ស្ថាប័នចំនួន2 រួមគ្នា​អភិវឌ្ឍ​វិស័យ​សូត្រ

រាជបណ្ឌិត្យសភាកម្ពុជា ឬ​RAC (the Royal Academy of Cambodia ) និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ឬ​RUPP(Royal Univercity ofPhnomPenh)បាន និង​កំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដាច់​ដោយឡែក​ពីគ្នា តែមាន​ទិសដៅ​ក្នុងការ​អភិវឌ្ឍ​វិស័យ​សូត្រ​ក្នុងស្រុក​តែមួយ ដើម្បី​ពង្រីក​ចង្វាក់​ផលិតកម្ម និង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​សំដៅ​លើកកម្ពស់​វិស័យ​ឧស្សាហកម្ម​សូត្រ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

រាជបណ្ឌិត្យសភាកម្ពុជា (RAC)និង​សាកលវិទ្យាល័យ​កសិកម្ម​ចិន​ខាងត្បូង (SCAU) The South China Agricultural University នឹង​ចាប់ផ្តើម​សហការ​ក្នុងការ​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​កសិករ ដើម្បី​បង្កើន​វិស័យ​សិប្បកម្ម​ក្នុង​តំបន់ ដែលជា​ដំបូង​គោលដៅ​នៃ​កិច្ចសហការ​នេះគឺ​ដើម្បី​ព្រាង​ឯកសារ​មួយ​ដែលមាន​ព័ត៌មាន​ទូលំទូលាយ​អំពី​ឧស្សាហកម្ម​សរីរាង្គ​សូត្រ​ក្នុងស្រុក។

បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជបណ្ឌិត្យសភាកម្ពុជា​នឹងធ្វើ​ការ​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សេវាកម្ម​ចិញ្ចឹមសត្វ​សម្រាប់​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក​របស់ RSTCAP (Regional Sericulture Training Centre for Asia-Pacific)។ “គោលដៅ​របស់​យើង គឺ​ប្រើប្រាស់​បច្ចេកវិទ្យានិង​វិទ្យាសាស្ត្រ​កែលម្អ​វិធីសាស្ត្រ​បុរាណ ដើម្បី​ផលិត​សូត្រ នឹង​រៀបចំ​ចងក្រង​​ឯកសារ​ស្រាវជ្រាវ​នានា​អំពី​ផលិតកម្ម​សូត្រ សម្រាប់​ផ្តល់​ជា​ធាតុ​ចូលដល់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ អ្នកសិក្សា ជាពិសេស​ប្រជាកសិករ​ខ្មែរ​ទូទៅ‟។

បណ្ឌិតសភា​ចា​រ្យ សុខ ទូច

លោក​បណ្ឌិត​បានឱ្យដឹង​ថា៖ “យើង​នឹង​បញ្ចូល​ទ្រឹស្តី និង​ការអនុវត្ត​ក្នុង​ឯកសារ​មួយ​ដែល​នឹងត្រូវ​ប្រើប្រាស់​ដោយ​មន្ត្រី​រដ្ឋាភិបាល និង​កសិករ‟។ នៅលើ​ផ្ទៃដី​ប្រហែល1,000ហិកតា​នៅក្នុង​ឧទ្យាន​តេ​ជោ​សែន​ឫស្សី​ត្រពាំង ខេត្តព្រះវិហារ​នឹង​ត្រូវបាន​បម្រុង​ទុក​សម្រាប់ RSTCAP-SCAU ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ធ្វើ​សិក្ខាសាលា​សម្រាប់​កសិករ​កម្ពុជា។ យើង​ក៏​នឹង​ផ្តល់​ការបណ្តុះបណ្តាល និង​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​កសិក​រ ហើយ​យើង​នឹង​ជួយ​ឱ្យ​ពួកគេ​រក​ទីផ្សារ​សម្រាប់​ផលិតផល​របស់​ពួកគេ ព្រោះនេះ មិនមែន​ត្រឹមតែ​ផ្តល់នូវ​អត្ថប្រយោជន៍​ជូន​ដល់​ស្ថាប័ន និង​កសិករ​ទូទៅ​ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជុំវិញ​កសិដ្ឋាន​ចិញ្ចឹម​កូន​នាង​ផងដែរ។

សាស្ត្រាចារ្យ លីវ ជី ភីង (Dr. Liu Ji Ping)នាយក​ស្តីទី​នៃ​មជ្ឈមណ្ឌល RSTCAP បាន​ថ្លែងថា​ការកាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការធ្វើ​ចម្ការ​ដង្កូវនាង។ ឧស្សាហកម្ម​សូត្រ​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា។ “សូត្រ​ដើម​មានតម្លៃ​សេដ្ឋកិច្ច​ខ្ពស់ ហើយ​មានន័យថា ប្រាក់ចំណូល​បន្ថែម​សម្រាប់​សហគមន៍​ជនក្រីក្រ​ជាច្រើន”។

លោក​មានប្រសាសន៍​បន្ថែ​ម​ថា សូត្រ​លើកកម្ពស់​ការអភិវឌ្ឍ​រួម​នៃ​វិស័យ​កសិកម្ម​ក៏ដូចជា​ឧស្សាហកម្ម​ធុន​ស្រាល​ក្នុងស្រុក និង​ជួយ​ពង្រីក​ពាណិជ្ជកម្ម។ ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែលមាន​ប្រពៃណី​មួយ​ដែលមាន​ដី​ច្រើន និង​មាន​កម្លាំង​ពលកម្ម​ដ៏​ធំ ជំហាន​ដំបូង គឺ​អប់រំ និង​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម។ “ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ យើង​នឹង​ផ្តល់​ការបណ្តុះបណ្តាល ក៏ដូចជា​កសាង​កសិដ្ឋាន​ធ្វើការ​ផ្គត់ផ្គង់​ដង្កូវនាង ដើម​ម៉ៃ​ស្លុង និង​គាំទ្រ​ដល់​ទិដ្ឋភាព​ផ្សេងទៀត​នៃ​ដំណើរការ” ។

ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​អះអាង​ដែរ​ថា៖ “រាជបណ្ឌិត្យសភាកម្ពុជា សុខចិត្ត​ខាតបង់ ប្រសិនបើ​ពេល​សិក្សា​ស្រាវជ្រាវ​ដំណើរការ​មិនល្អ តែ​មិន​អាចឱ្យ​ប្រជាពលរដ្ឋ ត្រូវ​បរាជ័យ​លើ​វិស័យ​ផលិតកម្ម​សូត្រ​នេះ​ទេ”។ សរសៃសូត្រ មាន​សារៈសំខាន់ និង​បាន​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ។ សរសៃសូត្រ​បានក្លាយ​ជា​ចំណែក​មួយ​ក្នុង​ការលើកតម្លៃ​សម្លៀកបំពាក់​ប្រពៃណី​របស់​ខ្មែរ”។

លោក​បណ្ឌិត​មានប្រសាសន៍ថា “នៅពេល​គេ​និយាយ​អំពី​សរសៃសូត្រ គឺ​ធ្វើឱ្យ​យើង​នឹកឃើញ​ភ្លាម​ពី​សម្លៀកបំពាក់​ដែល​ផលិត​ពី​សរសៃសូត្រហើយ​ប្រភេទ​សម្លៀកបំពាក់​ធ្វើ​ពី​សរសៃសូត្រ ត្រូវបាន​ចាត់ទុកជា​ប្រភេទ​សម្លៀកបំពាក់​ប្រណីត និង​មានតម្លៃ​ថ្លៃ”។

ដោយឡែក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដង្កូវនាង​ផលិត​សូត្រ​ខ្មែរ​ដំបូង​នៅ​កម្ពុជា គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​ក្នុងពេលឆាប់ៗនេះ។ គម្រោង​នេះ បាន​សាងសង់​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ប្រមាណ 9ម៉ឺន​ដុល្លារ ដែល​បច្ចុប្បន្ន​បាន​សាងសង់​រួច​ប្រមាណ​ជា 85%ហើយ។

លោក​បណ្ឌិត ម៉ី កល្យាណ ជា​អ្នកដឹកនាំ​គម្រោង និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ-​ភូមិន្ទ​ភ្នំពេញ លើកឡើងថា ការបង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នេះ​នឹង​ជួយ​លើកស្ទួយ​ជីវភាព​កសិករ ជាពិសេស​ស្ត្រី​ខ្មែរ​ដែល​កំពុង​ប្រកប​របរ​ត្បាញ​សូត្រ ម្យ៉ាងទៀត​ដោយសារ​ប្រទេសធំៗធ្លាប់​ផលិត​សូត្រ ដូចជា ជប៉ុន កូរ៉េ ចិន និង ថៃ ជាដើម គេ​លែង​ធ្វើ ហើយ​ងាក​ទៅរក​ផលិតកម្ម​ផ្សេង​ដែល​ចំណេញ​ច្រើនជាង​ព្រោះ​តម្លៃ​ពលកម្ម​ខ្ពស់។ វា​ជា​ឱកាស​សម្រាប់​ខ្មែរ​យើង ដែល​ត្រូវតែ​ធ្វើ​ឧស្សាហ​កម្មនេះ​ឱ្យបាន ព្រោះ​យើង​នៅមាន​តម្លៃ​ពលកម្ម​ទាប។

លោក​បណ្ឌិត ម៉ី កល្យាណ

លោក​បណ្ឌិត ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថាគម្រោង​សាងសង់​បានទទួល​ជំនួយ​ធំ​ពី​រដ្ឋាភិបាល​ជប៉ុន ប៉ុន្តែ​ក្នុងនោះ​ក៏មាន​ការចំណាយ​ពី​សាកលវិទ្យាល័យ​ផងដែរ។ យើង​រំពឹងថា មជ្ឈមណ្ឌល​នេះ​នឹងមាន​ចំណែក​ចូលរួម​អភិវឌ្ឍ​សហគមន៍​មូលដ្ឋានព្រោះ​យើង​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​សម្រាប់​ការងារ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​សូត្រ​នេះ យើង​មាន​ផ្ទៃដី​ដាំ​ដើម​មន​ប្រមាណ 11ហិកតា​នៅ​ខេត្តកំពង់ស្ពឺ និង​មាន​រោង​សម្រាប់​ចិញ្ចឹម​ដង្កូវនាង​ដែល​ទើប​ចាប់ផ្តើម​ដំណើរការ តែ​អ្វីដែល​សំខាន់​ទៀត​នោះ គឺ​យើង​ត្រូវការ​ការចូលរួម​ពី​សហគមន៍​មូលដ្ឋាន​ផងដែរ។

សូមបញ្ជាក់ថា វិស័យ​សូត្រ​របស់​កម្ពុជា​ស្ទើរតែ​ផុត​ជីវិត​ទៅហើយ ដោយសារតែ​វា​ត្រូវបាន​គេ​ទុកចោល​មិន​អភិវឌ្ឍ ហើយ​មានតែ​កសិករ​តិចតួច​ប៉ុណ្ណោះ​ដែល​នៅតែ​បន្ត​កិច្ច​ការដាំដុះ​មក​សម្រាប់​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ។ ជាមួយគ្នានេះ​កម្ពុជា​បាន​នាំចូល​សូត្រ​យ៉ាងហោចណាស់ 400តោន​ក្នុង​មួយឆ្នាំ​ដែលមាន​តម្លៃ​ប្រមាណ 30លាន​ដុល្លារ៕

Advertisement