ផ្អែកលើ​មូលដ្ឋាន​សំខាន់​ចំនួន4 ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ខ្ពស់

មូលដ្ឋានសំខាន់ៗចំនួន4 បាន​នាំឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​យ៉ាងរឹងមាំ​ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ។ នេះ​បើតាម​ការលើកឡើង​រប​ស់អគ្គ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំ​ដោយ​លោក ម៉ា​បុ​ប អា​មេ​ដ (Mr. Mahbub Ahmed)។

ក្នុងជំនួប​ជាមួយ​នាយក​ប្រតិបត្តិ​ជំនួស​ប្រចាំ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Alternate Executive Director) ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2018  ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ បាន​លើកឡើងថា កម្ពុជា​សម្រេចបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម​ក្នុង​កម្រិត 7.7% ក្នុង​មួយឆ្នាំ ហើយ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​រង្វង់​អត្រា7,2 ក្នុង​ឆ្នាំ2018នេះ ។

ឯកឧត្ដម​អគ្គបណ្ឌិត​បាន​បន្តថា កត្តា​នេះហើយ​ដែល​ធ្វើឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​សម្រាប់​ប្រជាជនម្នាក់ៗកើនឡើង​ជាង 7ដង ប្រមាណ​ជាង 200ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ1992 មក​ប្រមាណ​ជិត1,500ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2018នេះ ចំណែកឯ​អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី​ប្រមាណ50% ក្នុង​ឆ្នាំ1992 មក​នៅត្រឹម​រង្វង់13.5% ក្នុង​ឆ្នាំ2014 ទោះបី​ត្រូវ​ជួបប្រទះ​បញ្ហា​ប្រឈម និង​ហានិភ័យ​ពី​ខាងក្រៅ​មួយចំនួន​ក៏ដោយ។

ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ​ក៏បាន​បញ្ជាក់ដែរថា មូលដ្ឋាន​សំខាន់​មួយចំនួន4 ដែលនាំឱ្យ​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​យ៉ាងរឹងមាំ​នោះ​គឺ ៖

1- ការធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការបង្កើត​បរិយាកាស​អំ​ណោ​ច​ផល សម្រាប់​ការអភិវឌ្ឍ។

2- គោលនយោបាយ និង​កម្មវិធី​អភិវឌ្ឍ​ច្បាស់លាស់ ប្រកបដោយ​សង្គតិភាព និង​ការដាក់ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច ព្រមទាំង​ការពង្រឹង និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន​សាធារណៈ។

3- ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែល​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការ​គាំពារ​សង្គម។

4- ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច តាមរយៈ​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​ទាំង​ទីក្រុង និង​ជនបទ។

លោក ម៉ា​បុ​ប អា​មេ​ដ បានបញ្ជាក់​តប​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានបង្ហាញ​នូវ​ជោគជ័យ​ដ៏​ធំធេង​របស់​កម្ពុជា​ក្នុង​ការបន្ត​រក្សា និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព រក្សាបាន​នូវ​សមធម៌​សង្គម​ល្អប្រសើរ និង​កាត់បន្ថយ​ភាពក្រីក្រ និង​ជាពិសេស គឺ​រាជរដ្ឋាភិបាល​កម្ពុជា មាន​គោលនយោបាយ​ត្រឹមត្រូវ ច្បាស់លាស់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ៕

Advertisement