កាណាដាបន្តកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្មដល់កម្ពុជា

បន្ទាប់ពីផុតសុពលភាពកាលពីថ្ងៃទី30 ខែកញ្ញា ឆ្នាំ2018 កន្លងទៅថ្មីៗនេះ ប្រទេសកាណាដាបានឯកភាពជាថ្មីឡើងវិញទៀតដល់កម្ពុជា លើកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង2។

ការឯកភាពបន្តកិច្ចព្រមព្រៀងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយលោកជំទាវ ដូនីកា ប៉ូទី (Donica Pottie) ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ។

លោកជំទាវ ដូនីកា ប៉ូទី ឯកអគ្គរដ្ឋទូតនៃប្រទេសកាណាដាបានសម្តែងការកោតសរសើរ ចំពោះគោលនយោបាយរដ្ឋាភិបាលកម្ពុជាក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសដែលចូលមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ លោកជំទាវក៏បានលើកទឹកចិត្តរដ្ឋាភិបាលកម្ពុជាបន្តប្រឹងប្រែង​ និងប្រកាន់និយាមការងារនេះបន្តទៀត ដើម្បីនាំមកនូវភាពឈ្នះ-ឈ្នះ ដល់គ្រប់តួអង្គពាក់​ព័ន្ធ សម្រាប់ឧស្សាហកម្មមួយនេះ ហើយលោកជំទាវនឹងពិនិត្យលទ្ធភាពជួយកៀងគរវិនិយោគិនកាណាដាឱ្យចូលមកបណ្តាក់ទុនលើការកែច្នៃវត្ថុធាតុដើមសំខាន់ៗ ដើម្បីបម្រើការអភិវឌ្ឍឧស្សាហកម្មវាយនភណ្ឌ និងការធ្វើទំនើបកម្មវិស័យកសិកម្ម នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រវិស័យវាយនភណ្ឌ តាមរយៈការបន្តស្វែងរកទីផ្សារសក្តានុពលបន្ថែម និងការបង្កើនប្រាក់បៀវត្សរ៍អប្បបរមាជូនកម្មករ-និយោជិត ចាប់ពី 140ដុល្លារ ក្នុងឆ្នាំ2016 ដល់ 170ដុល្លារ ក្នុងឆ្នាំ2018 ហើយគ្រោងនឹងបង្កើនឱ្យបាន 182ដុល្លារ នៅដើមឆ្នាំ2019 ខាងមុខថែមទៀត។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានអនុលោមតាមកាតព្វកិច្ចការងារដែលអង្គការ ILO បានកំណត់តាំងពីឆ្នាំ1999 និងបានគាំទ្រការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃរោងចក្រកម្ពុជា (Better Factory Cambodia) ដើម្បីលើកស្ទួយលក្ខខណ្ឌការងារ និងការប្រកួតប្រជែងក្នុងវិស័យនេះ។

សូមជម្រាបថា កាលពីឆ្នាំ2017 ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា សម្រេចបានទឹកប្រាក់សរុប 1.04ប៊ីលានដុល្លារអាមេរិក ជាមួយអត្រាកំណើនប្រចាំឆ្នាំ គិតជាមធ្យម 11%។ ក្នុងនោះ ទឹកប្រាក់នាំចេញពីកម្ពុជាទៅកាណាដាមានចំនួន 1ប៊ីលានដុល្លារអាមេរិក និងនាំចូលមានចំនួន 40លានដុល្លារអាមេរិក។ ចំពោះផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងផ្គុំយានយន្ត គ្រឿងសង្ហារិម ប្លាស្ទិក ផលិតផលក្មេងលេង និងទំនិញកសិកម្មជាដើម៕

Advertisement