ផលិតផល​បង្គា​ក្រៀម​ខ្មែរ​មានការ​គាំទ្រ​ច្រើន​នៅលើ​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស

ដោយ​ឈរលើ​គុណភាព​ល្អ រសជាតិ​ឆ្ងាញ់ និង​ផលិតឡើង​តាម​គោលការណ៍​ធម្មជាតិ​គ្មាន​ជាតិគីមី100% បានធ្វើឱ្យ​ផលិតផល​បង្គា​ក្រៀម​ខ្មែរ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើនឡើងៗនៅលើ​ទីផ្សារ ចាប់តាំងពី​ទីផ្សារ​ក្នុងប្រទេស​ដល់​ក្រៅប្រទេស​រហូត​ផលិត​មិនទាន់​សម្រាប់​ផ្ត​ត់​ផ្ត​ង់​ទៅឱ្យ​អតិថិជន​នៅលើ​ទីផ្សារ​គ្រឿង​បរិភោគ​ទៀតផង។

លោក ចាន់ រតនៈ ប្រធាន​គ្រប់គ្រង​ទូទៅ​សិប្បកម្ម​បង្គា​ក្រៀម​ស្ទឹងហាវ (ហៅ​បង្គា​តា​ស្រ​ម៉ូ​ម) ស្ថិតនៅ​ក្នុងភូមិ4 ឃុំ​ទំនប់រលក​ថ្មី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍ថា ដោយសារ​បង្គា​ក្រៀម​ក្នុង​សិប្បកម្ម​របស់លោក​ផលិតឡើង​តាម​គោលការណ៍​ធម្មជាតិ​មិន​ប្រើ​ថ្នាំ​គីមី​សោះ មិន​យក​បង្គា​ក្លាសេ​មក​ផលិត​ដូច​សិប្បកម្ម​មួយចំនួនទៀត​នោះ បានធ្វើឱ្យ​បង្គា​ក្រៀម​នៅក្នុង​សិប្បកម្ម​របស់លោក​ទទួល​បានការ​គាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ​នៅក្នុង​ប្រទេស​កម្ពុជា ពិសេស​ទីផ្សារ​ក្នុង​ក្រុងភ្នំពេញ និង​មាន​ម៉ូយ​កុម្ម៉ង់​យកទៅលក់​នៅឯ​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម ថៃ អូស្ត្រាលី និង​អង់គ្លេស​ទៀតផង។

លោក​បន្តថា ប្រទេស​វៀតណាម និង​ប្រទេស​ថៃចូលចិត្ត​មក​ទិញ​បង្គា​ក្រៀម​ដែល​ផលិត​តាម​គោលការណ៍​ធម្មជាតិ​ពី​សិប្បកម្ម​របស់លោក ដោយសារ​មាន​រសជាតិ​ឆ្ងាញ់​មិន​ប៉ះពាល់​សុខភាព និង​អាច​រក្សាទុក​បានយូរ​ឆ្នាំ​ទៀតផង ដោយ​មួយ​គីឡូ​មានតម្លៃ​ចាប់ពី 9ម៉ឺន​រៀល​ទៅដល់ 25ម៉ឺន​រៀល​ក៏មាន។ ចំណែក​អាជីវករ​របស់​យើង​វិញ គាត់​ចូលចិត្ត​នាំយក​បង្គា​ក្រៀម​ពី​ក្រៅប្រទេស​មក​លក់​នៅ​ប្រទេស​យើង​វិញ ដោយសារ​មានតម្លៃ​ទាប​ជា​បង្គា​ក្រៀម​ដែល​ផលិត​ក្នុងស្រុក តែ​ទោះជា​មានតម្លៃ​ទាប​ជាង​បង្គា​ក្នុងស្រុក​ក៏ដោយ ក៏វា​មិនអាច​ប្រកួតប្រជែង​គ្នា​បានដែរ ដោយសារ​អតិថិជន​ភាគច្រើន​គាត់​ចូលចិត្ត​បង្គា​ល្អ ទោះជា​ថ្លៃ​ជាង​បន្តិច​ក៏ដោយ។

គួរ​បញ្ជាក់ថា សិប្បកម្ម​បង្គា​ក្រៀម​ស្ទឹងហាវ (ហៅ​បង្គា​ក្រៀម​តា​ស្រ​ម៉ូ​ម) បានចាប់ផ្តើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​អស់​រយៈពេល​ប្រហែល 20ឆ្នាំ​មកហើយ​ដែលមាន​សមត្ថភាព​ផលិត​ជា​មធ្យម​បាន​ចន្លោះ​ពី 700គីឡូក្រាម ដល់​ចំនួន1,000គីឡូក្រាម​ក្នុង​មួយថ្ងៃ និង​បានផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​បាន​ចំនួន 7នាក់​ផងដែរ ហើយ​បច្ចុប្បន្ន​ដោយសារ​មាន​តម្រូវការ​ទីផ្សារ​កាន់តែ​ខ្ពស់ឡើងៗ បានធ្វើឱ្យ​ការផលិត​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ពុំ​គ្រប់គ្រាន់​នោះឡើយ ពិសេស​ក្នុង​រយៈពេល 2ឆ្នាំ​ចុង​ក្រោយនេះដោយសារ​ទិន្នផល​បង្គា​សមុទ្រ​មានការ​ធ្លាក់ចុះអ្នកនេសាទ​ដែល​ធ្លាប់តែ​ផ្គត់ផ្គង់​បាន​ច្រើន ឥឡូវ​ធ្លាក់ចុះ​កាន់តែ​តិចទៅៗដោយសារ​កត្តា​អាកាសធាតុ ប៉ុន្តែ​គេ​រំពឹងថា ទិន្នផល​នឹង​កើន​ឡើងវិញ​ក្នុងអំឡុង​ឆ្នាំ​ខាងមុខ។

លោក ចាន់ រតនៈ ម្ចាស់​អាជីវកម្ម​បង្គា​ក្រៀម​វ័យក្មេង​ខាងលើ​បាន​រៀបរាប់ថា ការផលិត​បង្គា​ក្រៀម​មិនមាន​ការលំបាក​នោះទេ ដំបូង​គ្រាន់តែ​យក​បង្គា​ស្រស់​ដែល​ទទួលបាន​ពី​អ្នកនេសាទ​មក​លាង​ទឹក​សម្អាត​ដោយ​ទឹកស្អាត រួច​ទុកឱ្យ​វា​ស្រស់ទឹក បន្ទាប់មក​យកទៅដាក់​ក្នុង​ឡ​ចំហុយ​ក្នុង​រយៈពេល​ចន្លោះ​ពី15 ទៅ20នាទី​ដើម្បីឱ្យ​សាច់​វា​ឆ្អិន​ល្អ រួច​យកមក​ចាក់​សំដិល​ហាល​នៅលើ​ទីលាន​បេតុង​ឱ្យ​វារឹតតែ​ស្ងួត​ទឹក​ថែមទៀត ហើយ​បាន​កើប​យកទៅ​ដាក់ចូល​ឡស​ម្ងួ​ត​ជា​លើកចុងក្រោយ​រយៈពេល2 ទៅ3ម៉ោង​ទៀត រួច​ទើប​យក​ចេញមក​ជម្រះ​សម្បក​វា​ចេញ​ឱ្យ​ស្អាត និង​រើស​សំរាម ខ្ចៅ-ខ្យង​ចេញ​ឱ្យអស់។ ចុងក្រោយ​ទើប​យកទៅ​វេច​ខ្ចប់​ទុក​នៅក្នុង​បន្ទប់​បិទ​ជិត​ដែលមាន​សីតុណ្ហភាព​ត្រជាក់​ល្មម​ចន្លោះ​ពី25ទៅ30អង្សា​C ដែល​ធ្វើឱ្យ​បង្គា​ក្រៀម​នេះ​អាច​រក្សាទុក​បានយូរ​រ​ហូត​ជាង​មួយឆ្នាំ ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​រក្សា​គុណភាព និង​អាច​ទុក​បាន​កាន់តែ​យូរ​ឆ្នាំ​ទៅទៀត​បើសិនជា​យកទៅ​រក្សាទុក​នៅក្នុង​ទូទឹកកក។

គួរ​បញ្ជាក់ថា សិប្បកម្ម​បង្គា​ក្រៀម​ស្ទឹងហាវ ធ្លាប់​ទទួលបាន​ពានរង្វាន់​លេខ3 ផ្នែក​បច្ចេកទេស​កែច្នៃ​តាមរបៀប​ធម្មជាតិ​ដែល​រៀបចំឡើង​ដោយ​ក្រសួងកសិកម្ម​កាលពី​ឆ្នាំមុន។ ម្ចាស់​សិប្បកម្ម​ខាងលើ​អះអាងថា បើសិនជា​អាកាសធាតុ​អំណោយផល ការផ្គត់ផ្គង់​បង្គា​ស្រស់​នឹងមាន​ចំនួន​កាន់តែច្រើន លោក​នឹង​ខិតខំ​ផលិត​បង្គា​ក្រៀម​នេះ កែប្រែ​សិប្បកម្ម​លក្ខណៈ​គ្រួសារ​ឱ្យក្លាយ​ជា​ក្រុមហ៊ុន​ស្តង់ដារ​ដែល​ឈរលើ​គុណភាព អនាម័យ និង​រសជាតិ​ឆ្ងាញ់​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ឱ្យបាន​កាន់តែច្រើន ហើយនឹង​ចូលរួម​ផ្តល់​ការងារ​ដល់​ប្រជាជន​ខ្មែរ​យើង​ឱ្យបាន​កាន់តែច្រើន​ផងដែរ​ក្នុង​គោលដៅ​រួមគ្នា​លើកស្ទួយ​ជីវភាព​ប្រជាជន​ខ្មែរ​យើង​ឱ្យបាន​កាន់តែ​ប្រសើរឡើង​ទាំងអស់គ្នា។

គួរ​ជម្រាប​ដែរ​ថា នៅក្នុង​ខេត្ត​ព្រះសីហនុ​កន្លងមក​ក៏មាន​សិប្បកម្ម​ផលិត​បង្គា​ក្រៀម​ច្រើន​ដែរ ប៉ុន្តែ​ក្រោយមក​ដោយសារ​ទិន្នផល​បង្គា​សមុទ្រ​មានការ​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​សិប្បកម្ម​មួយចំនួន​បានសម្រេច​ចិត្ត​បិទទ្វារ​ផ្អាក​ដំណើរការ ដែល​មកទល់​បច្ចុប្បន្ន​នេះ​មានតែ​សិប្បកម្ម​ខាងលើ និង​សិប្បកម្ម​មួយចំនួន​តូច​ទៀត​ប៉ុណ្ណោះ​ដែល​នៅ​បន្ត​ដំណើរការ​រហូតមក​ទល់​សព្វថ្ងៃ៕

Advertisement