជាង 21ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់កម្ចី​កើនឡើង18,8%ស្មើនឹង​ជិត22,5ពាន់​លាន​ដុល្លារ។ទន្ទឹមនឹងនោះ ក្នុង​វិស័យ​ធនាគារ​ប្រាក់កម្ចី​ភាគច្រើន​បាន​លក់រាយ(17,4%)លក់ដុំ(11,7%)សំណង់(9,9%) និង​កសិកម្ម ព្រៃឈើ និង​ជលផល(9,8%)។

របាយការណ៍​ក៏បាន​បញ្ជាក់ដែរថា ប្រាក់កម្ចី​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង 4.85 ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ2018 ពោលគឺ​កើនឡើង34.2%។ ប្រជាជន​កម្ពុជា​រហូត​ដល់ 1.8លាន​នាក់​បាន​ខ្ចីប្រាក់​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​ចំណុច​ខ្លះ​អំឡុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ។ ប្រាក់កម្ចី​ភាគច្រើន​ត្រូវបាន​យកចេញ​ដោយ​សហគ្រិនតូចៗនៅក្នុង​វិស័យ​កសិកម្ម (23.8%) ពាណិជ្ជកម្ម(18.2%) សេវាកម្ម (10.3%)ការដឹកជញ្ជូន(4.7%) និង​សំណង់(4.3%)។

របាយការណ៍​នេះ​បានឱ្យដឹង​ទៀតថា “គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានធ្វើឱ្យ​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន​មាន​លក្ខណៈ​ចម្រុះ​បែប​ជាមួយ​សេវា​ផ្ទេរប្រាក់​ធនាគារ​ចល័ត សេវា​អេ​ធី​អឹម និង​សេវា​ធានារ៉ាប់រង​ខ្នាតតូច”។ ការគ្រប់គ្រង​ប្រាក់កម្ចី​នៅតែមាន​ប្រសិទ្ធភាព​ដោយសារតែ​កម្រិត​នៃ​ប្រាក់កម្ចី​មិន​ដំណើរការ​គឺមាន​កម្រិត​ទាប 3.1 ភាគរយ​សម្រាប់​ធនាគា​រ និង5ភាគរយ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​កើនឡើង17.5%(ឆ្នាំ​លើ​ឆ្នាំ)ដល់149ទ្រី​លាន​រៀល ដែល​គាំទ្រ​ដោយ​កំណើន​មូលនិធិ​កម្ចីដើមទុន​របស់​គ្រឹះស្ថាន និង​ប្រាក់​បញ្ញើ​របស់​អតិថិជន។ មូលនិធិ​កម្ចី​បាន​កើនឡើង29% ដល់15.8ទ្រី​លាន​រៀល ដើមទុន​មាន​កំណើន23.3% ដល់17.5ទ្រី​លាន​រៀល ប្រាក់​បញ្ញើ​របស់​អតិថិជន21.9%ដល់86.6ទ្រី​លាន​រៀល និង​ឥណទាន​កើនឡើង18.8% ដល់90.8ទ្រី​លាន​រៀល។ ទន្ទឹមនឹងនេះ​ចំនួន​គណនី​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់5.6លាន​គណនីហើយ​គណនី​ឥណទាន​មាន​ចំនួន 2.6លាន​គណនី។

ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​ការកើនឡើង​នៃ​តម្រូវការ​ពី​ប្រជាជន​កម្ពុជា​បាន​ជំរុញ​ឱ្យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​អភិវឌ្ឍ និង​ធ្វើឱ្យ​ប្រសើរឡើង​ដោយ​ការបង្កើត​សាខា​បន្ថែម​សេវាកម្ម​ជាច្រើន​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​នៃ​ផលិតផល និង​ប្រតិបត្តិ​ការបង្កើន​សាច់ប្រាក់ និង​ពង្រឹង​អភិបាលកិច្ច​ល្អ។ នេះ​ជាការ​ឆ្លុះបញ្ចាំង​ថា គ្រឹះស្ថាន​មីក្រូ-ហិរញ្ញវត្ថុ និង​វិស័យ​ធនាគារ​នៅតែ​បន្ត​បង្ហាញ​ពី​កំណើន​ដ៏​រឹងមាំ និង​មាន​សុខភាព​ល្អ​ដែល​ឆ្លុះបញ្ចាំង​ពី​ការពិត​ដែលថា មាន​ដើមទុន និង​សាច់ប្រាក់​គ្រប់គ្រាន់។

លោកជំទាវ ជា សិរី អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែងថា ហានិភ័យ​នៅក្នុង​ឧស្សាហកម្ម​ធនាគារ​ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​បានធ្វើ​ឱ្យមាន​កំណើន​យ៉ាងរឹងមាំ។

លោកជំទាវ ជា សិរី អគ្គនាយិកា​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​

លោកជំទាវ​បានមានប្រសាសន៍ថា៖ “បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​តុល្យភាព​នៃ​ការទូទាត់​ប្រាក់​លើសពី 289.4 លាន​ដុល្លារ ឬ2.4% នៃ​ផលិតផល​ក្នុងស្រុក​សរុប​ដែល​ទាប​ជាង​កាលពី​ឆ្នាំមុន​នៅពេល​វា​មាន​ចំនួន 8.5% នៃ​ផលិតផល​ក្នុងស្រុក​សរុប”។

ទោះជា​ឱនភាព​គណនី​ចរន្ត​បាន​កើនឡើង​ពី 8.4 ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ផ.ស.ស​ក្នុងអំឡុង​ពាក់កណ្ដាល​ទីមួយ​នៃ​ឆ្នាំ2017 ដល់9.5ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (1.1 ពាន់​លាន​ដុល្លារ)នាពេល​បច្ចុប្បន្ន​ក្ដី ក៏​លំហូរ​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង28.4% ដែរ​ក្នុងអំឡុងពេល 6ខែ​ដំបូង​នៃ​ឆ្នាំនេះ។

បច្ចុប្បន្ន​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ2018 ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ព្រមទាំង​គ្រឹះស្ថាន​ឥណទាន​ជនបទ​នៅ​កម្ពុជា​សរុប​មាន​ចំនួន433។ ក្នុង​របាយការណ៍​បញ្ជា​ក់ថា បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​ធនាគារ54 រួមមាន ធនាគារពាណិជ្ជ39(ធនាគារ​បរទេស12 ធនាគារ​ក្នុងស្រុក12 និង​បុត្រ​សម្ព័ន្ធ​ធនាគារ 15) រួមទាំង​ធនាគារ​ឯកទេស​ចំនួន15(ធនាគារ​រដ្ឋ1)។ ចំណែក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ មាន​ចំនួន​សរុប 379 ក្នុងនោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​មាន 7ស្ថាប័ន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ 70ស្ថាប័ន និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន 302ស្ថាប័ន។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានធ្វើ​ប្រតិបត្តិការគ្រប​ដណ្តប់​ទូទាំង​រាជធានី-ខេត្ត​ដោយមាន​ការិយាល័យ​សរុប​ចំនួន1,375កន្លែង និង​បានផ្តល់​ការងារ​ដល់​បុគ្គលិក​ចំនួន32,171នាក់។

បន្ថែម​ពីលើ​នេះ បណ្តាញ​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ នៅតែ​បន្ត​ពង្រីក​នៅតាម​តំបន់​នានា ជាពិសេស​តំបន់​ជនបទ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​យន្តការ​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ និង​កម្រិតជីវភាព​ប្រជាជន និង​បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន​ក្នុងការ​ប្រកប​អាជីវកម្ម​ប្រចាំថ្ងៃ។ ជាក់ស្តែង​សព្វថ្ងៃនេះ គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ មាន​សាខា​រហូត 2,262កន្លែង និង​ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ​អេ​ធី​អឹម (ATM) ចំនួន1,910ម៉ាស៊ីន៕

Advertisement