កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ នៅក្នុង​ឆ្នាំនេះ

កម្ពុជា​គ្រោង​នឹង​ដាក់ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ ឬ​ហៅថា E-Commerce សម្រាប់​ប្រទេស​ឱ្យចេញ​ជា​រូបរាង​នៅក្នុង​ឆ្នាំ2019 នេះ។ ការដាក់ចេញ​នូវ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​ធ្វើឡើង​ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​សុវត្ថិភាព​ដល់​អ្នកទិញ និង​អ្នកលក់​លើ​ការប្រកប​អាជីវកម្ម ខណៈ​បច្ចុប្បន្ន​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ​លើ​សំណុំ​ឯកសារ​មួយចំនួន​ដែល​ក្រសួងពាណិជ្ជកម្ម​បានដាក់​ជូន ហើយ​ប្រសិនបើ​ច្បាប់​នេះ​ចេញ​ជា​រូបរាង វា​នឹង​ជួយ​ការពារ​ប្រយោជន៍​ដល់​អ្នកលក់ និង​អ្នកទិញ​ក្នុង​វិស័យ​អន​ឡាញ​នេះ។

លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​ចងក្រង​ឡើង​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ខណៈពេល​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល ពិនិត្យ​កម្រិត​ជំនាញ​នៅ​គណៈរដ្ឋមន្ត្រី។ លោក​បញ្ជាក់ថា៖ «ប្រសិនបើ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ ត្រូវបាន​ពិភាក្សា​ពី​គណៈរដ្ឋមន្ដ្រី​អំពី​កម្រិត​បច្ចេកទេស​រួចហើយ​ឃើញថា​គ្រប់គ្រាន់​នោះ វា​នឹង​អាច​ចេញ​លឿន និយាយ​រួម​ច្បាប់​នេះ​នឹង​ចេញ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ2019 នេះ​តែម្ដង»។

លោក​បន្ដថា «ការដាក់ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ គឺ​ដើម្បី​ជំរុញ​ផលិតផល​ក្នុងស្រុក​ឱ្យមាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ឡើង មានន័យថា ប្រជាជន​នៅ​កម្ពុ​ជាមាន​ប្រមាណ 16លាន​នាក់ តែ​ប្រសិនបើ​យើង​លក់ទំនិញ​តាម​ធម្មតា យើង​លក់បាន​ត្រឹមតែ 16លាន​នាក់​ហ្នឹង​ទេ ប៉ុន្ដែ​បើ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ យើង​នឹង​លក់បាន​ច្រើនជាង​នេះ ព្រោះ​មិន​ត្រឹមតែ​លក់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​លក់​ដល់​បរទេស​ថែម​ទៀតផង»។

លោក​បន្ថែមថា ការដាក់ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ គឺ​ល្អប្រសើរ​បំផុត​សម្រាប់​កម្ពុជា ព្រោះ​វា​ផ្ដល់​ប្រយោជន៍​ដល់​អ្នកលក់ និង​អ្នកទិញ។ មានន័យថា នៅពេល​ច្បាប់​នេះ​ចេញ​ជា​ផ្លូវការ អ្នកលក់​មិនអាច​បោកប្រាស់​អ្នកទិញ​ដោយ​ប្រការផ្សេងៗបាន​នោះទេ ដូចជា៖ ទំនិញ​មិន​ដូច​រូបភាព​បង្ហាញ ទំនិញ​គ្មាន​គុណភាព គ្មាន​ភាព​ទទួលខុសត្រូវ​លើ​ការដឹកជញ្ជូន ឱ្យ​អតិថិជន​ផ្ញើ​លុយ តែ​មិន​ផ្ញើ​ទំនិញ​ឱ្យ​ជាដើម។ ដោយឡែក​សម្រាប់​អ្នកទិញ​ក៏​ដូចគ្នា​ដែរ គឺ​មិនអាច​បោកប្រាស់​អ្នកលក់​ដោយ​ប្រការផ្សេងៗទាំងឡាយ​ដូចគ្នា។

លោក​បាន​ឱ្យដឹងទៀតថា ប្រសិនបើ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ទេនោះ វិស័យនេះ​នឹងមិន​រីកលូតលាស់​លឿន​ដូច​បណ្ដា​ប្រទេសជិតខាង​ឡើយ មួយវិញទៀត​កាលណា​អត់​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ អាច​បណ្ដាលឱ្យមាន​ជម្លោះ ហើយ​បើ​មាន​ជម្លោះ គឺ​មិនអាច​ដោះស្រាយ​បានឡើយ ព្រោះតែ​គ្មាន​ច្បាប់​គ្រប់គ្រង។

លោក​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា តាំងពីដើម​រហូតដល់​បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​ការទូទាត់​ប្រាក់សុទ្ធ និង​ត្រូវ​ទៅដល់​ទីតាំង​ទំនិញ​ផ្ទាល់​តែម្ដង កត្តា​ទាំងនេះ​ធ្វើឱ្យ​ខាត​ពេលវេលា ខាតបង់​ប្រាក់កាស និង​ហានិភ័យ​សម្រាប់​អ្នកលក់ និង​អ្នកទិញ។

លោក​ឧកញ៉ា​បន្ដថា «ប៉ុន្ដែ​បើសិន​បើ​មាន​ការធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ និង​ការទូទាត់​ទំនិញ​តាម​បច្ចេកវិទ្យា Fintech កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា​នោះ មិន​ត្រឹមតែ​ផ្ដល់​ផលចំណេញ​ទាំង​ប្រាក់កាស ពេលវេលា និង​សុវត្ថិភាព​ដល់​អតិថិជន និង​អ្នកលក់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ផុសផុល​ឡើង ពិសេស​ការជំរុញ​ទំនិញ​ក្នុងស្រុក​ឱ្យ​កាន់​តែមាន​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ទៀតផង» ៕

Advertisement