ស្ទង់​មតិ​អចលនទ្រព្យ​កម្ពុជាឆ្នាំ2018៖ ភ្នំពេញ​នៅតែ​ស្ថិតក្នុងលំដាប់​កំពូល

ខណៈដែល​ការអភិវឌ្ឍ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​កំពុង​ផ្ទុះ​ខ្លាំង ទីតាំងសំខាន់ៗដូចជា​ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប​ក៏បាន​បង្ហាញ​ពី​ចំនួន​គម្រោង​អចលនទ្រព្យ​ដែល​កំពុង​កើនឡើង​ផងដែរ ខណៈពេលដែល​សេដ្ឋកិច្ច​ប្រទេស​កម្ពុ​ជាមាន​ភាពរីកចម្រើន មាន​ស្ថិរភាព​នយោបាយ បានធ្វើឱ្យ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កើនឡើង 20% ក្នុង​ឆ្នាំ2018នេះ។

ទោះជា​យ៉ាងណាក៏ដោយ យោងទៅតាម​ការស្ទង់មតិ​អំពី​អចលនទ្រព្យ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Realestate.com.kh បានឱ្យដឹងថា រាជធានី​ភ្នំពេញ​នៅតែមាន​ការបញ្ជាទិញ​ភាគច្រើន​លើ​តម្រូវការ​អចលនទ្រព្យ។ នៅ​ឆ្នាំនេះ​មាន​អតិថិជន​ជាង 2,000នាក់​បានស្នើ​សុំឱ្យ​ Realestate.com.kh ចាត់​ចំណាត់ថ្នាក់​ទីក្រុង ឬ​ខេត្ត​ដែល​អចលនទ្រព្យ​កំពុង​ផ្ទុះ​ខ្លាំង​ដែល​ពួកគេ​ទំនងជា​នឹង​ទិញ​អចលនទ្រព្យ​នៅ​ទីតាំង​ទាំងនោះ ដោយ​ក្នុងនោះ​អតិថិជន 75%បាន​និយាយថា ពួកគេ​កំពុង​ទិញ និង​ដោះដូរ​អចលនទ្រព្យ​នៅក្នុង​រាជធានី​ភ្នំពេញ។

លោក Tom Osullivan អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ Realestate.com.kh បាន​មានប្រសាសន៍​ឱ្យដឹងថា វិស័យ​អចលនទ្រព្យ​បានធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​ច្រើន ទាំង​បុរី ខុន​ដូ និង​ផ្ទះ​វីឡាផ្សេងៗដោយមាន​អតិថិជន​មក​ទស្សនាការ​តាំងពិព័រណ៍ និង​កក់​ផ្ទះ ខុន​ដូ វីឡា មួយចំនួន​ផងដែរ។ លោក​បន្តថា អនាគត​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​នឹង​កាន់តែ​រីកចម្រើន​បន្តទៀត ពោលគឺ​មិន​ចាញ់​ប្រទេសជិតខាង​ឡើយ នេះ​ក៏​ដោយសារតែ​ក្រុមហ៊ុន​អចលនទ្រព្យ​កំពុងមាន​ការរីកដុះដាល​ឡើង​ច្រើន ហើយ​វិស័យនេះ​ក៏មាន​អ្នក​ចាប់អារម្មណ៍​វិនិយោគ​ច្រើន​ផងដែរ​នោះ ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​ភាគច្រើន​កំពុងតែ​ទទួលជោគជ័យ​ខ្លាំង។

លោក Osullivan បានបញ្ជាក់​បន្ថែមថា សម្ទុះ​នៃ​ភាព​រីកចម្រើន​ផ្នែក​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​ភាពជោគជ័យ​ច្រើន មិន​ថា​ភ្ញៀវ​ជាតិ ឬ​អន្តរជាតិ​ទេ ដោយ​ភ្ញៀវ​ជាតិ​ភាគច្រើន​ចាប់អារម្មណ៍​លើផ្ទះ​វីឡា​ច្រើន ឯ​ភ្ញៀវ​បរទេស​ចាប់អារម្មណ៍​លើ​ខុន​ដូ ដោយសារតែ​ការ​រចនា​ម៉ូដ និង​ស្ថិត​លើ​ទីតាំង​ប្រណីត​គួរ​ជាទី​ចាប់អារម្មណ៍ ទើប​ធ្វើឱ្យ​មានការ​កក់ និង​ទិញ​កើនឡើង​ប្រមាណ 20% ក្នុង​ឆ្នាំ2018នេះ។

ក្នុង​ការស្ទង់មតិ​ចំពោះ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​បាន​រកឃើញថា ទោះបីជា​កាលពី​ឆ្នាំមុន​តម្រូវការ​អចលនទ្រព្យ​បាន​កើនឡើង​នៅ​ក្រុងព្រះសីហនុ​មែន តែមាន​តែ 9%នៃ​អ្នកចូលរួម​ការ​ស្ទាបស្ទង់​មតិ​ប៉ុណ្ណោះ​ដែល​បាន​និយាយថា ពួកគេ​ចង់​ទិញ​ដី​នៅ​ទីនោះ។ លើសពីនេះទៅទៀត​តម្រូវការ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ដែលជា​មណ្ឌល​ទេសចរណ៍សំខាន់ៗដូចជា​ខេត្តសៀមរាប​វិញ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ស្ទង់​មតិ​ត្រឹមតែ 5%ប៉ុណ្ណោះ។

សម្រាប់​រាជធានី​ភ្នំពេញ​ត្រូវបាន​គេ​មើលឃើញថា ខណ្ឌ​សែន​សុខ គឺជា​ទីតាំង​ដែលមាន​តម្រូវការ​អចលនទ្រព្យ​ខ្ពស់បំផុត។ 14%នៃ​អ្នក​ដែល​ស្វែងរក​ទិញ​អចលនទ្រព្យ​នៅក្នុង​រដ្ឋធានី គឺ​ចង់​ទិញ​នៅក្នុង​ខណ្ឌ​សែន​សុខ។ នេះ​គឺជា​កំណើន 4% បើ​ធៀប​នឹង​ឆ្នាំមុន។ ខណ្ឌ​មួយទៀត​ដែល​គេ​មើលឃើញ​ពី​តម្រូវការ​អចលនទ្រព្យ​កើនឡើង​ដែរនោះ គឺ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ដែលមាន​ជាង 9% នៃ​អ្នក​ដែលមាន​ដើមទុន​កំពុង​ស្វែងរក​ទិញ។

លោក តេង រិទ្ធី ស្ថាបនិក និង​ជានា​យក​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​បាន​ព្យាករ​ថា និន្នាការ​នៃ​ការទិញ​ផ្ទះ​ថ្មី​នឹងមិន​ស្ថិតនៅក្នុង​រាជធានី​ទៀត​ទេ។ លោក​បាន​បន្ថែមថា នៅឯ​ខេត្ត​ផ្សេងទៀត​ក៏ត្រូវ​បាន​គេ​មើលឃើញ​ពី​កំណើន​នៃ​តម្រូវការ​ផ្ទះសំបែង​កាន់តែច្រើន​ដែរ​នៅ​ឆ្នាំ​ខាងមុខ ព្រោះ​គ្រួសារ​វ័យក្មេង​ជាច្រើន​ដែល​ចង់​ទិញ​ផ្ទះ ពួកគេ​ចង់​រស់នៅក្នុង​ខេត្ត​របស់​ពួកគេ​ជាជាង​ផ្លាស់​ទី​មក​រដ្ឋធានី។

អ្នកទិញ​អចលនទ្រព្យសំខាន់ៗនៅតែ​ជា​ប្រជាជន​ក្នុងស្រុក បន្ទាប់មក​គឺ​ជនជាតិ​បរទេស​ដែល​មកពី​ប្រទេស​ក្នុង​តំបន់​អាស៊ី ដូចជា​ចិន វៀតណាម កូរ៉េ ថៃ សិង្ហ​បុរី និង​តៃវ៉ាន់។ល។ លើសពីនេះទៅទៀត​ការចាប់អារម្មណ៍​ពី​សំណាក់​ជនជាតិ​អឺរ៉ុប​ក៏​កំពុង​ត្រូវបាន​បង្ហាញឱ្យឃើញ​ផងដែរ។

ក្រៅពី​ទីតាំងសំខាន់ៗទាំង2 ខាងលើ​ហើយ​នោះ ទីផ្សារ​អចលនទ្រព្យ​ដែល​កំពុងមាន​ហាងឆេង​ខ្លាំង​ដែរនោះ គឺ​ខេត្តកំពត ខេត្ត​កែប តំបន់​ប៉ោយប៉ែត ខេត្តបាត់ដំបង និង​កំពង់ចាម​ក៏មាន​តម្រូវ​ការកើនឡើង​ផងដែរ។ ការស្ទង់មតិ​នៅ​ឆ្នាំនេះ​បានបង្ហាញ​ថា 11% នៃ​អ្នកទិញ​អចលនទ្រព្យ​ទាំងអស់​កំពុង​ស្វែងរក​ទិញ​នៅ​ទីតាំង​ផ្សេង​ក្រៅពី​ភ្នំពេញ ក្រុងព្រះសីហនុ ឬ​ខេត្តសៀមរាប ដែល​ទីតាំង​អចលនទ្រព្យ​នៅក្នុង​ខេត្ត​ផ្សេងទៀត​ទាំងនោះ​សុទ្ធ​តែមាន​សក្តានុពល​គួរឱ្យ​ចាប់អារម្មណ៍​របស់គេ​ទាំងអស់។

ព័ត៌មាន​ដាច់ដោយឡែក​មួយទៀត​ពា​ក់​ព័ន្ធ​នឹង​ការកើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​នេះដែរ លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21 មេគង្គ​បាន​មានប្រសាសន៍ថា នៅ​រយៈពេល 5ឆ្នាំ​ទៅមុខទៀត តម្លៃ​ដីធ្លី​នៅ​កម្ពុជា​នឹង​កើនឡើង​ចន្លោះ​ពី10 ទៅ15%ឯណោះ បើ​គិត​ជា​មធ្យម ដោយសារតែ​កម្ពុជា​ជាទី​តាំង​មាន​សក្តានុពល​ជាងគេ​បង្អស់​នៅក្នុង​តំបន់​អាស៊ី។ ដោយសារតែ​ទីតាំង​មាន​សក្តានុពល​នេះហើយ ទើប​បច្ចុប្បន្ន​គេ​សង្កេតឃើញថា អ្នកជំនួញ​បរទេសធំៗបាន​ចូលមក​បណ្តាក់​ទុនវិនិយោគ​យ៉ាងច្រើន​លើ​វិស័យ​អចលនទ្រព្យ​នេះ ដែលជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ពលរដ្ឋ និង​សេដ្ឋកិច្ចជាតិ។ លើកកម្ពស់​សេដ្ឋកិច្ច​នៅត្រង់ថា នៅពេលដែល​វិនិយោគិន​បរទេស​ចូលមក​ទិញ​ដី​ប្រជាពលរដ្ឋ វា​នឹង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ប្រាក់ និង​មានលទ្ធភាព​ទិញ​ផ្ទះ ឬ​ដី​បន្ថែមទៀត ដែល​ធ្វើឱ្យ​វិស័យ​ដីធ្លី​ចេះតែ​រីកចម្រើន​ទៅមុខ​ថែមទៀត​ជា​លំដាប់។ ក្រៅពីនេះ​រដ្ឋាភិបាល​នៅ​មិនទាន់​កំណត់​តំបន់​អភិវឌ្ឍន៍​នៅឡើយ​ទេ ហើយ​នៅពេលដែល​គម្រោង​អភិវឌ្ឍន៍​បែ​ឆ្ពោះទៅ​ទិស​ខាង​ណាមួយ តម្លៃ​ដី​នៅ​តំបន់​នោះ​នឹង​ឡើងថ្លៃ​ខ្លាំង​តែម្តង៕

លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century 21
Advertisement