ទីផ្សារ​ផលិតផល​កាត់ដេរ​កម្ពុជា នឹង​នៅតែ​បន្ត​កំណើន​រឹងមាំ

ទោះបីជា​កំពុង​រង​ការគំរាមកំហែង​ថា នឹងត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប ដែលជា​ទីផ្សារ​សំខាន់​របស់ខ្លួន​ក៏ដោយ ក៏​ការបញ្ជាទិញ​សម្រាប់​ការនាំចេញ​នៅ​ត្រីមាស​ចុងក្រោយ​ឆ្នាំនេះ​ត្រូវបាន​ព្រមព្រៀង​រួចរាល់ ធ្វើឱ្យ​ទីផ្សារ​ការនាំចេញ​ផលិតផល​កាត់ដេរ​កម្ពុជា​នឹង​នៅ​បន្ត​កំណើន​រឹងមាំ​រហូតដល់​ដាច់​ឆ្នាំនេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​តំណាង​ឧស្សាហកម្ម​កាត់ដេរ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បានឱ្យដឹងថា សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​នៅតែ​មើលឃើញ​កំណើន​ការនាំចេញ​ដ៏​រឹងមាំ​ក្នុងអំឡុង​ខែតុលា ដល់​ខែធ្នូ ឆ្នាំ2018 ដោយសារតែ​ការបញ្ជាទិញ​នៅ​អំឡុង​ពេលនេះ​ត្រូវ​បានដាក់​រួចរាល់ ដែល​នឹង​ធ្វើឱ្យ​ទំហំ​ការនាំចេញ​នៅ​ឆមាស​ទី2 នេះ​នៅតែ​រឹងមាំ​ដូច​ឆមាស​ទី1 ដែរ។

ប៉ុន្តែ លោក ម៉ូ​នី​កា បានឱ្យដឹងថា ការព្រមាន​ពី​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ «អ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ (EBA)» ទៅ​ទីផ្សារ​អឺរ៉ុប​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​ផ្លូវចិត្ត ព្រោះ​ព័ត៌មាន​ទាក់ទង​នឹង​ការព្រមាន ឬ​លទ្ធភាព​នៃ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកបញ្ជា​ទិញ ដែល​អាចធ្វើឱ្យ​មានការ​ស្ទាក់ស្ទើរ ឬ​កាត់បន្ថយ​បរិមាណ​បញ្ជា​ទិញ ឬ​អ្នកទិញ​អន្តរជាតិ ហើយ​ឥទ្ធិពល​របស់​វា នឹង​មើលឃើញ​កាន់តែច្បាស់ឡើងៗ នៅ​ឆ្នាំក្រោយ។

លោក​បាន​ថ្លែងថា៖ «សម្រាប់​ការនាំចេញ​ត្រីមាស​ចុងក្រោយ ការបញ្ជាទិញ​ត្រូវបាន​ធ្វើឡើង​ប្រហែល 2ខែ​មុន​អំឡុង​ខែសីហា និង​ខែកញ្ញា ពេល​មិនទាន់មាន​ព័ត៌មាន​រសើប​អំពី EBA នៅឡើយ»។ លោក​ព្យាករ​ថា អត្រាកំណើន​ការនាំចេញ​សម្លៀកបំពាក់​នៅ​ឆមាស​ទី2 ឆ្នាំនេះ​នឹង​មើលឃើញ​កំណើន​ស្រដៀង​គ្នា​នឹង​ឆមាស​ទី1ដែរ»

យោងតាម​របាយការណ៍​ពាក់កណ្ដាល​ឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​ចេញផ្សាយ​កាលពី​ខែកក្កដា បានឱ្យដឹងថា ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង​របស់​កម្ពុ​ជាមាន​តម្លៃ 4ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី1 ឆ្នាំនេះ​បាន​កើនឡើង11% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

រោងចក្រ​កាត់ដេរ​របស់​កម្ពុជា​បាន​ផ្គត់ផ្គង់​ដល់​យីហោ​ពិភពលោក​ដូចជា ក្រុមហ៊ុន Gap Inc (GPS.N) យីហោ​សម្លៀកបំពាក់​ទាន់សម័យ​របស់​ប្រទេស ស៊ុយអែត H & M Hennes&Mauritz AB (HMb.ST) យីហោ​សម្លៀកបំពាក់​កីឡា Nike (NKE.N) យីហោ Puma និង​យីហោ Adidas (ADSGn.DE) និង​យីហោ​ជាច្រើន​ផ្សេងទៀត។

ទីផ្សារ​សំខាន់​របស់​កម្ពុជា​សម្រាប់​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង គឺ​អាមេរិក និង​អឺរ៉ុប។ ការនាំចេញ​របស់​កម្ពុ​ជា​ទៅ EU មាន​ប្រហែល 40%ដែលមាន​តម្លៃ 4,3ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ2017 ឬ20%នៃ GDP ហើយ​ប្រហែល 90%ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ EBA

ភ្នាក់ងារ​វាយតម្លៃ​ចំណាត់ថ្នាក់​ឥណទាន​ពិភពលោក Moody’s Investors Services ព្រមាន​ថា ការបាត់បង់​សក្ដានុពល​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ចូលទៅ​សហភាព​អឺរ៉ុប នឹង​ធ្វើឱ្យ​ចុះខ្សោយ​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ខ្លួន ហើយនឹង​ធ្វើឱ្យ​ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ភាពអវិជ្ជមាន៕

Advertisement