អ្នកវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​សំណង់​ត្រូវ​ ចូលរួម​គោរព​ច្បាប់ និង​បទ​ប្ប​ញ្ញ​ត្ដិ​នៃ​វិស័យនេះ

លោក​ឧបនាយករដ្ឋមន្ដ្រី​កម្ពុជា បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ក្នុងប្រទេស និង​មកពី​ក្រៅប្រទេសឱ្យ​ពិនិត្យមើល​លទ្ធភាព​បណ្ដាក់​ទុនវិនិយោគ​នៅ​ទីផ្សារ ឬ​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ដែលជា​ទីផ្សារ​ប្រកបដោយ​សក្ដានុពល។ ការអំពាវនាវ​បែបនេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​នៃ​ពិធី​សម្ពោធ​ការតាំងពិព័រណ៍ឧស្សាហកម្ម​សំណង់​កម្ពុជា2018 របស់​សមាគម​អ្នក​សាងសង់​កម្ពុជា។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែងថា កម្មវិធី​នេះ​ជា​ពេលវេលា​សម្រាប់​ផ្ដល់ឱកាស​ឱ្យ​សហគ្រាស-ក្រុមហ៊ុន​ដែលជា​សមាជិកសមាគម និង​ក្រុមហ៊ុន​ជាតិ និង​អន្ដរជាតិ​ជាច្រើន​ផ្សេងទៀតបាន​ជួបជុំគ្នា​ដើម្បី​ផ្ដល់ និង​ផ្លាស់ប្ដូរ​យោបល់គ្នាចែករំលែក​បទពិសោធ និង​ចំណេះដឹង​គ្នាទៅវិញទៅមក។

តែ​ទោះជា​យ៉ាងណាក៏ដោយ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ទទូច​ស្នើសុំ​ដល់​អ្នកវិនិយោគ អ្នក​សាងសង់ ក៏ដូចជា​អ្នកគ្រប់គ្រង​សំណង់ និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ទាំងអស់ សូមចូលរួម​គោរព​ច្បាប់ និង​បទប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​សំណង់​ឱ្យបាន​ត្រឹមត្រូវដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា។ ឯកឧត្តម បាន​បញ្ជាក់ថា “ខ្ញុំ​សង្ឃឹមថា ធុរជន​របស់​យើង ទាំង​អ្នក​នៅក្នុង​ប្រទេស និង​មកពី​ក្រៅប្រទេស​នឹង​ឆ្លៀត​យក​កាលា​នុ​វត្ដ​ភាព​នេះ ដើម្បី​កសាង​ទំនាក់ទំនង​ភាពជា​ដៃគូ​ជាមួយគ្នា”។ ឯកឧត្តម ជា សុផារ៉ា ក៏បាន​បន្ដទៀត​ដែរ​ថាជាពិសេស​កម្មវិធី​នេះ​អ្នក​ធុរកិច្ច​ទាំងអស់​នឹង​ទទួលបាន​ព័ត៌មាន​អំពី​សកម្មភាព និង​សមិទ្ធផល​នានា​ដែល​សមាគម​អ្នក​សាងសង់​កម្ពុជា​សម្រេច​បាន ព្រមទាំង​ផ្ដល់ឱកាស​ដល់​អតិថិជន​ដែល​បាន​ចូលរួម​ទស្សនា មានដូចជា​អ្នក​អភិវឌ្ឍន៍ និង​អ្នកវិនិយោគ​លើ​វិស័យ​អចលនវត្ថុ អ្នក​សាងសង់ និង​អ្នកលក់​សម្ភារ​សំណង់ បាន​ជួប​ពិភាក្សាគ្នា​ដោយផ្ទាល់​អំពី​តម្រូវការ និង​ការផ្គត់ផ្គង់។ល។

អ្នកឧកញ៉ា ពុង ឃាវ​សែ បាន​ថ្លែងថា៖“ពិព័រណ៍​នេះ​រៀបចំឡើង គឺ​ចង់បង្ហាញ​ពី​ការអភិវឌ្ឍ ការរីកចម្រើន និង​សក្តានុពល​នៃ​ការវិនិយោគ​លើ​វិស័យ​សំណង់​នៅក្នុង​ទីផ្សារ​ទាំងមូល។ ជាក់ស្តែង​ដូច​យើង​បានឃើញ​រួចមកហើយ​ថា នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​សំណង់​អគារខ្ពស់ៗ ទំនើបៗ ធំ​ស្កឹមស្កៃ​បាន​រីកដុះដាល​គួរឱ្យ​មាន​ភាព​ស្ញប់ស្ញែង”។

អ្នកឧកញ៉ា​បាន​បន្តថា សំណង់​ទាំងនោះ​មានដូចជា អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ការិយាល័យ ធនាគារ ផ្សារ​ទំនើប សណ្ឋាគារ អគារ​ស្នាក់នៅរួមទាំង​បុរី​លំនៅឋាន ត្រូវបាន​សាងសង់​ឡើងជា​បន្តបន្ទាប់​ដែល​សំណង់​ទាំងអស់នេះ​សុទ្ធ​តែមាន​លក្ខណៈ​ទំនើប​ទាន់សម័យ និង​បាន​ប្រើប្រាស់​បច្ចេកវិទ្យាសម្ភារ បរិក្ខារ និង​ឧបករណ៍​ក្នុងការ​សាងសង់​ដែលមាន​គុណភាព​ខ្ពស់ មាន​បច្ចេកទេស​ទំនើប និង​មាន​ស្តង់ដារ​ខ្ពស់ និង​ត្រឹមត្រូវ​មិន​ចាញ់​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃ​នៅលើ​ពិភពលោក​ឡើយ។

អ្នកឧកញ៉ា​បាន​បន្ថែមថា កម្មវិធី​ទំនាក់ទំនង​ធុរកិច្ច​វិស័យ​សំណង់ គឺមាន​សារៈសំខាន់​ណាស់ដែ​លវា​នឹង​ផ្តល់ឱកាស​ដល់​សមាជិក​សមាគម​ដែលមាន 148ក្រុមហ៊ុន និង​អ្នក​ធុរកិច្ច​ដទៃទៀត​ដែលមាន​មុខរបរ និង​ជំនួញ​លើ​វិស័យ​សំណង់​នៅ​កម្ពុជា និង​អ្នក​ដែល​នៅក្រៅ​ប្រទេស​មានឱកាស​បាន​មក​ធ្វើការ​ទំនាក់ទំនង​ពិភាក្សា​អំពី​កិច្ចការជំនួញ​ពាណិជ្ជកម្ម​ដោយផ្ទាល់​ជាមួយគ្នា​យ៉ាង​ជិតស្និទ្ធ​ដើម្បីឱ្យ​យល់ដឹង​ច្បាស់​ពី​តម្រូវការ​ការផ្គត់ផ្គង់​សម្ភារ​ឧបករណ៍ និង​គ្រឿងចក្រ​សំណង់​នៅក្នុង​ទីផ្សារ​សំណង់​របស់​កម្ពុជា។

ដោយឡែក​ក្រសួង​រៀបចំ​ដែនដី បាន​លើកទឹកចិត្ដដ​ល់អ្ន​ក​ប្រកប​អាជីព និង​អ្នក​ធុរកិច្ច​ក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់​ដែល​រួមមាន ស្ថាបត្យករ វិស្វករអ្នក​ប្រឹក្សា​យោបល់ អ្នកគ្រប់គ្រង​សំណង់ អ្នក​សាងសង់ និង​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ សុំឱ្យ​ចូលរួម​គោរព​ច្បាប់ និង​បទ​ប្ប​ញ្ញ​ត្ដិ​ពាក់ព័ន្ធ​វិស័យ​សំណង់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​គុណភាព​សំណង់​នៅ​កម្ពុជា៖

* ត្រូវមាន​លិខិតអនុញ្ញាត​សាងសង់ និង​លិខិតអនុញ្ញាត​បើក​ការដ្ឋាន មុនពេល​ធ្វើការ​សាងសង់ និង​ត្រូវ​អនុវត្ដ​តាម​ប្លង់​បច្ចេកទេស​ដែល​បានអនុញ្ញាត និង​បទ​ប្ប​ញ្ញ​ត្ដិ​បច្ចេកទេសផ្សេងៗ ឱ្យបាន​ត្រឹមត្រូវ។

* ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​សាងសង់ និង​សិក្សា​គម្រោង​ប្លង់ រួមទាំង​ក្រុម​ជាងសំណង់​ទាំងអស់ ត្រូវ​មក​ស្នើសុំ​ចុះបញ្ជី​ជា​អ្នក​ប្រកប​អាជីវកម្ម​ស្របតាម​ច្បាប់​ជា​ធរមាន។

* ត្រូវ​រៀបចំ​ការដ្ឋាន​សាងសង់​ឱ្យមាន​សណ្ដាប់ធ្នាប់ និង​អនាម័យ​ជាប្រចាំ និង​ការដ្ឋាន​សំណង់​ទាំងអស់​ពុំ​ត្រូវ​ដឹក​បេតុង ដី និង​សម្ភារ​សំណង់​ឱ្យ​ជ្រុះ​រាយប៉ាយ​តាម​ដងផ្លូវ​សាធារណៈ​ឡើយ។

* ការដ្ឋាន​សំណង់​ទាំងអស់​ត្រូវមាន​បំពាក់​សម្ភារ និង​ឧបករណ៍​សម្រាប់​ការពារ​សុវត្ថិភាព និង​សុខភាព​ជូន​កម្មករ​ទាំងអស់ ដែល​ធ្វើការ​ក្នុង​ការដ្ឋាន។ល។

សូម​ជម្រាប​ផងដែរ​ថា សម្រាប់​ទុនវិនិយោគ​លើ​វិស័យ​សំណង់​មាន​ការកើនឡើង​ជា​លំដាប់ និង​មាន​តួលេខ​កើនឡើង​ហួសការ​ស្មាន។ ឯកឧត្តម​រដ្ឋមន្ត្រី​បានឱ្យដឹងថា ក្នុង​ឆ្នាំ2016 ទុនវិនិយោគ​សំណង់​មាន​ជាង 5,049លាន​ដុល្លារ​អាមេរិក មាន​កំណើន68% បើ​ប្រៀបធៀប​នឹង​ឆ្នាំ2015។ ក្នុង​ឆ្នាំ2017 ទុនវិនិយោគ​សំណង់​មាន​ជាង6,207ដុល្លារ​អាមេរិក មាន​កំណើន21,84%បើ​ប្រៀបធៀប​នឹង​ឆ្នាំ2016 ដោយឡែក​ក្នុង​រយៈពេល 10ខែ​ក្នុង​ឆ្នាំ2018នេះ ទុនវិនិយោគ​សំណង់​មាន​ជាង4,990ដុល្លារ​អាមេរិក៕

Advertisement