ចំនួនអាផាតមិនផុសឡើងដូចពពុះសាប៊ូ

ភ្នំពេញៈ ចំនួនអាផាតមិនដាក់ចូលទីផ្សារបានកើនឡើងដូចពពុះសាប៊ូ ជាក់ស្តែងគិតត្រឹមដំណាច់ឆ្នាំមុន អាផាតមិន និងខុនដូចំនួន២៩២គម្រោង និងមានផ្ទះចំនួន៧៧០០យូនីតបានដាក់ចូលទីផ្សារ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា ក្នុងអំឡុងឆ្នាំមុនអាផាតមិនបានដាក់ចូលទីផ្សារបានកើនឡើង២០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ស្របពេលជាមួយ​តម្រូវការប្រើប្រាស់បានធ្លាក់ចុះ៨ភាគរយ ដោយសារការផ្គត់ផ្គង់អាផាតមិនច្រើននៅលើទីផ្សារ។

ការសិក្សាដដែលបានរកឃើញផងដែរថា បញ្ហាសំខាន់នៅពីក្រោយការធ្លាក់ចុះតម្រូវការប្រើប្រាស់ គឺដោយសារចំនួនខុនដូបានបញ្ចប់ការសាងសង់ និងដាក់ចូលទីផ្សារបានកើនឡើង ដែ​លធ្វើឲ្យចំណែកទីផ្សារមានការចែករំលែកគ្នា ប៉ុន្តែទោះជាយ៉ាងណាគេនៅតែឃើញ​អត្រាប្រើប្រាស់អាផាតមិនមានកម្រិតខ្ពស់រហូតដល់៩០ភាគរយ។

លោកឧកញ៉ានួន រិទ្ធីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបានវិនិយោគលើអាផាតមិននៅទីក្រុងភ្នំពេញផងដែរនោះបានថ្លែងថា ទីផ្សារ​អាផាតមិននៅតែមានភាពល្អប្រសើរ ទោះបីជាមានការផ្គត់ផ្គង់កើនឡើងក្តី តែអាផា​តមិនដែលបានសាងសង់រួចថ្មីៗនៅតែទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ទាំងក្នុងស្រុក និងជនបរទេស។

លោកបន្តថា ទីផ្សារអាផាតមិនទាល់តែមានតម្រូវការទើបមានការផ្គត់ផ្គង់ ដូច្នេះការវិនិយោគលើអាផាតមិន មិនមានអ្វីគួរឲ្យបារម្ភទេ បើទោះជាមាន​ខុនដូថ្មីៗបានបញ្ចប់ការសាងសង់ច្រើន និងធ្វើឲ្យការប្រកួតប្រជែងកើនឡើងក្តី ក៏តម្រូវការ គោលដៅ និងទីតាំងនៃគម្រោងនីមួយៗមានភាពខុសៗគ្នា ហេតុនេះទើបទីផ្សារអាផា​តមិននៅតែមានភាពល្អប្រសើរ។

អាផាតមិនសំដៅលើអាគារស្នាក់នៅរួម ដែលមានម្ចាស់តែមួយ ឬអ្នកវិនិយោ​គសាងសង់សម្រាប់ឱ្យជួល។ ចំណែកខុនដូជាអាគារសហកម្មសិទ្ធិ ដែលមានម្ចាស់ច្រើន​ហើយអ្នកវិនិយោគសាងសង់វាឡើងសម្រាប់លក់៕

Advertisement