ទៅលេងភ្នំស្អាងកុំភ្លេចភ្លក្សឪឡឹកធម្មជាតិរបស់អ្នកភូមិតានូ

តានូជាភូមិមួយស្ថិតនៅជាប់រមណីយដ្ឋានស្អាងភ្នំ ដែលអ្នកភូមិភាគច្រើនជាកសិករប្រកបរបរកសិកម្មដាំដំណាំផ្សេងៗ ហើយក្នុងនោះក៏មានដំណាំឪឡឹករបស់អ្នកភូមិ ដែលដាំដោយផ្ទាល់ដៃបែបធម្មជាតិ មានរសជាតិផ្អែមឆ្ងាញ់ជាប់មាត់ទៀតផង។

អ្នកស្រី សុខ ហឿន ជាអ្នកលក់ឪឡឹកម្នាក់ក្នុងចំណោមអ្នកលក់ប្រមាណជា 10កន្លែង នៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បាននិយាយថា អ្នកស្រីបានចាប់របរដាំឪឡឹកលក់នេះជាង2ឆ្នាំមកហើយនៅលើផ្ទៃដីប្រហែលកន្លះហិកតា ហើយជារៀងរាល់ថ្ងៃគិតជាមធ្យមអាចលក់បានចន្លោះពី 60000 ទៅ 80000រៀល ប៉ុន្តែបើថ្ងៃអាទិត្យ ថ្ងៃឈប់សម្រាក ឬក៏ថ្ងៃបុណ្យជាតិផ្សេងៗផងនោះ គឺលក់ដាច់ជាងរាល់ថ្ងៃ អាចបានពី 100.000 ទៅ 200.000រៀលឯណោះ។ ចំពោះម៉ូយភាគច្រើនជាអ្នកដំណើរ ដែលឆ្លងកាត់ទីនេះ ព្រោះឪឡឹកនៅភូមិតានូនេះគឺល្បីណាស់សូម្បីតែសម្តេចតេជោ ក៏លោកធ្លាប់ចូលទិញឪឡឹកនៅទីនេះដែរ ហើយអ្វីដែលពិសេសនោះគឺឪឡឹករបស់យើង ដាំតាមគោលការណ៍ធម្មជាតិប្រើជីធម្មជាតិលាមកគោ ឬក៏អាចម៍ប្រចៀវ និងមិនសូវប្រើជីគីមីដូចនៅតាមតំបន់ផ្សេងៗនោះទេ។

កសិករម្នាក់ដែលកំពុងបេះផ្លែឪឡឹក គឺលោក អ៊ុន សារឿន បានប្រាប់ថា គាត់បានចាប់ផ្តើមដាំឪឡឹកនេះតាំងពីឆ្នាំ 1996 មកម៉្លេះ ដែលកាលពីដើមឡើយគឺមានតែបួនប្រាំគ្រួសារប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះគឺជាង 70 ភាគរយហើយ ដោយមិនបានទុកដីឱ្យនៅទំនេរចោលដូចកាលពីពេលកន្លងមក ដែលពេលធ្វើស្រែរួច ក៏លែងដាំដុះដំណាំអ្វី និងចាំតែដល់រដូវធ្វើស្រែនោះទេ។
អ្នកដំណើរម្នាក់ដែលកំពុងអង្គុយរើសផ្លែឪឡឹកគឺអ្នកស្រី ស្រីអូន រស់នៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង បានប្រាប់ថា អ្នកស្រីចូលចិត្តទិញឪឡឹកនៅទីនេះ ព្រោះឪឡឹកនៅទីនេះដាំមិនសូវប្រើថ្នាំដូចឪឡឹកដែលលក់នៅឯផ្សារដែលយើងមិនស្គាល់ប្រភពនោះទេ ហើយមួយវិញទៀតឪឡឹកនៅទីនេះមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។ ហើយអ្នកស្រីមិនត្រឹមតែទិញយកទៅហូបខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងទិញយកទៅផ្ញើបងប្អូននៅឯភ្នំពេញហូបទៀតផង ព្រោះកម្ររកបានឪឡឹកដាំបែបធម្មជាតិបែបនេះណាស់៕

Advertisement