ស្ពៃ​តឿ: បន្លែ​ដែល​ទីផ្សារក្នុងស្រុក​ត្រូវការ​ខ្លាំងជាប្រចាំរៀងរាល់ថ្ងៃ

ស្ពៃ​តឿ​ជា​ប្រភេទ​បន្លែ​បៃតង​មួយ​ដែល​ស្ត្រី​មេផ្ទះ​អាច​យកទៅ​ច្នៃ​ធ្វើ​ម្ហូប​បាន​ច្រើន​មុខ ដូចជា​យកទៅ​ស្រុស​ធ្វើជា​អន្លក់​ក៏បាន ឬ​ធ្វើជា​បន្លែ​សម្រាប់​ស្ល-ស្ងោរ ឬ​សម្រាប់​ឆា​បាន​ដោយ​ងាយស្រួល និង​ថែមទាំង​មាន​រសជាតិ​ឆ្ងាញ់​ទៀតផង ដោយហេតុ​នេះហើយ​ទើប​ធ្វើឱ្យ​បន្លែ​ប្រភេទ​នេះ​ក្លាយជា​តម្រូវការ​មួយ​សម្រាប់គ្រប់ៗក្រុមគ្រួសារ ដែលជា​កត្តា​ធ្វើឱ្យ​វា​ត្រូវបាន​គេ​ស្គាល់ និង​លក់ដាច់​ខ្លាំង​នៅលើ​ទីផ្សារ។

អ្នកស្រី ហេង ង៉ោ កសិករ​នៅ​ភូមិ​ពោធិ​លើ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​បាន​ប្រាប់​ឱ្យដឹងថា​ដោយសារតែ​ស្ពៃ​តឿ​មាន​តម្រូវការ​ច្រើន​នៅលើ​ទៅ​ផ្សារ គ្រួសារ​គាត់​ក៏បាន​ងាក​មក​ដាំ​បន្លែ​ប្រភេទ​នេះ ជំនួស​បន្លែផ្សេងៗទៀត​អស់​រយៈពេល​ប្រមាណ​ជាជាង 2ឆ្នាំ​មកហើយ។

អ្នកស្រី​បន្តថា ស្ពៃ​តឿ​ទោះបីជា​សម្បូរ​យ៉ាងណា ក៏​មិន​ភ័យ​រឿង​លក់​មិន​ចេញ​ដែរ គ្រាន់តែ​ធ្លាក់​ថ្លៃ​បន្តិច​ប៉ុណ្ណោះ មិន​ដូច​បន្លែ​ប្រភេទ​ខ្លះ នៅពេល​សម្បូរ​ខ្លាំង​លក់​មិន​ចេញ​ដល់​ថ្នាក់​ចាក់ចោល​នោះទេ ហើយ​ម៉ូយ​ថែមទាំង​មក​ទទួល​ទិញ​ដល់​ចម្ការ​ទៀតផង មិន​ពិបាក​ចំណាយពេល និង​ចំណាយលុយ​ដឹកជញ្ជូន​ទៅ​អង្គុយ​លក់​នៅ​ផ្សារ​ឡើយ។

កសិករ​ខាងលើ​ដដែល​បាន​បន្ថែមទៀតថា នៅ​រដូវប្រាំង​គេ​អាច​លក់​ស្ពៃ​តឿ​ចេញ​បាន​ក្នុងតម្លៃ1គីឡូក្រាម 4,000រៀល ទៅ5,000រៀល​ឯណោះហើយ​នៅ​រដូវវស្សា​លក់បាន​តម្លៃ​ចន្លោះ​ពី1,800រៀល ទៅ2,500រៀល​ដែរ​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​នៅពេល​សម្បូរ​ខ្លាំង​វា​អាច​ធ្លាក់​ថ្លៃ​ចុះ​ដល់ 1គីឡូក្រាម​បានត្រឹមតែ 500 ទៅ600រៀល​ក៏មានដែរ គ្រាន់តែ​ថា វា​ធ្លាក់​ថ្លៃ​មិនយូរ​ទេ 1ថ្ងៃ ឬ2ថ្ងៃ​ក្រោយមក វា​នឹង​ឡើងថ្លៃ​វិញ​ហើយ ដូច្នេះហើយ​ទើប​គ្រួសារ​គាត់ និង​គ្រួសារ​អ្នកភូមិផ្សេងៗទៀត​ចេះតែ​នាំគ្នា​ដាំ​ដុះ​បន្លែ​ស្ពៃ​តឿ​នេះ​ជា​បន្តបន្ទាប់​មកទល់​ប​ច្ចុ​ប្បន្ន។

ចំណែកឯ​អ្នកស្រី ជួប សុខ​វ៉ន កសិករ​ម្នាក់ទៀត​នៅ​ឃុំ​ស្វាយ​ប្រទាល​ដែល​ដាំ​បន្លែ​ស្ពៃ​តឿ​នេះដែរ​បាន​ប្រាប់​ដែរ​ថា ស្ពៃ​តឿ ឬ​ឈ្មោះ​មួយទៀត​ហៅថា​ស្ពៃ​កា​ឆាយ​នេះ ងាយស្រួល​ដាំ​ជាង​ប្រភេទ​បន្លែ​មួយចំនួនទៀត ហើយក៏​មិនសូវ​ជា​លំបាក​ថែទាំ ដូច​បន្លែ​សាលាដ ឬ​ខាត់ណា​នោះដែរ ពិសេស​វា​ប្រើពេល​ត្រឹមតែ1ខែ​ប៉ុណ្ណោះ​ក៏​អាច​កាត់​លក់បាន​ហើយ។ អ្នកស្រី​ក៏បាន​ប្រាប់​ពី​របៀប​ដាំ​ដុះ​ផងដែរ​ថា មុនដំបូង​យើង​ត្រូវ​ភ្ជួរ​ដី ហើយ​ឆូត​ជា​រង​ដោយ​មិនចាំបាច់​ហាល​ដី​ចោល​នោះទេ រួចហើយ​យក​ចំបើង​ស្ងួត​មក​គ្របពីលើ​រង រួច​យក​គ្រាប់​មក​បាច​ព្រោះ និង​ស្រោច​ទឺ​ក1ថ្ងៃ 3ដង។ លុះ​ក្រោយពី​បន្លែ​ដុះ​ឡើងមក​ហើយ គឺ​យើង​ត្រូវ​បន្ថយ​ការ​ស្រោច​ទឹក​មក​នៅត្រឹម​ស្រោច 2ដង និង​ស្រោច1ដង ក្នុង1ថ្ងៃ​វិញ។ នៅពេល​កូន​ស្ពៃ​តឿ​អាយុ​បាន15 ទៅ20ថ្ងៃ​ហើយ បើសិនជា​នៅក្នុង​រដូវភ្លៀង​វិញ​នោះ គេ​មិនចាំបាច់​ស្រោច​ទឹក​ទេ គ្រាន់តែ​មើលថែទាំ​សម្អាត​ស្មៅ និង​ដាក់​ជី ព្រមទាំង​បាញ់ថ្នាំ​ការពារ​កុំឱ្យ​សត្វល្អិត​ចង្រៃ​មក​ស៊ី​បំផ្លាញ​ប៉ុណ្ណោះ​ជាការ​ស្រេច ហើយ​ស្ពៃ​តឿ​វា​នឹង​លូតលាស់​ល្អ​ឡើង​ដោយ​ខ្លួនឯង​មិន​ខាន។ អ្នកស្រី​ក៏បាន​លើកឡើង​ដែរ​ថា ប្រសិនជា​ស្ពៃ​តឿ​មានតម្លៃ​ស្ថិត​ត្រឹមតែ 2,000រៀល ទៅ2,500រៀល​នោះ គឺ​វា​នឹង​ប្រសើរ​ណាស់​ទៅហើយ មិនបាច់​ដល់​ទៅ4,000 ឬ5,000រៀល​ក៏បាន​ដែរ ព្រោះថា​តម្លៃ​នេះ យើង​អាច​ចំណេញ​បាន​គួរសម​ហើយ តែបើ​ទោះជា​តម្លៃ​ឡើង​ចុះ​មិន​ទៀងទាត់​ក៏ដោយ ក៏​ពួកយើង​នៅតែ​បន្ត​ដាំ​ស្ពៃ​តឿ​ដែរ ព្រោះ​វា​ជា​បន្លែ​ដែល​ទីផ្សារ​ត្រូវការ​ជាប្រចាំរៀងរាល់ថ្ងៃ និង​ជា​មុខរបរ​ប្រចាំ​គ្រួសារ​ទៅហើយ។

កសិករកំពុងប្រមូលផលស្ពៃតឿ

ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ស្អាង លោក អ៊ុក សុគន្ធ បានឱ្យដឹងថា ស្រុក​ស្អាង​គឺជា​ស្រុក​មួយ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ1ក្នុង​ការផលិត​បន្លែ​ក្នុងចំណោម​ស្រុក-ខេត្ត​ទាំងអស់​ទូទាំងប្រទេស​ក​ម្ពុ​ជា​ព្រោះ​គ្រាន់តែ​ឃុំ​ស្វាយ​ប្រទាល​មួយ ក្នុង1ថ្ងៃ​យើង​ផលិត​បន្លែ​គ្រប់​ប្រភេទ​សម្រាប់​ផ្ត​ត់​ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​បាន​ប្រមាណ​ពី10 ទៅ15តោន​ដែរ។ ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ឱ្យ​កសិករ​ផ្លាស់ប្តូរ​ទម្លាប់​ការដាំដុះ​បែប​តាមចិត្ត​ចង់ មក​បង្កើន​ការដាំដុះ​បន្លែ​បែប​សុវត្ថិភាព និង​បន្លែ​សរីរាង្គ​ឱ្យបាន​កាន់តែ​ច្រើនឡើង​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ជី ក៏ដូចជា​ថ្នាំ​គីមី​ពុល​ហួស​កម្រិត​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ជា​អ្នក​ដាំ​ដុះ ក៏ដូចជា​អ្នក​បរិភោគ​ដែរ ហើយក៏​ដើម្បី​ប្រកួតប្រជែង និង​កាត់បន្ថយ​ការហូរចូល​បន្លែ​គីមី​ពី​ប្រទេសជិតខាង​ផងដែរ៕

Advertisement