បន្លែ​ផ្កា​ខាត់ណា-បន្លែ​គ្រប់​ប្រភេទ និង​តម្រូវការ​ប្រចាំថ្ងៃ​នៅ​កម្ពុជា

បន្លែ​ផ្កា​ខាត់ណា​ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រភេទ​បន្លែ​មួយ​ដែលមាន​តម្រូវការ​នៅលើ​ទីផ្សារ​ច្រើន ទើប​មាន​កសិករ​ជាច្រើន​បាននាំគ្នា​សង្វាត​ដាំ​បន្លែ​នេះ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ព្រោះ​បន្លែ​នេះ​កំពុងមាន​តម្រូវការ​ខ្ពស់​នៅក្នុង​ទីផ្សារ​ទំនើប​ផង និង​ក៏មាន​តម្រូវការ​ដោយ​ខានមិនបាន​នៅតាម​បណ្តា​អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន​ជាច្រើន​ផងដែរ ហើយតម្លៃ​វា​ក៏​ខ្ពស់​គួរសម​ដែរ។

ជា​មធ្យម​ក្នុង 1ឆ្នាំ ពលរដ្ឋ​កម្ពុជា1នាក់​បរិភោគ​បន្លែ​អស់​ប្រមាណ 100គីឡូក្រាម។ ក្នុងមួយឆ្នាំៗកម្ពុ​ជាមាន​តម្រូវការ​ប្រើប្រាស់​បន្លែ​ជាង 93ម៉ឺន​តោន ក្នុងនោះ​កម្ពុ​ជាមាន​សមត្ថភាព​ផលិត​បន្លែ​ដោយ​ខ្លួនឯងបាន​ប្រមាណ​តែ 42ម៉ឺន​តោន​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ទៅនឹង​តម្រូវ​ការចាំបាច់ និង​ការកើនឡើង​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​កម្ពុជា​បានទេ ដូច្នេះ​កម្ពុជា​ត្រូវ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ជាង50ម៉ឺន​តោន​ទៀត​ក្នុងមួយឆ្នាំ។

លោកស្រី ចាន់ ផល​លឿន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា៖“ប្រទេស​កម្ពុជា​បាន​ចំណាយ​ប្រាក់​សរុប​អស់​ចំនួន​ជាង 200លាន​ដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំៗទៅលើ​ការ​នាំចូល​បន្លែ​យ៉ាងច្រើន​ពី​ប្រទេស​វៀតណាម ថៃ និង​ចិន​ដើម្បី​យកមក​ផ្គត់ផ្គង់​ដល់​តម្រូវការ​នៅក្នុង​ស្រុក ក្នុងនោះ​រួមមាន​ដូចជា ផ្កា​ខាត់ណា មើម​ការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម និង​ផ្កា​ស្ពៃធំៗជាដើម”។

លោកស្រី ចាន់ ផល​លឿន បានឱ្យដឹង​បន្តទៀតថា​ការ​នាំចូល​បន្លែ​ដែលមាន​តម្លៃ​ដ៏​ច្រើនសន្ធឹកសន្ធាប់​នេះ គឺ​ដោយសារ​តែមាន​បញ្ហា​កត្តា​អាកាសធាតុ និង​បញ្ហា​នៃ​ការ​កង្វះ​ចំណេះដឹង​ផ្នែក​បច្ចេកទេស​របស់​ប្រជាកសិករ​កម្ពុជា។ លោកស្រី​បន្ថែមថា “ក្រសួងកសិកម្ម​កំពុង​ទទួលបាន​គម្រោង​មួយ គឺ​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ដែល​នឹង​អនុវត្ត​នៅតាម​ខេត្ត​គោលដៅ​ចំនួន8 ក្នុង​ការធ្វើ​ផលិតកម្ម​បន្លែ និង​ខេត្ត​គោលដៅ​ចំនួន 11ទៀត សម្រាប់​ការធ្វើ​ផលិតកម្ម​ស្រូវ​ក្រអូប​ដើម្បី​ធ្វើការ​នាំចេញ”។

ដោយឡែក​អ្នកជំនាញ​ខាង​ទីផ្សារ​បន្លែ​នៅ​កម្ពុជាលោក ទួត សេង​ហ័ង អ្នកជំនាញ​ទីផ្សារ​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ក្រៅពី​បន្លែ​ជាច្រើន​មុខ ផ្កា​ខាត់ណា​ជា​បន្លែ​ដែល​ទទួលបាន​ផល​ប្រភេទ​ទី 4របស់​សមាគម​យើង​បាន​ដែល​បាន​ដាំ​នៅលើ​ផ្ទៃដី​ប្រមាណ​ជាង 20ហិកតា។

លោក​បានឱ្យដឹងថា ផ្កា​ខាត់ណា ជា​ប្រភេទ​រុក្ខជាតិ​បន្លែ​ផ្តល់​ផ្កា ដែលមាន​រដូវ​កាល​សម្រាប់​ដាំ​របស់​វា។ យោងទៅតាម​ប្រទេស​កម្ពុជា​យើង​មាន​រដូវ​ត្រជាក់​រយៈពេល​ខ្លី​ចន្លោះ​ពី​ខែតុលា ដល់ខែកុម្ភៈ ជា​ការដាំដុះ​បានល្អ​ពី​ខែវិច្ឆិកា​ដល់​ខែធ្នូហើយ​ពេល​ខាត់ណា​ឈានចូល​រដូវក្តៅ មិន​អំណោយផល​ដល់​ប្រភេទ​ពូជធ្ងន់​ឡើយ វា​សមស្រប​តែ​ពូជ​ស្រាល និង​ពូជ​កណ្តាល ដែលមាន​អាយុកាល55-75ថ្ងៃ​ប៉ុណ្ណោះ។ វា​អាច​ដុះ​លូតលាស់​បាន​ចាប់ពី​វាលរាប​ដល់​ខ្ពង់រាប ប៉ុន្តែ​ផ្ទៃដីរយៈកម្ពស់​សមស្រប​មាន​ពី800-1200ម៉ នឹងធ្វើឱ្យ​មានទិន្នផល​ខ្ពស់ ។ ផ្កាខាត់ណាគេ​ចាត់បញ្ចូល​ទៅក្នុង​ដំណាំ​ដែល​ត្រូវការ​សីតុណ្ហភាព​ទាប ព្រោះ​តម្រូវការ​មធ្យម​ប្រចាំថ្ងៃ​របស់​វាគឺពី15-20អង្សា​សេ ។

ដោយសារ​តែមាន​ការទទួល​ទាន​ច្រើន និង​តម្រូវការ​ក៏​ច្រើន​ដែរនោះ ទើប​ធ្វើឱ្យ​បន្លែ​នេះ​មិនមាន​ស្ថិរភាព​តម្លៃ​ទៀងទាត់​នោះទេ ដោយ​វា​នឹង​ប្រែប្រួល​ទៅតាម​ពេលវេលាមមាញឹកដែលមាន​តម្រូវការ​ខ្ពស់ ដូចជា​រដូវ​បុណ្យទានផ្សេងៗ ពិសេស​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌម្តងៗ ចូលឆ្នាំ​ចិន និង​ចូលឆ្នាំ​ខ្មែរ ផ្កា​ខាត់ណា​នឹង​លក់បាន​ថ្លៃ ក្នុង1គីឡូក្រាម​ស្មើនឹង 6,000រៀល ទៅ12,000រៀល តែ​លោក សេង​ហ័ង ក៏បាន​បញ្ជាក់ដែរថា ក្នុង​រដូវ​ដែល​សម្បូរ​បន្លែ​ផ្កា​ខាត់ណា តម្លៃ​ដែល​លក់​ចេញ​បាន 1គីឡូ​ថ្លៃ​ត្រឹមតែ3,500-4,000រៀល​ប៉ុណ្ណោះ​ក៏​គាត់​ទទួលបាន​ចំណូល​សរុប ស្មើនឹង 32000000រៀល​ដែរ ដែល​បច្ចុប្បន្ន​បន្លែ​ផ្កា​ខាត់ណា របស់​សមាគម​លោក បាន​ត្រូវ​យកមក​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ទំនើប​ឡាក់​គី ផ្សារ​អង្គរ និង​ផ្សារ​កសិករ​នៅ​ខេត្តសៀមរាប និង​នៅ​ភ្នំពេញ​300Kgក្នុង1ថ្ងៃ​ផងដែរ។

លោក​ក៏បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ដែរ​ថា នា​ថ្ងៃ​ខាងមុខ​នឹងមាន​ការសាងសង់​ផ្សារ​ទំនើប​បន្ថែមទៀត​នៅ​ខេត្តសៀមរាប រួមទាំង​ផ្សារ​ម៉ាក្រូ​នៅ​ខេត្តសៀមរាបផង សមាគម​នឹង​បន្ថែម​នូវ​តម្រូវ​ការដែល​ទីផ្សារ​ទំនើប​ទាំងនោះ​ចង់បាន។ លោកបាន​បន្ថែមថា​លោក​ក៏មាន​មហិច្ឆតា ក្នុង​ការពង្រីក​ការដាំដុះ​ដំណាំ​បន្លែ​ផ្កា​ខាត់ណា ដើម្បីបំពេញ​សេចក្តីត្រូវការ​របស់​ប្រជាព​ល​រដ្ឋ និង​អាហារ​ដ្ឋា​ន​ដែល​កំពុង​កើនឡើង​ផង ដោយ​ការផ្គត់​ផ្គង់​នេះ​ត្រូវតម្រូវឱ្យ​សមាគម​លោក​នឹង​ពង្រីក​គម្រោង​ការដាំដុះ​ឱ្យបាន​ដល់100ហិកតា៕

Advertisement