ធនាគារជាតិ​ប្រកាស​បញ្ឈប់​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន 4 នៅ​ដើម​ឆ្នាំនេះ

ធនាគារជាតិ​នៅ​កម្ពុជា​ធ្លាប់បាន​ធ្វើការ​ប្រកាស​ព័ត៌មាន និង​ព្រមានធ្ងន់ៗរួចមកហើយ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​បាន​បង្កើន​តម្លៃ​សេវា​របស់ខ្លួន​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​ខ្ចីប្រាក់ និង​លក្ខខណ្ឌ​មួយចំនួនទៀត​ដែល​ធនាគារជាតិ​បាន​កំណត់ថា អាច​ប្រឈម​នឹង​ការបញ្ឈប់​ប្រតិបត្តិការ ឬ​មាន​វិធានការ​ផ្លូវច្បាប់​នានា។

បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​សម្រួល​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​សម្រាប់​ប្រជាជន​នៅ​ទូទាំងប្រទេស​ដោយ​ការកំណត់​ពិតាន​ការប្រាក់​រួចមក ធនាគារជាតិ​នៃ​កម្ពុជា​បាន​មើលឃើញថា​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​បែរជា​បង្កើន​តម្លៃ​សេវាផ្សេងៗរបស់ខ្លួន​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ប្រជាជន​ទៅវិញ។ ជា​វិធានការ​ទប់ស្កាត់ មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ធ្លាប់បាន​ព្រមាន​ហើយ​ថា អាច​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​គ្រឹះស្ថាន​ណា​ដែល​កេង​យកចំណេញ​ច្រើន​ហួសហេតុ​ពេក​ពី​ប្រជាជន។

នៅ​ដើមឆ្នាំ2019 នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការបញ្ឈប់​ប្រតិបត្តិ​ករ​ដែលជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន 4 គឺ៖

ទី1- គ្រឹះស្ថាន វីរៈជន កសិករ ម.ក
ទី2- គ្រឹះស្ថាន វ​ឌ្ឍ​ក​រសិករ ម.ក
ទី3- ឥណទាន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ ម.ក
ទី4 ខេ ភី ភី ឌី ហ្វា​យ​នែ​ន ម.ក

គួរ​បញ្ជាក់ថា ការបញ្ឈប់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ជនបទ​ទាំង4 នេះ ធនាគារជាតិ​នៃ​កម្ពុជា​មិនទាន់បាន​បញ្ជាក់​មូលហេតុ​នៅឡើយ​ទេ គ្រាន់តែ​បាន​ជូនដំណឹង​ដល់​សាធារណជន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យបាន​ជ្រាប​ជា​ព័ត៌មាន​តែប៉ុណ្ណោះ៕

Advertisement