ការ​ពុះ​ដីឡូត៍​ផ្តល់​ភាពល្អប្រសើរ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​វា​នឹង​បង្ក​ផល​លំបាក​នៅ​ថ្ងៃ​អនាគត

នៅពេល​បច្ចុប្បន្ន និន្នាការ​ពុះ​ដីឡូត៍​លក់​នៅតាម​តំបន់​ជាយ​រាជធានី​ភ្នំពេញ គេ​សង្កេតឃើញថា​កំពុងតែមាន​សកម្មភាព​ពុះកញ្ជ្រោល និង​ខ្លាំងក្លា​បំផុត ជាពិសេស​នៅ​ទិស​ខាងត្បូង​ឆៀង​ខាងលិច ដូចជា​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 និង​ផ្លូវជាតិ​លេខ4 ជាដើម។

លោក សាន ជី នាយក​ទីផ្សារ​ក្រុមហ៊ុន​សុវណ្ណ​ភូមិ រៀល​អ៊ី​ស្ទេ​ត ដែល​កំពុងតែ​មមាញឹក​ក្នុង​ការលក់​ដីឡូត៍​នៅក្បែរ​ផ្សារ​បែក​ចាន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ4 បាន​ប្រាប់ថា នាពេល​បច្ចុប្បន្ននេះ​មាន​អតិថិជន​ជាច្រើន​បាននិងកំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​ទីផ្សារ​ដីឡូត៍​នេះ ព្រោះ​ការទិញ​ដីឡូត៍​នេះ​បានផ្តល់​ភាពល្អប្រសើរ​ជាច្រើន​ដល់​ពួកគាត់ ដូចជា​តម្លៃ​ដី​នៅ​ទាប​ដែល​សមជា​មួយ​លទ្ធភាព​របស់​អ្នក​ដែលមាន​ចំណូល​មធ្យម និង​ក្រោម​មធ្យម ជាពិសេស​ពួកគាត់​អាចមាន​ជម្រើស​ក្នុង​ការទិញ​ដោយ​ការបង់​ផ្តាច់​ជាមួយ​ក្រុមហ៊ុន ឬ​បង់​រំលស់​ជាមួយ​ធនាគារ​ក្នុង​រយៈពេល​វែង​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់ ដែល​វា​អាស្រ័យ​ទៅនឹង​ចំណូល​ប្រចាំខែ​របស់​ពួកគាត់។

Advertisement

ដោយឡែក​ចំពោះ​អ្នក​ដែល​ទិញ​ដើម្បី​ទុក​លក់​យកចំណេញ​នៅពេល​អនាគត ក៏មាន​ឱកាស​ច្រើន​ក្នុងការ​ទទួលបាន​ភាគ​លាភ​ផងដែរ ជាក់ស្ដែង​ចំពោះ​ដីឡូត៍​ដែល​ក្រុមហ៊ុន​របស់លោក​កំពុងដំណើរការ​លក់​យ៉ាងសកម្ម​សព្វថ្ងៃនេះ ត្រឹមតែ​រយៈពេល​មួយខែ​យ៉ាងហោចណាស់​លក់​ចេញ​បាន​មិនតិចជាង 70ឡូត៍​នោះទេ ខណៈដែល​ដីឡូត៍​ដែល​ស្ថិត​នៅជាប់​ផ្លូវធំ មានតម្លៃ​ជិត 2ម៉ឺនដុល្លារ​ ហើយ​ដីឡូត៍​ដែល​ស្ថិតនៅ​ខាងក្នុង​វិញ​មានតម្លៃ​ត្រឹមតែ​ជាង 10,000ដុល្លារ​ប៉ុណ្ណោះ ដែល​តម្លៃ​នេះ​រួមបញ្ចូល​ទាំង​ការដាក់​ប្រព័ន្ធ​លូ ទឹក​ភ្លើង ផ្លូវ​បេតុង​ជាដើម ដែល​អតិថិជន​ទិញ​រួចហើយ​អាច​សង់ផ្ទះ​នៅ ដោយ​មិន​ខ្វល់​ពី​កា​រត​ប្រព័ន្ធ​លូ ទឹក ភ្លើង​ដោយ​ខ្លួនឯង​នោះទេ។

តែ​យ៉ាងណាក៏ដោយ ក៏​លោក​បាន​ព្រមាន និង​ផ្តាំផ្ញើ​ដល់​អ្នក​ដែលមាន​បំណង់​ចង់​ទិញ​ដីឡូត៍​មួយចំនួន​ផងដែរ​ថា មុនពេល​សម្រេចចិត្ត​ទិញ​ដីឡូត៍ គប្បី​មានការ​ត្រិះរិះ​ពិចារណា​ឱ្យបាន​ច្បាស់ ដោយ​ត្រូវ​មើល​ពី​ទំហំ​ដី ទីតាំង ក៏ដូចជា​ប្រវត្តិ​របស់​ដី​ផង ដើម្បី​ចៀសវាង​មាន​បញ្ហា ព្រោះ​ដីឡូត៍​ខ្លះ​លក់​ក្នុង​តម្លៃថោក ប៉ុន្តែ​ចំពោះ​គម្រោង​អភិវឌ្ឍន៍ ក៏ដូចជា​ការរៀប​ចំឯ​ក​សារ​ផង​នោះ គឺ​ធ្វើ​មិនសូវ​បាន​ត្រឹមត្រូវ​ទេ។ ជាមួយនឹង​ភាព​កក្រើក​នៃ​ទីផ្សារ​ពុះ​ដីឡូត៍​លក់​នេះ លោក គីម ហ៊ាង អតីត​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ទទួលស្គាល់ថា វា​ជា​ការល្អ​ចំពោះ​ទីផ្សារ​ដីឡូត៍​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​ទីផ្សារ​ដីឡូត៍ វា​អាច​នឹង​បង្ក​ជា​បញ្ហា​ចំពោះ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នាពេល​អនាគត​ក៏​អាច​ថា​បានដែរ។ លោក គីម ហ៊ាង បាន​បញ្ជាក់ថា ជាការ​ប្រសើរ​ណាស់​សម្រាប់​អ្នក​ដែលមាន​ចំណូល​តិច និង​ប្រាថ្នា​ចង់បាន​ដី​សាងសង់​លំនៅឋាន​រស់នៅ ទោះជា​ពួកគាត់​មាន​ចំណូល​តិច​មែន ប៉ុន្តែ​ក៏​គាត់​អាចមាន​ជម្រើស​ក្នុង​ការទិញ​ដើម្បី​សាងសង់​លំនៅឋាន ឬ​អាច​ទិញ​ដើម្បី​ចង់ទុក​លក់​បន្ត​យកចំណេញ​បានដែរ តែ​វា​អាច​បង្ក​ជា​បញ្ហា​នៅ​ថ្ងៃ​ខាងមុខ ដែល​ផលប៉ះពាល់​នេះ​វា​អាច​នឹង​កើតមានឡើង​ក្នុង​រយៈពេល​ប្រមាណ 10ឆ្នាំ​ខាងមុខ ជាពិសេស​ដី​ដែល​ស្ថិតនៅ​ជាប់​នឹង​តំបន់​ជាយក្រុង ឬ​ទីប្រជុំជន​តែម្ដង។ អាស្រ័យ​ដូចនេះហើយ ទើប​រដ្ឋាភិបាល​ចេញ​ច្បាប់​គ្រប់គ្រង​ការអភិវឌ្ឍ​ដី និង​ចេញ​ជា​សារា​ចរណ៍​ណែនាំ​កាលពីពេល​កន្លងទៅថ្មីៗនេះ។

យ៉ាងណាក៏ដោយ លោក គីម ហ៊ាង បានបង្ហាញ​ពី​ក្ដី​សង្ឃឹមថា តាមរយៈ​ការបង្កើត​ច្បាប់​ថ្មី​នេះ​អាច​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​ច្បាប់​ដែល​អាច​នឹង​កើតមានឡើង​ដោយសារ​ការ​ពុះ​ដីឡូត៍​នេះ ដ្បិត​សកម្មភាព​នៃ​ការ​ពុះ​ដីឡូត៍ វា​បាននិងកំពុង​កើតមាន​រួចមកហើយ។ បច្ចុប្បន្ន​និន្នាការ​នៃ​ការ​ពុះ​ដីឡូត៍​មិន​ត្រឹមតែ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ3 ឬ​លេខ4 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​តំបន់​ជាយក្រុង​ផ្សេងទៀត ដូចជា​នៅ​ជិត​ម្តុំ​ភ្នំ​ប្រសិទ្ធិ៍ ដី​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ51 ដី​នៅ​ផ្លូវ​ក្រវាត់ក្រុង​លេខ2 និង​លេខ3 ហើយ​និង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ2 ចាប់ពី​ក្រុង​តាខ្មៅ​ឆ្ពោះទៅ​តំបន់​អភិវឌ្ឍន៍​ជ្រៃ​ធំ ក៏មាន​សកម្មភាព​ពុះកញ្ជ្រោល​ខ្លាំង​ដែរ ខណៈដែល​អាជ្ញាធរ​ខេត្តកណ្តាល​កំពុង​រៀបចំ​តំបន់​ព្រំដែន​ជ្រៃ​ធំ ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​កាស៊ីណូ និង​តំបន់​ពាណិជ្ជកម្ម​ឆ្លងដែន។

ទោះជា​យ៉ាងណាក្ដី មុននឹង​ទិញ​ដីឡូត៍​នៅ​ទីតាំង​ណាមួយ​សម្រាប់​ទុក​លក់​យកចំណេញ ឬ​ទិញ​ទុក​សម្រាប់​សង់​លំនៅឋាន​រស់នៅ​ផ្ទាល់ខ្លួន អតិថិជន​គួរពិនិត្យមើល​ឱ្យ​ច្បាស់​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​ថា តើ​មាន​វា​សក្ដានុពល​អ្វី​ទៅ​ថ្ងៃ​អនាគត​ខ្លះ? តើ​អាច​ក្លាយជា​ទីប្រជុំជន មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​ផ្លូវរដ្ឋ មាន​រោងចក្រ​ឧស្សាហកម្ម ផ្សារ​ សាលារៀន វត្ត​អារាម មន្ទីរពេទ្យ​នៅក្បែរនោះ​ដែរឬទេ? ប្រសិនបើ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដូចខាងលើ​នេះ វា​ប្រាកដជា​ផ្តល់ប្រាក់​ចំណេញ​ត្រឡប់មកវិញ ឬ​អាច​សង់ផ្ទះ​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​នៅក្នុង​គ្រួសារ​មិន​ខាន ព្រោះ​កូន​អាចធ្វើ​ដំណើរ​ទៅ​សាលារៀន​បាន​ងាយស្រួល ពេល​ឈឺ​ថ្កាត់​មាន​មន្ទីរពេទ្យ​នៅក្បែរ ដល់​រដូវ​បុណ្យទាន​ងាយស្រួល​ទៅ​វត្ត​ធ្វើបុណ្យ​ជាដើម។ល៕

Advertisement