រដ្ឋាភិបាល​កូរ៉េ​ផ្តល់​កម្ចី​ជាង 60លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់

រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានផ្តល់​ឥណទាន​ជិត 64លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ស្ថានីយ​ប្រ​ព្រឹ​ត្ដ​កម្ម​ទឹក​កខ្វក់​នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ពិធី​ចុះហត្ថលេខា​ទទួល និង​ផ្តល់​ឥណទាន​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 ម្សិលមិញ រវាង​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co.,Ltd។

ឯកឧត្តម ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ថា ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខុមាលភាព និង​អនាម័យ​ប្រជាពលរដ្ឋ តាមរយៈ​ការសាងសង់​ស្ថានីយ​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ច្រោះ​សម្អាត​ទឹក​កខ្វក់។

ពិសេស​ទៅទៀត​នោះ គឺ​ការលើកកម្ពស់​បរិស្ថាន​ដោយ​ការសាងសង់ និង​បង្កើន​នូវ​ប្រព័ន្ធ​បណ្ដាញ​លូ និង​ការតភ្ជាប់​បណ្ដាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​មកកាន់​ស្ថានីយ​ប្រ​ព្រឹ​ត្ដ​កម្ម​ទឹក​កខ្វក់ និង​ការពារ​ទឹកជំនន់​ផងដែរ។ គម្រោង​នេះ​ប្រើ​រយៈពេល​ប្រមាណ 48ខែ។

លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់ថា ស្ថានីយ​ប្រ​ព្រឹ​ត្ដក​ម្ម​ទឹក​កខ្វក់​នេះ​មាន​សមត្ថភាព​ចម្រោះ ទឹកបាន 7,600ម៉ែត្រគូប​ក្នុង 1ថ្ងៃ។

នៅក្នុង​គ​ម្រា​ង​នេះ ស្ថានីយ​បូមទឹក​នឹង​សាងសង់​ចំនួន 10ទីតាំង​ដែលមាន​សមត្ថភាព​បូម​សរុប​ចំនួន 29,952ម៉ែត្រគូប​ក្នុង​មួយថ្ងៃ។

គម្រោង​ថវិកា​នេះ​ក៏​នឹង​សាងសង់​បណ្ដាញ​លូ​មុខកាត់​ពី 0.3 ទៅ1.2ម៉ែត្រ ប្រវែង 43.33គីឡូម៉ែត្រ និង​លូ​មុខកាត់​ពី 0.1 ទៅ0.4ម៉ែត្រ ប្រវែង 6គីឡូម៉ែត្រ។

ជាមួយគ្នានេះ​ផងដែរ គម្រោង​នឹង​ជួញ​ការងារ​ស្ដារ​ស្ទឹង​ប្រវែង 16.3គីឡូម៉ែត្រ រួមទាំង​ការស្ដារ​ស្ថានីយ​បូម​ដែលមាន​ស្រាប់​នៅក្នុង​ក្រុង​តាខ្មៅ​ផងដែរ៕

Advertisement