ចិញ្ចឹម​គោ​យក​ទឹកដោះ ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាង​ចិញ្ចឹម​គោ​យក​សាច់

ការប្រកប​របរ​កសិក​ម្ម ឬ​ការ​ចិញ្ចឹមសត្វ ទាមទារ​ឱ្យ​កសិករ​មាន​បច្ចេកទេស និង​ចេះ​បត់បែន​តាម​ទីផ្សារ ទើប​ទទួលបាន​ជោគជ័យ​លើ​ការងារ​របស់ខ្លួន។ ឧទាហរណ៍​ដូចជា​កសិករ​ម្នាក់ ដោយ​មើលឃើញថា ទឹកដោះគោ​ស្រស់​មាន​តម្រូវការ​កាន់តែច្រើនឡើងៗ នៅលើ​ទីផ្សារ បានធ្វើឱ្យ​គ្រួសារ​គាត់​ផ្អាក​ចិញ្ចឹម​គោ​យក​សាច់ ហើយ​ងាក​មក​ចិញ្ចឹម​គោ​យក​ទឹកដោះ​វិញ​ម្តង ដោយ​ទទួលបាន​ប្រាក់ចំណេញ​កើនឡើង​ទ្វេដង។

លោកពូ យុន វុត្ថា កសិករ​ចិញ្ចឹម​គោ​យក​ទឹកដោះ​នៅក្នុង​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​មានប្រសាសន៍ថា គ្រួសារ​លោកពូ​បាន​ចាប់យក​របរ​ថ្មី​តាមរយៈ​ការចិញ្ចឹម​គោ​យក​ទឹកដោះ​នេះ​អស់​រយៈពេល 5ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​ជីវភាព​បាន​ធូរធារ​ច្រើន រហូត​អាច​ផ្គត់ផ្គង់​កូន​ឱ្យ​រៀន​បាន​ខ្ពស់គ្រប់ៗគ្នា ហើយ​ថែមទាំង​សន្សំ​ប្រាក់​សង់ផ្ទះ​វីឡា​ស្រស់ស្អាត​មួយ​សម្រាប់​រស់នៅ​ទៀតផង។

លោក​ពូមានប្រសាសន៍ថា ដើមឡើយ​លោក​បាន​ទិញ​គោ​ញី​ចំនួន 1ក្បាល​ពី​អង្គ​ការដែល​គេ​ចិញ្ចឹម​នៅក្បែរ​ផ្ទះ​ក្នុងតម្លៃ 1,500ដុល្លារ ហើយ​បាន​យកមក​ចិញ្ចឹម​យក​ទឹកដោះ​សាកល្បង​ដំបូង។ គោមួយ​ក្បាល​នោះ​មានកូន​មួយ​រួចហើយ ហើយ​ត្រូវបាន​ម្ចាស់​ដើម(អង្គការ)កំពុង​ចិញ្ចឹម​យក​ទឹកដោះ​ស្រាប់​ផងដែរ។ លុះ​ពេល​ចិញ្ចឹម​ទៅ និង​អនុវត្តតាម​ការណែនាំរ​បស់​មន្ត្រី​ជំនាញ​អង្គការ​នោះ លោក​ក៏​ទទួលបាន​ជោគជ័យ ដោយ​ទទួលបាន​ផល​ទឹកដោះគោ​ស្រស់​លក់​រាល់ថ្ងៃ ហើយ​ខិតខំ​ចិញ្ចឹម​បន្ត​យក​ទឹកដោះគោ​ស្រស់​បណ្តើរ ថែបំប៉ន​ឱ្យ​វា​បង្កើតកូន​ឱ្យបាន​កាន់តែច្រើន​បន្ថែមបណ្តើរៗទៀត រហូតដល់​បាន​ចំនួន 10ក្បាល​មកទល់​សព្វ​ថៃ្ង ដោយ​ក្នុងនោះ​មាន​ញី 9ក្បាល និង​គោ​ឈ្មោល​បង្កាត់​ពូជ​តែ 1ក្បាល​ប៉ុណ្ណោះ។

លោក​ថា ការចិញ្ចឹម​គោ​យក​ទឹកដោះ​មាន​ភាពងាយស្រួល​ដូច​ការចិញ្ចឹម​យក​សាច់​ដែរ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​ចំណាយ​ប្រាក់​ទិញ​កន្ទក់​អង្ករ និង​កន្ទក់​ពោត​សម្រាប់​ឱ្យ​វា​ស៊ី​ប្រចាំថ្ងៃ ដើម្បី​បំប៉នកម្លាំង​របស់​វា។​ ក្នុង​មួយថ្ងៃ​គោមួយ​ក្បាល​ត្រូវ​ស៊ី​កន្ទក់​អង្ករ​អស់ 2គីឡូក្រាម សម្រាប់​ជំនួយ​សាច់ និង​ស៊ី​កន្ទក់​ពោត2គីឡូក្រាម​ផងដែរ​ដើម្បី​ជំនួយ​ឱ្យ​វា​មាន​ទឹកដោះ​ច្រើន ដោយ​សរុប​ប្រាក់​ចំណាយ​អស់​ប្រមាណ​ជា2ដុល្លារ​ក្នុង​មួយថ្ងៃ ប៉ុន្តែ​វា​អាច​ផ្តល់​ផល​ទឹកដោះ​មកវិញ​ច្រើន​ដែរ ដោយ​ក្នុង​មួយ​ក្បាល​ផ្តល់​ទឹកដោះស្រស់​ចំនួន 8លីត្រ​ជា​រៀងរាល់ថ្ងៃ ដែលមាន​ម៉ូ​យមក​ទិញ​ជាប្រចាំ​រាល់ថ្ងៃ​ដូចគ្នា ដោយ​លក់​បោះ​ដុំ​ក្នុង​មួយ​លីត្រ​ថ្លៃ 1ដុល្លារ ប៉ុន្តែ​បើ​លក់រាយ​មួយ​លីត្រ​ថ្លៃ 1.5ដុល្លារ ហើយ​មាន​ប៉ុន្មាន​ក៏​ម៉ូយ​យក​ទាំងអស់​ដែរ។

លោកពូ យុន វុត្ថា និងគ្រួសារ

លោក​ពូបានបន្តថា បច្ចុប្បន្ន​គ្រួសារ​លោក​ពូផលិត​ទឹកដោះគោ​មិនសូវ​បាន​ច្រើន​ទេ ដោយសារ​មាន​គោ​ចំនួន​តែ 4ក្បាល​ប៉ុណ្ណោះ​ដែល​ផ្តល់​ទឹកដោះ​ប្រចាំថ្ងៃ គោ​មួយចំនួនទៀត​ទើបនឹង​កើត​បាន​ជាង​មួយឆ្នាំ ដូច្នេះ​វា​មិនទាន់​អាច​ផ្តល់​ទឹកដោះ​បានឡើយ​ទើប​ជាហេតុ​ធ្វើឱ្យ​ការផ្គត់ផ្គង់​ទឹកដោះគោ​មិនមាន​ភាពទូលំទូលាយ​នៅលើ​ទីផ្សារ បានត្រឹមតែ​លក់​ឱ្យ​ម៉ូយ​តែ​ម្នាក់​ប៉ុណ្ណោះ នៅ​ផ្សា​របឹង​កេងកង​សម្រាប់​យក​ចែកចាយ​បន្ត និង​មួយចំនួនទៀត​លក់​ឱ្យ​អ្នក​ស្គាល់គ្នា នៅក្នុង​ភូមិ ឬ​អ្នក​ភ្នំពេញ​មក​ទិញ​ទុក​ហូប​ប្រចាំ​គ្រួសារ​របស់គេ សម្រាប់​ជំនួយ​កម្លាំង​ពិសេស​ជំនួយ​ដល់​ការលូតលាស់​ឆ្អឹង និង​ធ្វើឱ្យ​ឆ្អឹង​ឱ្យ​កាន់តែ​រឹងមាំ។

សម្រាប់​គោ​បង្កាត់​ពូជ​មកពី​ក្រៅប្រទេស​នេះ វា​មាន​សមត្ថភាព​ផ្តល់​ទឹកដោះ​បាន​ចំនួន 10ខែ​ក្នុង​មួយឆ្នាំ ដោយ​គិត​ចាប់ពី​វា​បង្កើតកូន​បាន​មួយខែ​កន្លះគេ​អាច​ច្របាច់​យក​ទឹកដោះ​រហូតដល់ 5ខែក្រោយហើយ​គេ​យក​វា​ទៅ​ដាក់​បា​សាជាថ្មី តែ​នៅតែ​អាច​ច្របាច់​យក​ទឹកដោះ​បន្តបាន 5ខែ​ទៀត​ទើប​ឈប់ដើម្បីឱ្យ​វា​ផលិត​ទឹកដោះ​ឱ្យបាន​ច្រើន​ទុក​ចិញ្ចឹម​កូន​ក្នុង​ពោះ​របស់​វា​ម្តង និង​រហូត​ទាល់តែ​វា​បង្កើតកូន​បាន​មួយខែ​កន្លះ​ម្ដងទៀត​ទើប​គេ​ចាប់ផ្តើម​ច្របាច់​យក​ទឹកដោះ​សាជាថ្មី។ កសិករ​ខាងលើ​បន្តថា សម្រាប់​ការចិញ្ចឹម​គោ​ជា​លក្ខណៈ​គ្រួសារ​នេះ​គេ​មិនចាំបាច់​ប្រើ​ប​ចេ្ច​ក​ទេស ឬ​ម៉ាស៊ីន​ច្របាច់​យក​ទឹកដោះ ដូច​កសិក​ដ្ឋា​នធំៗនោះទេ គឺ​គ្រាន់តែ​យកដៃ​ច្របាច់​បាន​ហើយ ប៉ុន្តែ​ត្រូវ​លាង​សម្អាត​ជាមុន​ដែរដោយ​ត្រូវ​សម្អាត​ទាំង​ដៃ​មនុស្ស សម្អាត​ទាំង​ដោះ​គោ ដើម្បី​ធានាថា វា​គ្មាន​មេរោគ​ឆ្លង​ទៅដល់​អ្នក​បរិភោគ។ សម្រាប់​អ្នក​បរិភោគ​ភាគច្រើន គេ​យកទៅ​ក្លាសេ​្សឱ្យ​ត្រជាក់​ហើយ​ទើប​ហូប ខ្លះទៀត​យកទៅ​ស្ទី​ម​ឱ្យ​ឆ្អិន​ជាមុនសិន​ទើប​ហូប​ជា​ក្រោយ ប៉ុន្តែ​យក​ល្អ គួរ​យកទៅ​ក្លាសេ​្សឱ្យ​ត្រជាក់​បាន​ហើយ ទើប​វា​នៅ​រក្សា​គុណភាព​ល្អ និង​ផ្តល់​វីតាមីន​បាន​ខ្ពស់។

លោកពូ វុត្ថា បាន​បន្ថែមទៀតថា ដោយសារ​គោ​ពូជ​ថ្មី​ដែល​គេ​យក​ពី​ស្រុក​ក្រៅ​មក​បង្កាត់​ជាមួយ​ពូជ​គោ​ក្នុងស្រុក​នេះ​អាចមាន​សមត្ថភាព​ផ្តល់​ទឹកដោះ​រាល់ថ្ងៃ ហើយ​អាច​លក់​សាច់​បាន​ទៀត​នៅពេលដែល​វាចា​ស់​ទៅ។ នៅពេល​គោ​ចាប់ផ្តើម​ដោយ​ឈ្មោល​ដំបូង គឺ​វា​អាច​ផ្តល់​ទឹកដោះ​បាន​ហើយ តែ​នៅបាន​ចំនួន​តិច​នៅឡើយ លុះដល់​វា​បានកូន2 ទើប​វា​មាន​ទឹកដោះ​ពេញលេញ ដោយ​គោមួយ​ក្បាល​អាច​ផ្តល់​ទឹកដោះ​បាន 8លីត្រ ព្រឹក 4លីត្រ និង​ល្ងាច 4លីត្រ​ហើយ​ផ្តល់​ទឹកដោះ​ឱ្យ​រហូតដល់​វា​កូន​លើក​ទី5 ឬ​កូន​ទី6 ទើប​វា​ថយ​ទឹកដោះ​ទៅវិញបណ្តើៗ នៅពេល​នោះគេ​អាច​លក់​វា​ចេញទៅ​ឱ្យ​ម៉ូយ​ដែល​ទិញ​យកទៅ​កាប់សាច់​លក់បាន​ហើយ។

លោកពូ​បាន​រំឭក​ឱ្យដឹងថា ដើមឡើយ​លោកពូ​ជា​អ្នករត់ម៉ូតូឌុប រក​ចំណូល​សឹងតែ​មិន​គ្រប់​ការចំណាយ​ប្រចាំថ្ងៃ​ផង ហើយ​ដោយសារ​ការចិញ្ចឹម​គោ​យក​ទឹកដោះ​នេះហើយ​ទើប​ធ្វើឱ្យ​គ្រួសារ​បាន​ធូរធារ​ពង្រីក​មុខរប​រ​បន្ថែម ដូចជា​ដាំ​ផ្កា​រាសី ដាំ​ត្របែក​លក់ និង​ចិញ្ចឹម​ជ្រូក​នៅក្បែរ​ផ្ទះ​ថែមទៀត​ដែល​អាច​រកចំណូលបាន​ច្រើន​គួរសម​ជាប្រចាំ មានលទ្ធភាព​ផ្គត់ផ្គង់​ការសិក្សា​កូន​រហូតដល់​រៀន​ចប់​បាក់​ឌុប និង​ចប់​មហាវិទ្យាល័យ មានការ​ងារ​ធ្វើខ្លះៗហើយ និង​ថែមទាំង​សន្សំ​លុយ​ធ្វើ​ផ្ទះ​វីឡា​បាន​នៅ​ថែមទៀត ហើយ​លោកពូ​រំពឹងថា ទៅ​ថ្ងៃ​ខាងមុខ​គ្រួសារ​លោកពូ​នឹង​នៅតែ​ចិញ្ចឹម​គោ​យក​ទឹកដោះ​លក់​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ដើម្បី​បន្ថែម​ចំណូល​ឱ្យបាន​កាន់តែច្រើន​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ឱ្យ​កាន់តែ​ប្រសើរឡើងទៀត៕

Advertisement