មិនធ្លាប់ដឹងសោះ ដូងខ្ទិះមួយផ្លែថ្លៃជាង 4ម៉ឺនរៀលឯណោះ…

ដូងខ្ទិះមិនមែនជាប្រភេទដូងធម្មតាដែលគេពូតយកខ្ទិះសម្រាប់ធ្វើនំ ឬធ្វើម្ហូបនោះទេ ប៉ុន្តែជាប្រភេទដូងដែលមានសាច់ក្រាស់ ទន់ស្រដៀងផ្លែត្រសក់ស្រូវទុំ មានក្លិនក្រអូបប្រហើរគួរឱ្យចង់ទទួលទាន អាចហូបសាច់ដោយផ្ទាល់ក៏បាន ឬយកទៅធ្វើបង្អែមជាមួយផ្លែឈើផ្សេងក៏បាន ដែលកត្តានេះហើយបានធ្វើឱ្យដូងប្រភេទនេះមានការគាំទ្រច្រើននៅលើទីផ្សារចំណីអាហារ និងមានតម្លៃថ្លៃជាងដូងធម្មតាយើងហ្នឹងឯង។

អ្នកស្រី ផៃ វ៉ារី អ្នកលក់ដូងខ្ទិះតាមអនឡាញនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានមានប្រសាសន៍ថា ជាធម្មតាដូងខ្ទិះមានតម្លៃថ្លៃជាងដូងធម្មតាប្រហែល 10ដងឯណោះ មួយផ្លែមានតម្លៃចន្លោះពី 25,000រៀល ទៅដល់ 60,000រៀល ទៅតាមរដូវខ្សត់ និងរដូវសម្បូរផ្លែដូងប្រភេទនេះ និងមានតម្លៃទាបខ្ពស់ទៅតាមទំហំផ្លែតូច ឬផ្លែធំ ខុសពីដូងធម្មតាដែលមានតម្លៃត្រឹមតែ 2,000 ទៅ3,000រៀលប៉ុណ្ណោះ។

អ្នកស្រីអះអាងថា ដោយសារតែវាមានរសជាតិឆ្ងាញ់ ក្លិនក្រអូបប្រហើរនោះ បានធ្វើឱ្យដូងខ្ទិះលក់ដាច់បានច្រើនគួរសម ក្នុងមួយថ្ងៃៗត្រូវបានអតិ-ថិជនកុម្ម៉ង់ទិញតាមអនឡាញប្រមាណជា20 ទៅ30ផ្លែ ដែលអតិថិជនភាគច្រើនបានកុម្ម៉ង់ទិញពីក្រុងភ្នំពេញ នៅក្នុងទីរួមខេត្តបាត់ដំបងផ្ទាល់ និងពីខេត្តមួយចំនួនទៀត ដូចជាសៀមរាប តាកែវ កំពង់ធំ ព្រះវិហារជាដើម។

លក្ខណៈពិសេសរបស់ដូងខ្ទិះនេះ គឺមិនត្រូវបានគេយកទៅកោស រួចច្របាច់យកខ្ទិះដូចដូងធម្មតារបស់យើងទេ ពោលគឺ ពេលគេពុះវារួច គេយកស្លាបព្រាដួសយកសាច់ហូបដូចផ្លែត្រសក់ស្រូវទុំដែរ តែមានរសជាតិផ្អែមមុតជាងត្រសក់ស្រូវមានក្លិនក្រអូបប្រហើរ ឈ្ងុយជាប់មាត់ ឬអាចយកទៅលាយជាមួយផ្លែឈើផ្សេងទៀត ដាក់ទឹកដោះគោ ដាក់ទឹកកកឈូសពីលើ ឬយកទៅធ្វើជាទឹកក្រឡុកក៏រឹតតែមានរសជាតិឈ្ងុយឆ្ងាញ់លើសពីទឹកក្រឡុកធម្មតាទៅទៀត។ ក្រៅពីមានរសជាតិក្រអូបឈ្ងុយឆ្ងាញ់ហើយ ដូងខ្ទិះមានសារៈប្រយោជន៍ច្រើនចំពោះសុខភាព ដូចជាអាចកាត់បន្ថយជំងឺសន្លាក់ កាត់បន្ថយជំងឺសរសៃ និងល្អប្រសើរសម្រាប់ស្រ្តីមានគភ៌ និងមនុស្សចាស់ទៀតផង។

ក្នុងការជ្រើសរើស និងសង្កេតមើលថា តើដូងណាមានខ្ទិះច្រើន គេគ្រាន់តែយកផ្លែដូងមករលាក់ ហើយស្តាប់…នៅពេលស្តាប់ហើយ គ្មានឮសំឡេងទឹករលាក់ដូចដូងធម្មតានោះ បានន័យថា ដូងមួយផ្លែនោះមានសាច់ច្រើន និងក្រាស់ ហើយមានកំហាប់ល្អ ដូច្នេះគឺដូងប្រភេទហ្នឹងហើយដែលមានខ្ទិះច្រើនហើយដើម្បីឱ្យរឹតតែច្បាស់ជាងនេះទៅទៀត គេត្រូវយកដូងទៅបកសម្បកចេញ ហើយគោះស្តាប់ម្តងទៀតដើម្បីបញ្ជាក់សំឡេងពីខាងក្រៅ បើសិនគោះហើយឮសំឡេងហាប់ណែនល្អនោះ បញ្ជាក់ថាដូងមួយផ្លែនោះមានខ្ទិះច្រើនហើយ និងបើរលាក់ទៅ ឮស្នូរទឹកនៅខាងក្នុង បញ្ជាក់ថា ដូងនោះមិនមានសាច់ក្រាស់ និងមានខ្ទិះមិនសូវច្រើនទេ។

ដូងខ្ទិះជាប្រភេទដូងកម្រ ដោយសារតែមានការលំបាកក្នុងការដាំដុះ ហើយត្រូវការដីដែលមានជីវជាតិខ្លាំងទើបដាំបានផលល្អ។ បើសិនការដាំដុះមិនបានពិនិត្យដីជាមុនទេ ភាគរយនៃការទទួលជោគ-ជ័យមានតិចណាស់ ទោះជាបានផល មានផ្លែច្រើនក្ដី ប៉ុន្តែផ្លែនៅលើដើមខ្លះ មិនសូវមានខ្ទិះទេ ហើយជួនកាលដូងមួយធ្លាយមានខ្ទិះតែ 1ផ្លែ ឬ2ផ្លែប៉ុណ្ណោះ ហើយភាគរយនៃការទទួលផលមានចន្លោះតែពី5 ទៅ10ភាគរយប៉ុណ្ណោះ មានន័យថា បើកសិករដាំ 100ដើម មានដូងប្រហែលជា5 ទៅ10ដើមប៉ុណ្ណោះដែលឱ្យផ្លែដែលមានខ្ទិះច្រើន។

ការដាំដើមដូងខ្ទិះត្រូវមានការប្រុងប្រយ័ត្នខ្ពស់បើមិនដូច្នោះទេវានឹងក្លាយទៅជាដូងធម្មតាមិនមានខ្ទិះ និងលក់មិនបានថ្លៃខ្ពស់ទេ។ មុននឹងដាំគេត្រូវរើសពូជផ្លែណាដែលទុំល្អ ហើយយកមកទុកចោល ឬបណ្តុះឱ្យវាដុះត្រួយឡើងដោយខ្លួនឯងបានកម្ពស់ប្រហែលជា30សង់ទីម៉ែត្រ។ នៅពេលដុះហើយ គេត្រូវយកកាំបិតមកកាប់ក្បាលដូងចេញ និងខ្វេះកាយយកសាច់ខ្ទិះខាងក្នុងចេញឱ្យអស់ រួចយកដីមកបិទនៅលើកន្លែងដែលយើងកាប់យកសាច់នោះឱ្យជិតទៅវិញ បន្ទាប់មកទើបយកទៅដាក់ដាំនៅក្នុងរណ្តៅ។

ការដាំដើមដូងខ្ទិះ គេមិនត្រូវជីករណ្តៅឱ្យជ្រៅពេកទេ ដោយជីកយកជម្រៅត្រឹមតែ50សង់ទីម៉ែត្រ(កន្លះម៉ែត្រ) ទៅ70សង់ទីម៉ែត្រ(7តឹក)ប៉ុណ្ណោះ។ ពេលជីករួច ត្រូវយកកំបោរស ឬផេះមករោយទ្រាប់បាតរណ្ដៅដើម្បីសម្លាប់មេរោគបាក់តេរី ឬការពារសត្វល្អិតបំផ្លាញដំណាំ ដូចជាដង្កូវដួងស៊ីគល់ដូងដែលធ្វើឱ្យកូនដូងមិនអាចលូតលាស់ឡើងបាន ឬធ្វើឱ្យកូនដូងងាប់ជាដើម។ បន្ទាប់ពីរៀបចំរណ្តៅរួចហើយ គេត្រូវយកកូនដើមដូងមកដាក់ដាំ ដោយបន្ថែមជីកំប៉ុស ឬជីធម្មជាតិលាយជាមួយដី រួចហើយស្រោចទឹកតាមធម្មតា កូនដើមដូងនឹងលូតលាស់ឡើងបានល្អដូចការដាំដើមដូងធម្មតាដែរ៕

Advertisement