អ្នកជំនាញ​កសិកម្ម៖ កសិករ​គួរ​ចូលរួម​ក្នុង​សហគមន៍​កសិកម្ម​ដើម្បីឱ្យ​កសិផល​មាន​ទីផ្សារ

កសិករ​ខ្មែរ​នៅ​ឃុំ​សំបូរ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​បាន​រួមគ្នា​បង្កើតជា​សហ​គម​ន៍​ដាំ​ដំណាំ​កសិកម្ម​បន្ទាប់បន្សំ​មួយចំនួន​ដែលមាន​ដូចជា ជីរ ម្ទេស ត្រប់ឪឡឹក ចេក ម្នាស់ ស្លឹកគ្រៃ ល្ហុង ជាពិសេស ឪឡឹក ចេក និង​ម្នាស់ កន្លងមក​ត្រូវបាន​នាំទៅ​កាន់​ផ្សារ​ម៉ាក្រូ រីឯ​ស្លឹកគ្រៃ និង​ល្ហុង ដែល​ទទួលបាន​ផល​ច្រើនជាងគេ​នោះ ត្រូវបាន​សហគមន៍​នៅ​ទីនោះ​នាំចេញ(សរុប​ជាង 3តោន)មកកាន់​ទីផ្សារ​ក្រុងភ្នំពេញរៀងរាល់ថ្ងៃ។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​សហគមន៍​កសិកម្ម សំបូរ​មានជ័យ។

សហគមន៍​កសិកម្ម សំបូរ​មានជ័យ បានឱ្យដឹងថា នៅពេល​ចាប់ផ្តើម​បង្កើត​ចេញ​ជា​សហគមន៍​នេះ​ឡើង ដំបូងៗមានការ​ចូលរួម​ពី​ប្រជាកសិករ​មិន​ច្រើន​គ្រួសារ​ទេ គឺ​មានតែ​ចំនួន 88គ្រួសារ និង​មាន​ដើមទុន​ត្រឹមតែ 5លាន​រៀល បូករួម​នឹង​អំណោយ​របស់​អភិបាលខេត្ត 3លាន​រៀល​ផង គឺមាន​ទុន​តែ 8លាន​រៀល​ប៉ុណ្ណោះ។

លោក ឆេង ថុង អ្នកជំនាញ​ខាង​កសិកម្ម និង​ជា​ប្រធាន​សហគមន៍​បាន​បញ្ជាក់ថា៖ “រហូតមកដល់​ពេលនេះ សហគមន៍​សំបូរ​មានជ័យ មានការ​រីកចម្រើន មាន​កសិករ​ចូលរួម​ក្នុង​សហគមន៍​ជាង 200គ្រួសារ​ហើយ និង​មាន​ដើមទុន​ចំនួន​ជាង 1,176លាន​រៀល និង​ទទួលបាន​ភាពជោគជ័យ​ច្រើន”។ បានន័យថា សហគមន៍​កាន់តែ​មានការ​អភិវឌ្ឍ​ឡើង ព្រោះ​កាលណា​យើង​មាន​គ្នាច្រើន វារឹតតែ​ល្អ វា​មិន​លំបាក​ទេ​សម្រាប់​ការធ្វើ​ទីផ្សារ បើ​យើង​មាន​ផលិតផល​ច្រើន​សម្រាប់​សហគមន៍​កសិក​ម្ម គឺ​យើង​មាន​អាទិភាព តែបើ​មាន​គ្នា​តិច យើង​អាច​ពិបាក​ទៅវិញ។

លោក​ប្រធាន​សហគមន៍​បានបញ្ជាក់​បន្ថែមថា សហគមន៍​កសិកម្ម​សំបូរ​មានជ័យ គឺជា​អ្នកសិក្សា​ជាមុន សិក្សា​រក​ទីផ្សារ សិក្សា​ពី​តម្រូវការ​ទីផ្សារ និង​សិក្សា​ថា តើ​គេ​ប្រើ​ពូជ​ដំណាំ​អី​បាន​ទិន្នផល​ច្រើន? ខែ​ណា​ដែល​លក់បាន​ថ្លៃ? ខែ​ណា​ចុះថោក? យើង​សិក្សា​រួចហើយ ទើប​រៀបចំ​ផែន​ការជូន​កសិករ​ដែ​ល​ចូលរួម ឯ​ទីផ្សារ​ដែល​ធំ​សម្រាប់​ស្លឹកគ្រៃ និង​ផ្លែ​ល្ហុង គឺ​យើង​នាំទៅ​ផ្សារ​ដើម​គរ ផ្សារ​នាគ​មាស និង​ផ្សារ​ថ្មី​មួយទៀត គឺ​ផ្សារ​បុរី​អង្គរ ដែល​យើង​ទើបនឹង​ទំនាក់ទំនង​បាន ដោយសារ​ផ្សារ​ខ្លះ​គាត់​មាន​ដៃគូ​សហការ​របស់គាត់​រួចហើយ យើង​ពិបាក​ក្នុងការ​ជ្រៀតចូល ដូចជា​ផ្សារ​ម៉ាក្រូ​ជាដើម យើង​អាចដាក់​កសិផល​របស់​យើង​បាន​តិចតួច​នៅឡើយ។

លោក​បាន​បញ្ជាក់ថា៖ “ទោះយ៉ាងណា​ក្តី ក៏​សហគមន៍​យើង​អាច​ផលិត​បាន​នូវ​កសិផល​ដោយ​ទទួលបាន​លទ្ធផល​ល្អ​គួរសម​ដែរ ដូចជា​ការនាំចេញ​ស្លឹកគ្រៃ​ក្នុង​មួយថ្ងៃ 3.5តោន និង​ផ្លែ​ល្ហុង 2 ទៅ 3តោន​ក្នុង​មួយថ្ងៃ​ទៅកាន់​ផ្សារ​បន្លែ​នៅ​ផ្សារ​ដើម​គរ ខណៈ​ការ-នាំចេញ​កសិផល​ដទៃ​ទៀត ដូចជា​ផ្លែ​ចេក យើង​អាចនាំចេញ​ក្នុង​មួយខែ​បាន 1,000ស្ទង ឪឡឹក 5,000ផ្លែ និង​ម្នាស់ 500ផ្លែ​ក្នុង​មួយខែ​សម្រាប់​ផ្សារ​ម៉ាក្រូ គ្រប់​តាម​ចំនួន​ដែល​គេ​បាន​បញ្ជា​ទិញ”។

លោក​ថុង​បានឱ្យដឹងថា ពីមុនមក កសិករ​ធ្លាប់មាន​ផ្ទៃដី​នៅ​ជុំវិញ​ផ្ទះ​ទំនេរ បើទោះជា​មាន​ដាំ​ដំណាំ ក៏​ជា​ដំណាំ​មិន​ច្បាស់លាស់​ដែរ។ ឧទាហរណ៍​បើ​ដាំ​ស្លឹកគ្រៃ ក៏​ដាំ​រួច ទុកឱ្យ​ងាប់​ចោល ពីព្រោះ​មិនមាន​ទីផ្សារ​នាំចេញ។ តែ​បច្ចុប្បន្ន​ផ្ទៃដី​ទំនេរ​ទាំងអស់នោះបានប្រែក្លាយ​ទៅជា​ផ្ទៃដី​ដាំ​ដំណាំ​ស្លឹកគ្រៃ និង​ដំណាំផ្សេងៗទៀត​ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម។ បើ​គិតពី​ផ្ទៃដី យើង​មាន​ច្រើន​តាម​គ្រួសារនីមួយៗ និង​បើ​គិតពី​ដំណាំ​ស្លឹកគ្រៃ​វិញ យើង​មាន​ប្រមាណ​ជា 3,000 ទៅ4,000គុម្ព លើ​ផ្ទៃដី​ប្រមាណ​ជា 20ហិកតា។ ឯ​ដំណាំ​ល្ហុង​វិញ ប្រហែល​ជាង 10ហិកតា​ប្រមាណ​ជា 20,000ដើម។

សព្វថ្ងៃ​សហគមន៍​យើង​ធ្វើ​តាមបែប​ការយក​កម្រៃ​សេវា ដោយ​យើង​បានរៀបចំ​ជា​សហគមន៍​បំផុស​ឱ្យ​ពួកគាត់​ដាំ​ដំណាំ​បន្លែ ដូចជា​ស្លឹកគ្រៃ ដែល​យើង​បាន​សិក្សា​អំពី​ទីផ្សារ​ឱ្យ​គាត់ រួច​ដល់ពេល​ប្រមូល​ផល​យើង​បាន​ប្រមូល​ពី​គ្រួសារ​កសិករ​ដែល​ជាស​មា​ជិ​ក និង​យកទៅលក់​នៅក្នុង​ទីផ្សារ​ដែល​យើង​បានកំណត់​គោលដៅ​រួចហើយនោះ ដោយ​យើង​បាន​កាត់ថ្លៃ​សេវា 30រៀល ក្នុង 1គីឡូក្រាម។ ឯ​តម្លៃ​លក់ គឺ​ឡើង​ចុះ​តាម​តម្លៃ​ក្នុង​ទីផ្សារ។

លោក​ក៏បាន​បញ្ជាក់ដែរថា ចំពោះ​ផលចំណេញ​ពី​ការដាំដុះ​វិញ បើ​ធ្វើតាម​ការពន្យល់​ណែនាំ​របស់​ខាង​កសិកម្ម​ណែនាំ​នោះ យើង​នឹង​បាន​ចំណេញ​ច្រើន ព្រោះ 1ហិកតា​នឹង​ទទួលផល 20តោន ហើយ​លក់​ត្រឹម​មួយ​គីឡូ​តម្លៃ 1,000រៀល​ប៉ុណ្ណោះ ដូច្នេះ​ប្រាក់ចំណេញ​នឹង​ទទួលបាន 2លាន​រៀល។

លោក ឆេង ថុង បាន​ប្រាប់​ពី​មហិច្ឆតា​របស់លោក​ថា ទិសដៅ​ទៅ​ថ្ងៃមុខ​របស់​សហគមន៍​របស់លោក គឺ​សម្រេច​ឱ្យបាន​នូវ​ការផ្គត់ផ្គង់​ស្លឹកគ្រៃ​ឱ្យ​គ្រប់​តម្រូវការ​ទីផ្សារ​ក្នុងប្រទេស​សិន គឺ​ពី3.5 ទៅ5.5តោន​ក្នុង​មួយថ្ងៃ ដោយសារ​កន្លងមក​ស​ហគ​មន៍​បានដឹង​រួចមកហើយ​ថា ទីផ្សា​បច្ចុប្បន្ន​នៅ​ផ្សារ​ដើម​គ​មាន​តម្រូវការ​ស្លឹកគ្រៃ​ប្រមាណ​ជា 70តោន​ក្នុង1ថ្ងៃហើយ​ក៏មាន​សហគមន៍​ខ្លះ​បាន​ផ្គត់ផ្គង់​ដែរ តែ​មិនទាន់បាន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ទីផ្សារ​នេះ​នៅឡើយ។

លោក​បានបញ្ជាក់​អំពី​ទិសដៅ​បន្តទៅទៀត​របស់​សហគម​ន៍​លោ​កថា លោក​នឹង​ចាប់ផ្តើម​ជំរុញ​ការដាំ​ដំណាំ​បន្លែ​ទ្រើង ដូចជា​ត្រឡាច ននោង ឃ្លោកជាដើម ដែល​ដំណាំ​នេះ​អំណោយផល​សម្រាប់​សហគម​ន៍​របស់លោក ដោយ​លោក​បាន​អះអាងថា “យើង​មាន​ប្រឡាយទឹក​វែង ប្រវែង​ប្រមាណ 3,000 ទៅ 4,000ម៉ែត្រ​ស្រាប់​សម្រាប់​បន្លែ​មួយចំនួន ដែល​នេះ​គឺជា​ការងាយស្រួល​សម្រាប់​ការផ្គត់ផ្គង់​ទឹកជា​មួយ​ការដាំ​ដំណាំ​ពពួក​នេះ ដែល​យើង​អាច​ធ្វើជា​ទ្រើង​តាម​សងខាង​បណ្តោយ​ប្រឡាយ​នោះ។ យើង​នឹងមិន​ចំណាយ​អ្វី​ច្រើន​ឡើយ ហើយ​យើង​នឹង​ទទួលបាន​ផល​ទៅតាម​អ្វីដែល​យើង​បាន​គ្រោងទុក​សម្រាប់​ការរីកចម្រើន​របស់​ស​ហគ​មន៍​ផង និង​សម្រាប់​ការរីកចម្រើន​ផ្នែក​កសិកម្ម​របស់​ប្រទេស​ផង​ជាមិនខាន”៕

Advertisement