ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សព្វផ្សាយ​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់ SME

«ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម(SME)ក្នុង​វិស័យ​អាទិភាព» សម្រាប់​អាជីវកម្ម សហគ្រាស​ចំនួន 6ប្រភេទ​ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំឡើង​នូវ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃទី8 ខែមករា ឆ្នាំ2019 តាមរយៈ​ការផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ124 អនក្រ.បក ចុះ​ថ្ងៃទី2 ខែតុលា ឆ្នាំ2018 ដោយ​ក្នុងនោះ​រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព​ផងដែរ។

ការផ្សព្វផ្សាយ​នេះ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​គោលបំណង​ឱ្យ​សាធារណជន ជាពិសេស​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ជ្រាប​ជា​ព័ត៌មាន និង​អាច​ចាប់យក​នូវ​អត្ថប្រយោជន៍​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នេះ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​បង្កើត​ការងារ​បន្ថែម និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក។

វិស័យ​អាទិភាព​សម្រាប់​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ចំពោះ​អាជីវកម្ម សហគ្រាស​ចំនួន 6ប្រភេទ រួមមាន៖1- ផលិតផល​កសិកម្ម ឬ​ក​សិ-ឧស្សាហកម្ម។ 2- ការផលិត និង​កែច្នៃ​ម្ហូបអាហារ។ 3-កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក កែច្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍។ 4-កម្មន្តសាល​ផលិត​នូវ​ផលិតផល​សម្រេច ឬ​ផ្នែក ឬ​គ្រឿង​ផ្គុំ​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃទៀត។ 5-ស្រាវជ្រាវ និង អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន រួមទាំង​ការផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែលមាន​លក្ខណៈ​នវានុវត្តន៍។ 6-សហគ្រាស​ដែល​ស្ថិតក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នេះ ។

សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​ដូច​បាន​រៀបរាប់​ខាងលើ​អាច​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ដូចជា៖

1-លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន 3ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។

2- លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល 5ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ ចាប់ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ដែល​បាន​បំពេញ​លក្ខខណ្ឌ​ណាមួយ ដូចខាងក្រោម៖ ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក ចាប់ពី 60%ឡើងទៅ ឬ​បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច20% ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម (SME Cluster)។

3- លើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អ​ប្បរមា ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល។

4-លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន ដូចខាងក្រោម៖ ក៖ អនុញ្ញាត​កាត់កង​ចំណាយ 200% ចំពោះ​ចំណាយ​លើ​ការប្រើប្រាស់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន។ ខ៖ អនុញ្ញាត​កាត់កង​ចំណាយ 200% ចំពោះ​ចំណាយ​លើ​ការបណ្តុះបណ្តាល​ការ​កាន់​បញ្ជី​គណនេយ្យ ឬ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និយោជិត និង​គ៖ អនុញ្ញាត​កាត់កង​ចំណាយ150% ចំពោះ​ចំណាយ​វិនិយោគ​លើ​ម៉ាស៊ីន ឬ​ឧបករណ៍​បច្ចេកវិទ្យា ដែលមាន​លក្ខណៈ​នវានុវត្តន៍ សម្រាប់​បម្រើ និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម។

ក្នុង​ការទទួល​បានកា​រ​លើកទឹកចិត្ត​ដូច​បាន​រៀបរាប់​ខាងលើ សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​កាន់​បញ្ជី​គណនេយ្យ និង​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ទៅតាម​កាលកំណត់​ជូន​រដ្ឋបាល​សារពើពន្ធ ទោះបីជា​ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល និង​ត្រូវដាក់​លិខិត​ប្រកាស​បង់ពន្ធ​អាករ​ដទៃ​ទៀត​តាមច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ស្តីពី​ពន្ធដារ​ជា​ធរមាន។ ផ្ទុយទៅវិញ សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មិនបាន​បំពេញ​លក្ខខណ្ឌ​ដូច​បានកំណត់ នៅក្នុង​អនុក្រឹត្យ​នេះ ឬ​ខកខាន​មិនបាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​នានា ដូច​មានចែង​ក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ការលើកទឹកចិត្ត​ដែល​បានផ្តល់​ជូន​នឹង​ត្រូវបាន​ដកហូត​វិញ ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​ធាតុ​ចូលល្អៗបន្ថែមទៀត​សម្រាប់​ជាការ​គិតគូរ​បន្ត ព្រមទាំង​បានស្នើ​ឱ្យ​វិស័យ​ឯកជន សមាគម​នានា​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ភាគី​ពាក់ព័ន្ធ​ធ្វើការ​ស្វែងយល់ និង​ជួយ​ផ្សព្វផ្សាយ​បន្ត​អំពី​គោលនយោបាយ​លើកទឹកចិត្ត​នេះ ដើម្បីឱ្យ​សហគ្រាស​ប្រភេទ​តូច និង​មធ្យម​ទាំងអស់ មានឱកាស​ចាប់យក​អត្ថប្រយោជន៍​ដូច​មានចែង​នៅក្នុង​អនុក្រឹត្យ​ខាងលើ ឱ្យ​បានជា​អតិបរមា៕

Advertisement