មុខរបរ​អ្វីដែល​អ្នករកស៊ី​ជំនាន់​ថ្មី​គួរ​បង្កើត​សម្រាប់​ទីផ្សារ 5ឆ្នាំក្រោយ?

ការធ្វើ​អាជីវកម្ម​ចាំបាច់​បំផុត​ត្រូវមាន​ភាពបត់បែន​ខ្ពស់​ឱ្យស្រប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​នៃ​ចរន្ត​ទីផ្សារ​សកល និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការប្រកួតប្រជែង​ជាមួយនឹង​ដៃគូ​ប្រកួតប្រជែង។ នៅ​កម្ពុ​ជាមាន​អាជីវកម្ម​ខ្លះ​បាន​ដំណើរការ​ល្បីល្បាញ​ត្រឹម​រយៈពេល​ខ្លី ក៏​ដួល​ទៅវិញ​ដែល​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​ងើបឡើង​ជាមួយ​អាជីវកម្ម​ថ្មី ដោយ​ក្នុងនោះ​មាន​អ្នកខ្លះ​ត្រូវ​ងើបឡើង​ម្តង​ហើយ​ម្តងទៀត ព្រោះតែ​អាជីវកម្ម​របស់ខ្លួន​មិន​ស្របទៅនឹង​តម្រូវការ​ជាក់ស្តែង​យូរអង្វែង​ក្នុងសង្គម។

លោក សុខ សុភមង្គល នាយក​ក្រុមហ៊ុន Codingate បាន​លើកឡើងថា បច្ចេកវិទ្យា​ជា​អ្វីដែល​ពិភពលោក​កំពុង​ត្រូវការ​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត ព្រោះ​វត្តមាន​របស់បច្ចេកវិទ្យា​អាច​ដោះស្រាយ​បញ្ហា​ជាច្រើន​របស់​មនុស្ស។ មិនថាតែ​ការរស់នៅ ការធ្វើការងារ ឬ​ការធ្វើ​អាជីវកម្ម​នោះទេ បច្ចេកវិទ្យា​អាចជួយ​សម្រួល​បាន​យ៉ាង​ល្អ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​ដែរ ប្រសិនបើ​យើង​ចេះ​ប្រើប្រាស់​វា​ប្រកបដោយ​ភាព​វិជ្ជមាន។ បច្ចុប្បន្ននេះមនុស្ស​ស្ទើរ​គ្រប់គ្នា​បាន​ប្រើប្រាស់​កុំព្យូទ័រ និង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន ហេតុនេះ​បច្ចេកវិទ្យា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​ពួកគេ ហើយ​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗជាច្រើន​បាន​ព្យាយាម​បង្កើត​សមិទ្ធផល​ថ្មី​ប្រកប-ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បម្រើឱ្យ​សេចក្តីត្រូវការ​សម្រាប់​កា​ររ​ស់​នៅ​របស់​មនុស្ស។ ទំនាក់ទំនង​រវាង​មនុស្ស​ដែល​នៅ​ឆ្ងាយ​ពីគ្នា​ក៏​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង ហើយ​មនុស្ស​កាន់តែ​ត្រូវការ​បច្ចេកវិទ្យា​ខ្លាំងឡើង។

លោក សុខ សុភមង្គល បាន​និយាយថា៖ “បច្ចេកវិទ្យា​មាន​ភាព​ឆ្លាត​វៃ​កាន់តែខ្លាំង ហើយ​បញ្ហា​របស់​មនុស្ស​ជាច្រើន​មិនអាច​ដោះស្រាយបាន​ដោយ​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​នោះទេ តែ​វា​ត្រូវការ​វត្តមាន​របស់​បច្ចេកវិទ្យា​ដែល​អាច​យល់បាន​ពីអ្វី​ដែល​មនុស្ស​កំពុង​ជួបប្រទះ និង​ពេលខ្លះ​អាច​ដឹង​ទាំង​អារម្មណ៍​របស់​មនុ​ស្សទៀ​ត​ផង។ ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា អាចធ្វើឱ្យ​សង្គម​កាន់តែ​ប្រសើរឡើង ព្រោះ​វា​អាចធ្វើឱ្យ​មនុស្សម្នាក់ៗមាន​សន្តិភាព​ផ្នែក​ផ្លូវចិត្ត ហើយ​មាន​ពេលវេលា​ច្រើន​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ការងារ”។

ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខាងលើ​បានលើកឡើង​ផងដែរ​ថា បច្ចុប្បន្ននេះ ក្រុមហ៊ុនធំៗនានា​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ច្រើនឡើង ព្រោះ​វា​ចំណេញ​ពេលវេលា មាន​សុវត្ថិភាព​ខ្ពស់ និង​មាន​ប្រសិទ្ធភាព​កាន់តែខ្លាំង ហេតុនេះ​អ្នក​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ចាំបាច់​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បន្ត​បង្កើត​ស្នាដៃ​ឱ្យបាន​កាន់តែ​ប្រសើ​ឡើង។ កត្តា​ទាំងអស់នេះ​នឹង​ជំរុញ​ឱ្យ​អ្នកជំនាញ​បច្ចេកវិទ្យា និង​កាន់​តែមាន​ទីផ្សារ ហើយ​ក្លាយជា​តម្រូវការ​សម្រាប់​គ្រប់ផ្នែក​ទាំងអស់​ក្នុងសង្គម។

នៅ​រយៈពេល​ប្រមាណ 5ឆ្នាំ ទៅ 7ឆ្នាំ​ខាងមុខ បដិវត្តន៍​ឧស្សាហកម្ម4.0 នឹង​ជំរុញ​ឱ្យ​ប្រព័ន្ធ​នៃ​ការធ្វើ​អាជីវកម្ម​ទាំងអស់​ឱ្យប្រើ​ប្រាស់​បច្ចេកវិទ្យា ទាំង​ការគ្រប់គ្រង​ទិន្នន័យ ការធ្វើ​ទីផ្សារ ការបម្រើ​សេវាកម្មការផលិត រួមទាំង​ការ​ចរាចរ​ទំនិញ​ជាដើម សុទ្ធតែ​ត្រូវ​ប្រើប្រាស់​ដោយ​គ្រឿង​ម៉ាស៊ីន​ច្រើន​បំផុត។ ហេតុនេះ​សេវាកម្ម​បច្ចេកវិទ្យា​ដែល​បម្រើឱ្យ​អាជីវកម្ម​ទាំងអស់​នឹង​ក្លាយជា​តម្រូវការ​ចាំបាច់ ហើយ​មនុស្ស​ត្រូវតែមាន​ចំណេះដឹង​បច្ចេកវិទ្យា​ដើម្បី​ប្រើប្រាស់​ប្រព័ន្ធ​ទំនើប​ទាំងអស់នេះ។

លោក ស៊ឹម ចាន់​គី​រី​រ័ត្ន អគ្គនាយក​ក្រុមហ៊ុន BanhJi បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ មនុស្ស​ចាប់ផ្តើម​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដោយ​បច្ចេកវិទ្យា​កាន់តែ​ច្រើនឡើង​នៅលើ​ពិភពលោក។ ចំពោះ​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​ទិន្នន័យ និង​ការធ្វើការងារ​របស់​ក្រុមហ៊ុននីមួយៗ លើ​បញ្ជីស្នាម​ក៏មាន​ការប្រែប្រួល​ផងដែរ ព្រោះ​ការប្រមូល​ទិន្នន័យ​នាពេល​បច្ចុប្បន្ននេះ មិន​ប្រើប្រាស់​មនុស្ស​ច្រើន​ដូចពេលមុន​នោះទេ។ បច្ចេកវិទ្យា​កាន់តែ​មាន​ភាព​ឆ្លាត​វៃហើយ​ការប្រមូល និង​គ្រប់គ្រង​ទិន្នន័យ​កាន់​តែមាន​លក្ខណៈ​ទំនើប សុវត្ថិភាព និង​លឿន​ជាង​មុន។ គ្រប់​អាជីវកម្ម​ទាំងអស់​នឹង​លែងមាន​ការលំបាក​លើ​ការគ្រប់គ្រង​ចំណាយ-ចំណូល ឬ​គិត​ពន្ធ​ទៀតហើយ ព្រោះ​ម៉ាស៊ីន​អាចធ្វើ​បាន។

លោក ស៊ឹម ចាន់​គី​រី​រ័ត្ន អគ្គនាយក​ក្រុមហ៊ុន BanhJi

លោក ស៊ឹម ចាន់​គី​រី​រ័ត្ន បាន​និយាយថា៖ “ឥឡូវនេះ​មានកម្ម​វិធី​ខ្លះ​ធ្វើឱ្យ​ម្ចាស់​អាជីវកម្ម​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល ព្រោះ​ជា​ឧទាហរណ៍​ប្រសិនបើ​យើង​ទិញ​កុំព្យូទ័រ​មួយគ្រឿង យើង​គ្រាន់តែ​សរសេរ​ពី​ប្រភេទ​កុំព្យូទ័រ តម្លៃ កន្លែង​ទិញ និង​ព័ត៌មាន​មួយចំនួនទៀត ប្រព័ន្ធ​បច្ចេកវិទ្យា​នឹង​បែងចែក​ទិន្នន័យ​នោះ​ទៅតាម​ប្រភេទ​ឱ្យតែ​ម្តង”។

អ្នកជំនាញ​ខាងលើ​បានលើកឡើង​ផងដែរ​ថាបច្ចេកវិទ្យា​ជា​អ្វីដែល​មនុស្ស​ត្រូវការ​នៅពេល​ខាងមុខ តម្រូវការ​នេះ​នឹង​ធ្វើឱ្យ​ការធ្វើ​អាជីវកម្ម​កាន់តែ​មា​នល​ក្ខ​ណៈ​ងាយស្រួល។ អ្នក​ដែល​មិន​ធ្លាប់មាន​របាយការណ៍​ហិរញ្ញវត្ថុ ឬ​មិនសូវ​ចេះ​ផ្នែក​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ ក៏មាន​ភាពងាយស្រួល​ជាង​មុន តែ​ចំពោះ​អ្នក​ដែល​ធ្វើ​ការងារ​ផ្នែក​នេះ​វិញ ចាំបាច់​ត្រូវតែ​សិក្សា​បន្ថែម​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ផ្លាស់ប្តូរ​ពី​អ្នកធ្វើការងារ​លើ​ឯកសារ​ដោយផ្ទាល់ មក​ក្លាយជា​អ្នកគ្រប់គ្រង​បច្ចេកវិទ្យា​វិញ​ម្តង។

គួរបញ្ជាក់​ផងដែរ​ថា នាពេលខាងមុខ ការងារ​ដែល​ត្រូវការ​ប្រើប្រាស់​កម្លាំង​នឹងត្រូវ​បាន​ជំនួស​ដោយ​ម៉ាស៊ីន​ទាំងអស់ ព្រោះ​បច្ចេកវិទ្យា​អាច​ដោះស្រាយ​វា​បាន​យ៉ាង​ប្រសើរ។ ការងារ​លើកដាក់ លីសែង​នៅក្នុង​វិស័យ​ឡូ​ជី​ស្ទិ​ក​នឹង​កាត់បន្ថយ​មនុស្ស​កាន់តែ​ច្រើន។ នៅពេលនោះ​អ្នកធ្វើការងារ​ដោយ​ប្រើប្រាស់​កម្លាំង នឹង​លែង​ក្លាយជា​តម្រូវការ​ទៀតហើយ ព្រោះ​គេ​អាច​ប្រើប្រាស់​ម៉ាស៊ីន​ដើម្បី​ធ្វើការ​ងារ​ពេញ 24ម៉ោង ដោយ​គ្មាន​ការ​សម្រាក និង​មិនចេះ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស។ ឱកាស​នៃ​ការគ្រប់គ្រង​ការងារ​ទាំងអស់នោះ​នឹង​ធ្លាក់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យាថ្មីៗដែលមាន​សមត្ថភាព​ផ្តល់​សេវាកម្ម​គ្រប់គ្រង​ការងារ​ដល់​ក្រុមហ៊ុនធំៗដែល​ត្រូវ​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម៕

Advertisement