ក្រុមហ៊ុន​សហគ្រាស ចុះបញ្ជី​ថ្មី​កើនឡើង​ជាង100%ក្នុង​ឆមាស​ទី1

ការចុះបញ្ជី​ក្រុមហ៊ុន​ថ្មី និង​ការិយាល័យ​ពាណិជ្ជកម្ម ព្រមទាំង​ការពង្រីក​សាខា​ក្រុមហ៊ុន​បរទេស​ក្នុង​ឆមាស​ទី1 ឆ្នាំនេះ បាន​កើនឡើង​រហូតដល់107,3%ដែលមាន​ចំនួន​សរុប4.534ក្រុមហ៊ុន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន គឺ​មានតែ​ចំនួន2.190ក្រុមហ៊ុន។ នេះ​បើតាម​ការ​ឱ្យដឹងពី​ក្រសួងពាណិជ្ជកម្ម។

របាយការណ៍​បាន​បង្ហាញថា​ដោយឡែក​ការចុះបញ្ជី​សហគ្រាស​ឯកបុគ្គល​ថ្មី​ក្នុង​ឆមាស​ទី1ឆ្នាំនេះ​មាន​ចំនួន​ជាង1ពាន់​សហគ្រាស(1.205)ប្រៀបធៀប​នឹងឆមាស​ទី1ឆ្នាំ2017មាន​ចំនួន478សហគ្រាស​គឺមាន​ការកើនឡើង152,09%។

ចំណែក​ការចុះបញ្ជី​លើ​ការកែប្រែ​របស់​ក្រុមហ៊ុន​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​និង​សាខា​ក្រុមហ៊ុន​បរទេស​ក្នុង​ឆមាស​ទី1ឆ្នាំ2018មាន​ចំនួន4.315ក្រុមហ៊ុន​ប្រៀបធៀប​ទៅ​ឆមាស​ទី1ឆ្នាំ2017ដែលមាន​ចំនួន3.342ក្រុមហ៊ុន​ គឺមាន​ការកើនឡើង​ដល់29,11%។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពា​ណិជ្ជកម្មបាន​មានប្រសាសន៍​ឱ្យដឹងថា៖ កំណើន​ការចុះបញ្ជី​ថ្មី​នៃ​ក្រុមហ៊ុន សហគ្រាស​ទាំងនេះ ដោយសារតែ​ប្រទេស​កម្ពុជា បាន​បើកទូលាយ​នូវ​ច្បាប់​វិនិយោគ គួបផ្សំ​ជាមួយ​បរិយាកាស​វិនិយោគ​ដ៏​ល្អប្រសើរ។

ឯកឧត្តម​បាន​បន្តថា៖“ប្រទេស​កម្ពុ​ជាមាន​លក្ខ​ខណ្ឌ​ពិសេស​ជាច្រើន ដែល​អនុញ្ញាតឱ្យ​ជនបរទេស​បោះទុន100% បង្កើត​ក្រុមហ៊ុន​នៅទីនេះ និង​មានច្បាប់​ព​ន្ធដា​មិនមាន​ភាព​ស្មុ​គស្មាញ​ជាដើម ”។

ក្រសួងពាណិជ្ជកម្ម​កាល​ពី​ឆ្នាំ2015 បានប្រកាស​ដាក់​ឱ្យដំណើរការ​ប្រព័ន្ធ​ចុះបញ្ជី​ថ្មី​តាម​ប្រព័ន្ធ​អុីន​ធើ​ណិត (អន​ឡាញ) ដែល​គិត​រហូត​មកទល់ពេលនេះ ការចុះបញ្ជី​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ និង​ល្អប្រសើរ​ជាង​មុន ដោយសារ​កាត់បន្ថយ​ការចំណាយ និង​ពេលវេលា​ធ្វើដំណើរ ដោយសារ មាន​ភាព​កកស្ទះ​នៃ​ចរាចរណ៍៕

Advertisement