ពលរដ្ឋ​ពេញវ័យ​នៅ​កម្ពុជា​ចំនួន 67% កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ

អត្រា​នៃ​ប្រជាជន​ពេញវ័យ​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ បច្ចុប្បន្ននេះ​មានការ​កើនឡើង​ខ្ពស់ រហូតដល់67% បើ​ធៀប​នឹង​កាលពី​ពេលមុន​ដែលមាន​ត្រឹមតែ​ក្រោម10%ប៉ុណ្ណោះ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អគ្គទេសាភិបាល​ធ​នាគារ​ជាតិ​នៃ​កម្ពុជា។

ឯកឧត្តម ជា ចាន់តូ បានឱ្យដឹងថា បច្ចុប្បន្ន​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាននិងកំពុង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកស្ទួយ​ជីវភាព​របស់​ពលរដ្ឋ ហើយ​ការកើនឡើង​ជា​លំដាប់​នេះ បាន​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​នៃ​ប្រជាជន​ពេញវ័យ​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ។

ឯកឧត្តម​ក៏បាន​បញ្ជាក់ទៀតថា កំណើន​រហូតដល់ 67%នៃ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​ប្រជាជន​ពេញវ័យ​នៅ​កម្ពុជា​នេះ មានការ​កើនឡើង​ខ្ពស់​មែនទែន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី 1ទសវត្សរ៍​កន្លងទៅ​ដែលមាន​មិន​ដល់ 10%ផង។ លើសពីនេះ​កំណើនប្រជាជន​ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ក៏​ឆ្លុះបញ្ចាំង​ពី​កម្រិត​នៃ​ការយល់ដឹង​របស់​ពល​រដ្ឋ​មកលើ​វិស័យនេះ​ផងដែរ។

វិស័យ​ហិរញ្ញវត្ថុ​ដែល​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ គឺ​ដោយសារតែ​បច្ចុប្បន្ន វិស័យ​ធនាគារក៏ដូចជា​វិស័យ​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ដែល​ក្នុងនោះ​រួមមាន៖ វិស័យ​មូល​ប​ត្រ វិស័យ​ធានារ៉ាប់រង និង​សោធន បានរួម​ចំណែក​ផ្តល់​សេវា​ហិរញ្ញវត្ថុ ព្រមទាំង​ពង្រឹង​ការជឿជាក់ និង​មាន​ភាពច្បាស់លាស់​ចំពោះ​អនាគត​របស់​ប្រជាជន​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ពង្រឹង​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា។

ឯកឧត្តម អគ្គទេសាភិបាល​បន្តទៀត​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​កំពុង​រីកចម្រើន ដោយ​ក្នុងនោះ​ទ្រព្យសកម្ម​ក្នុង​វិស័យនេះ​កើន​រហូតដល់ 14%នៃ​ទ្រព្យសកម្ម​របស់​គ្រឹះស្ថាន​ធនាគារ ឥណទាន​បាន​កើន​ដល់ 19,2%នៃ​ឥណទាន​គ្រឹះស្ថាន​ធនាគារ និង​ប្រាក់​បញ្ញើ​កើន​ដល់ 11,1%នៃ​ប្រាក់​បញ្ញើ​គ្រឹះស្ថាន​ធនាគារ។

ជាក់ស្ដែង​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​រីកចម្រើន​ឥតឈប់ឈរ។ ការរីកចម្រើន​នេះ បានផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ជាច្រើន ខណៈ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជាង 6ម៉ឺន​នាក់​បាន​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ ជាការ​កត់សម្គាល់​ក្នុង​រយៈពេល 2ទសវត្សរ៍​ចុងក្រោយ វិស័យនេះ​បានរួម​ចំណែក​បង្កើត​ការងារ​ដោយផ្ទាល់ និងដោយ​ប្រយោល​សម្រាប់​សេដ្ឋកិច្ច​នៅ​ទូទាំងប្រទេស។

ឯកឧត្តម​បញ្ជាក់ថា តាមរយៈ​ការផ្តល់​ការងារ​ដោយផ្ទាល់ បច្ចុប្បន្ន​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បានផ្តល់​ការងារ​ចំនួន 61.000កន្លែង​ដែល​ចំនួន​នេះ​បាន​កើនឡើង​ប្រមាណ 8ដង ធៀប​នឹង 10ឆ្នាំមុន គឺជា​មធ្យម​ផ្តល់​ការងារ​ថ្មី​ក្នុង​មួយឆ្នាំ​ប្រមាណ5,000នាក់ ឬ​កើន​ក្នុង​អត្រា 20%ក្នុង​មួយឆ្នាំ។ វិស័យ​ធនាគារ​បាន​ចូលរួម​បង្កើត​ការងារ​ដោយ​ប្រយោល​តាមរយៈ​ការគាំទ្រ​របស់​វិស័យ​ធនាគារ​ក្នុងការ​បង្កើត ឬ​ពង្រីក​អាជីវកម្ម​នៅក្នុង​វិស័យ​នានា​នៃ​សេដ្ឋកិច្ច។ វិស័យ​ធនាគារ​នឹង​បន្ត​ផ្តល់ឱកាស​ការងារ​ដោយផ្ទាល់ និង​ប្រយោល​យ៉ាងច្រើន​ថែមទៀត​នាពេលខាងមុខ​ក្នុងស្ថានភាព​ដែល​សេដ្ឋកិច្ចកម្ពុជា​បន្ត​មាន​កំណើន​ខ្ពស់​រឹងមាំ។

ឯកឧត្តម អគ្គទេសាភិបាល​បាន​បញ្ជាក់ថា៖ “គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ2018នេះ ទ្រព្យសកម្ម​វិស័យ​ធនាគារ​មាន​ទំហំ​ប្រមាណ 160%នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផ.ស.ស)។ ចំពោះ​ឥណទាន​ក្នុង​វិស័យ​ឯកជន​មាន​កម្រិត 100%នៃ​ផ.ស.ស ហើយ​ប្រាក់​បញ្ញើ​មាន​កម្រិត 93%នៃ​ផ.ស.ស”។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល​នៃធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចប្រជុំជាមួយបុគ្គលិកគ្រឹះស្ថានហិរញ្ញវត្ថុមួយ

បើ​ធៀប​ក្នុង​រយៈពេល 15ឆ្នាំមុន ទ្រព្យសកម្ម​វិស័យ​ធនាគារ​បាន​កើនឡើង 44ដង។ ចំណែក​ឥណទាន​កើនឡើង 87ដង និង​ប្រាក់​បញ្ញើ​កើនឡើង 42ដង។ ចំណែក​ទុនបម្រុង​អន្តរជាតិ​វិញ​បាន​បន្ត​ពូន​ជ្រំ​ជា​លំដាប់​ដែល​បច្ចុប្បន្ន​អាច​ធានា​ការ​នាំចូល​ទំនិញ និង​សេវា​បាន​ប្រមាណ​រយៈពេល 6ខែ ស្មើនឹង 2ដង​នៃ​កម្រិត​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​គួរ​មាន​ដល់ 3ខែ។

គួរ​បញ្ជាក់ផងដែរថា វិស័យ​មីក្រូហិរញ្ញវត្ថុ​បានផ្ដល់​ឥណទាន​ដល់​ប្រជាជន​ចំនួន 1.8លាន​នាក់ និង​មាន​អ្នក​ដាក់​ប្រាក់​បញ្ញើ 1.6លាន​នាក់ ព្រមទាំង​បានផ្ដល់​ការងារ​ដល់​ប្រជាជន​ប្រមាណ 3ម៉ឺន​នាក់ ហើយ​ឥណទាន​របស់​មីក្រូហិរញ្ញវត្ថុ បានផ្ដល់​ទៅលើ​វិស័យសេដ្ឋកិច្ច​នានា​រួមមាន៖ វិស័យ​កសិកម្ម30% ក្រុមគ្រួសារ30.5% វិស័យ​ពាណិជ្ជកម្ម18.8% វិស័យ​សេវាកម្ម10% និង​វិស័យផ្សេងៗទៀត10% ផងដែរ៕

Advertisement