កម្ពុជា​កំពុង​អភិវឌ្ឍ​ពី​ប្រទេស​ខ្វះ​ស្បៀង ក្លាយជា​ប្រទេស​ផលិត​ស្បៀង​លើស​តម្រូវការ

ប្រទេស​កម្ពុជា​នៅតែ​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​ស្នូល​នៃ​ខឿនសេដ្ឋកិច្ច​ជាតិ ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែលមាន​អំណោយផល​ខាង​កសិកម្ម ស្រប​នឹង​ទិសដៅ​គោលនយោបាយ​ឆ្នាំ2014-2018នៃ​វិស័យ​កសិកម្ម ដែល​ត្រូវ​ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម​ឱ្យ​កើនឡើង​ក្នុង​រង្វង់5% ដែល​នឹង​បាន​ចូលរួមចំណែក​ប្រមាណ​ជា24,9% នៃ​ផលិតផល​ក្នុងស្រុក​សរុប(GDP)។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកឡើងថា កាលពី​ឆ្នាំ2017កម្ពុជា​នៅសល់​ស្រូវ​ជាង 5.5លាន​តោន គិត​ជា​អង្ករ​ស្មើនឹង​ជាង 3.5លាន​តោន​សម្រាប់​បម្រើឱ្យ​ការនាំចេញ ដែលជា​មោទនភាព​មួយ​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រែក្លាយ​ពី​ប្រទេស​ដែល​ខ្វះខាត​ស្បៀងអាហារ ទៅជា​ប្រទេស​ផលិត​ស្រូវ​លើស​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក។ នៅក្នុង​វិស័យ​កសិកម្ម​នេះ​ផងដែរ ផ្នែក​ដំណាំ​បាន​ចូលរួម​ចំនួន13% ផ្នែក​ផលិតកម្ម​សត្វ​ចំនួន2.6%, ផ្នែក​ជលផល5.5% និង​ផ្នែក​ព្រៃឈើ1.6% ។

ឯកឧត្តម​បន្ដថា៖ «ក្រៅពី​ផ្នែក​ដំណាំ ផ្នែក​ផលិតកម្ម​សត្វ​ក៏បាន​នឹង​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​វិស័យ​កសិកម្ម និង​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​ជនបទ​ផងដែរ។ «នេះ​គឺ​ដោយសារ​ការចូលរួម​ពី​គម្រោង​ដៃគូ​អភិវឌ្ឍន៍ ដែលជា​កម្លាំងចលករ​មួយ​ជួយ​ជំរុញ​ឱ្យ​វិស័យ​កសិកម្ម​សម្រេច​ទៅបាន​តាម​ទិសដៅ​កំណត់»។

លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានលើកឡើង​ដែរ​ថា ខេត្តសៀមរាប​ក្រៅពី​ជា​តំបន់​ទេសចរណ៍​ដែល​សម្បូរ​ដោយ​ប្រាង្គ​ប្រាសាទ​ជាច្រើន ពិសេស​ប្រាសាទអង្គរវត្ត​ដែល​ល្បីល្បាញ​លើ​ពិភពលោក​ហើយ​នោះ ខេត្ត​នេះ​ក៏មាន​សក្តានុពល​លើ​វិស័យ​កសិកម្ម​ផងដែរ។ «បច្ចុប្បន្ន​ខេត្តសៀមរាប មាន​កសិដ្ឋាន​ដាំ​ដុះ​បន្លែ​សរីរាង្គ និង​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជាច្រើន​ដែល​កំពុង​ផ្គត់ផ្គង់​ដល់​សេចក្ដីត្រូវការ​នៅតាម​សណ្ឋាគារ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន»។

គួរ​កត់សម្គាល់ថា សិក្ខាសាលា​នេះ​ត្រូវបាន​គាំទ្រ និង​រៀបចំ​ក្រោម​កិច្ចសហការ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​គំនិត​ផ្តួចផ្តើម​ស្តីអំពី​កិច្ចសហប្រតិបត្តិការ​ស្បៀង និង​កសិកម្ម​អាស៊ី ហៅ​កាត់ (អា​ហ្វា​ស៊ី-AFACI) នៃ​រដ្ឋបាល​ជនបទ​នៃ​សាធារណរដ្ឋ​កូរ៉េ។ ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ ចែករំលែក​ព័ត៌មាន និង​ចំណេះដឹង និង​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ជា​សមាជិក​ទាំង14 របស់​អា​ហ្វា​ស៊ី រួមមាន​ប្រទេស​កម្ពុជា សាធារណរដ្ឋ​កូរ៉េ គី​ហ្សី​ស្ថាន បង់​ក្លា​ដេ​ស ប៊ូ​តាន ហ្វីលីពីន ឥណ្ឌូនេស៊ី  នេ​ប៉ាល់ មី​យ៉ាន់​ម៉ា  ម៉ុង​ហ្គោ​លី ស្រីលង្កា ថៃ ឡាវ និង​វៀតណាម ។

លោក​បណ្ឌិត ហ្សឹ​ង ហ្សូ​លី ប្រធាន​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ​សត្វ​នៃ​រដ្ឋបាល​ជនបទ​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែងថា៖ «សិក្ខាសាលា​នាពេលនេះ​ពិតជា​ផ្តល់ឱកាស​ក្នុងការ​ចែករំលែក​លទ្ធ​ផល​ការងារ និង​ពិភាក្សា​លើ​ផែនការ​ការងារ​សម្រាប់​ឆ្នាំ​បន្ទាប់​លើ​គម្រោង​ចំនួន២ គឺ​បច្ចេកទេស​កសិកម្មសរីរាង្គ និង​ធនធាន​ហ្សេ​នេ​ទិ​ក​សត្វ»។ លោក​ថ្លែងថា៖ «អា​ហ្វា​ស៊ី ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ2009 ក្នុង​គោលបំណង​កែលម្អ​ផលិតកម្ម​ស្បៀង ពង្រឹង​ផលិតកម្ម​កសិកម្ម​ប្រកបដោយ​និរន្តរភាព និង​ជំរុញ​ការផ្លាស់ប្តូរ​បច្ចេកទេស និង​ព័ត៌មាន​រវាង​ប្រទេស​ជា​សមាជិក ដែល​ប្រទេស​កម្ពុជា គឺជា​សមាជិក​មួយ​ក្នុងចំណោម​សមាជិក​ដំបូង​គេ​រប​ស់អា​ហ្វា​ស៊ី»៕

Advertisement