ឆ្នាំ2019នេះ ប្រជាជន​កម្ពុជា​អាចនឹងទទួល​បាន​អត្រា​ការប្រាក់​ទាប សម្រាប់​កម្ចី​ឥណទាន​អាជីវកម្ម

ដោយសារ​កម្ចី​ឥណទាន​របស់​កម្ពុ​ជានា​ពេល​កន្លងទៅ គឺមាន​គោលដៅ​សំខាន់បំផុត​ក្នុងការ-​អភិវឌ្ឍ​សេដ្ឋកិច្ច​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើឱ្យ​ធនាគារ​ចិន​យកការប្រាក់​ឱ្យទាប​ទៅលើ​កម្ចី​ឥណទាន​សម្រាប់​ប្រទេស​កម្ពុជា។នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ស្តីពី​ជំនួប​ជាមួយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ចិន​នៅ​ទីក្រុង​ប៉េកាំង។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ចិន លោក​Chen Siqing នៅ​ប្រទេស​ចិន ដោយបាន​លើកឡើង​អំពី​តម្រូវការ​នៃ​ទុន​ជាច្រើន ហើយ​សព្វថ្ងៃនេះ​អ្នកវិនិយោគ​ចិន​មាន​ទុន​ច្រើន និង​មាន​សាខា​ច្រើន​លើ​ពិភពលោក​ដូច្នេះ​ធនាគារ​ចិន​អាចជួយ​សម្រេច​នូវ​តម្រូវការ​មួយ​នេះ​បាន។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្ចី​របស់​កម្ពុជា​នាពេល​កន្លងទៅ គឺមាន​គោលដៅ​សំខាន់បំផុត​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដូច្នេះ​សម្តេច​ស្នើ​ធនាគារ​ចិន​ផ្តល់​ការប្រាក់​ឱ្យបាន​ទាប​ទៅលើ​កម្ចី​នោះ។ សម្តេចនាយក​រដ្ឋមន្ត្រី​បានបង្ហាញ​ការគាំទ្រ​ឱ្យមាន​ការចុះហត្ថលេខារ​វាង​ធនាគារ​ចិន​ជាមួយ​ស្ថាប័ន​របស់​កម្ពុជា​នូវ​រាល់​គម្រោង​ទាំងឡាយ ណា​ដែល​ស្ថិតក្រោម​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ ក៏ដូចជា​ស្ថិតនៅក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ឆ្នាំនេះ​ប្រទេស​ចិន​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​នៅ​ខែមេសា​ខាងមុខនេះ ដោយ​ធនាគារ​ចិន​នឹងមាន​ការចុះ​កិច្ចព្រមព្រៀង​មួយចំនួន​ដើម្បី​ផ្តល់​ឥណទាន​ដល់​ក្រុមហ៊ុន​នានា​ដែល​ស្ថិតនៅក្នុង​គម្រោង​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​នេះ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ប្រធាន​ធនាគារ​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​គម្រោង​វិនិយោគ​នានា​ដែល​គាំទ្រ​ដោយ​ធនាគារ​ចិន។

នៅក្នុង​ជំនួប​សម្តែង​ការគួរ​សមលោក ឆេន ស៊ី​ឈី​ង(Chen Siqing)បាន​អះអាង​ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ថា លោក​នឹង​បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ជាពិសេស គឺ​ផ្តល់ទុន​សម្រាប់​ក្រុមហ៊ុន​នានា​របស់​ចិន​ដែល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ដែរ​ថា សម្តេច​ចង់ឃើញ​ឱ្យមាន​ការចុះ​កិច្ចព្រមព្រៀង​នៃ​គម្រោង​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​គម្រោង​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ។ ជាពិសេស​សម្តេច​បាន​ចាត់តាំង​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលជា​ស្ថាប័ន​របស់​រដ្ឋ​ធ្វើការ​ជាមួយ​ធនាគារ​ចិន។

សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ដែរ​ថាសម្តេច​ចាប់អារម្មណ៍​ចំពោះ​ការប្រកាស​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ក្នុងការ​បង្កើត​វិថី​សូត្រ​សតវត្សរ៍​ទី21នេះ​ឡើង ដែលជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជា​សមាជិក។ សម្រាប់​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា អាទិភាព​របស់​កម្ពុជា​ទាំងអស់​ទាំង​រដ្ឋ និង​ឯកជន​គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យធំៗចំនួន4 គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស ទឹក ផ្លូវ និង​ភ្លើង​ដែលជា​វិស័យ​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល។

សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ផងដែរ​ឱ្យ​ធនាគារ​ចិន​ផ្តល់ទុន​សម្រាប់​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​វិនិយោគ​ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​វិស័យ​កសិកម្ម ជាដើម ដើម្បី​ជំរុញ​ការកែច្នៃ​កសិផល​របស់​កម្ពុជា។ ចំណែក​ថាមពល​អគ្គិសនី​ក៏​ជា​រឿង​សំខាន់​ផងដែរ​សម្រាប់​កម្ពុជា សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ធនាគារ​ចិន​បន្ត​គាំទ្រ​ដល់​ការកសាង​ខ្សែបណ្តាញ​ចែកចាយ​អគ្គិសនី​នេះ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ ស្ពាន ព្រលានយន្តហោះ និង​កំពង់ផែ​ជាដើម គឺ​ត្រូវការ​ទុន​ជាច្រើន​ពី​មហាមិត្ត​ចិន។

លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​សមាគម​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​យល់ថា ជាការ​លំបាក​ដែល​ប្រតិបត្តិ​ករ​ធនាគារ​អាច​បន្ទាប​តម្លៃ​ការប្រាក់​សម្រាប់​កម្ចី​ឥណទាន ព្រោះ​ធនាគារ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន តែបើ​គេច​ង់ គេ​អាច​បន្ទាប​បាន តែ​វា​អាស្រ័យ​លើ​គោលនយោបាយ​ដែរ។

លោក​បន្តថា ប្រសិនបើ​សំណើ​រាជរដ្ឋាភិបាល​នោះ​ត្រូវបាន​អនុវត្ត គឺ​ការ​បន្ទាប​តម្លៃ​ការប្រាក់​នឹង​អាច​ធ្វើបាន​តាមរយៈ​មីក្រូហិរញ្ញវត្ថុ តែបើ​ធនាគា​នោះ​ជា​ធនាគារពាណិជ្ជ ឬ​ជា​សាខា​ធនាគារ​ចិន​នៅ​ស្រុក​យើង អាចអនុវត្ត​ទៅបាន​អាស្រ័យ​ថ្លៃដើមរបស់​ធនាគារ​នោះ ទាល់តែ​គាត់​ទូទាត់​ថ្លៃដើម​រួចរាល់ទើប​ធនាគារ​នោះ​ឱ្យ​ខ្ចី​ក្នុង​រូបភាព​ការយក​ចំណេញ​តិចតួច។ តែ​ទឹកប្រាក់​ជា​ទុនវិនិយោគ​បរទេស វា​ថ្លៃ​ស្រាប់ ដូច្នេះ​នៅពេលដែល​ផ្តល់​កម្ចី វា​នៅតែ​ថ្លៃ​ដដែល។

លោកនាយក​ប្រតិបត្តិ​ក៏បាន​បញ្ជាក់ដែរថា៖“ដូច្នេះ​វា​សំខាន់​លើ​ថ្លៃដើម ព្រោះ​គ្រឹះស្ថាន​ឯកជនធនាគារ​ចិន ឬ​ធនាគារ​បរទេស​ណា​ក៏​ជា​គ្រឹះស្ថានហិរញ្ញវត្ថុ​ឯកជន​ដែរ គាត់​រកស៊ី​តែងតែ​រក​ផលចំណេញ បើ​គាត់​មិន​ចង់​ចំណេញ ក៏​គាត់​ត្រូវការ​ថ្លៃដើម​ដែរ។ បើ​ថ្លៃដើម​គាត់​ខ្ពស់​ទៅហើយ គាត់​ធ្វើ​ម៉េច​ឱ្យ​យើង​ខ្ចីក្នុងតម្លៃ​ទាប​ជាង​ថ្លៃដើម​គាត់​បាន? នេះ​ជា​ទ្រឹស្តី​អ្នកសេដ្ឋកិច្ច‟។

លោក​បញ្ជាក់ដែរថា ខ្ញុំ​ជឿថា មិនមែន​រាជរដ្ឋាភិបាល​គ្មាន​លទ្ធភាព​ក្នុង​ការធ្វើ​រឿងនេះ​ទេ គឺ​រដ្ឋាភិបាល​អាចធ្វើ​កា​រ​បន្ទាប​តម្លៃ​ការប្រាក់​នៃ​កម្ចី​ឥណទាន​សម្រាប់​ពលរដ្ឋ​បាន​តាមរយៈ​ការពិភាក្សា ឬ​ការផ្តល់​គោលនយោបាយ​លើកទឹកចិត្ត នោះគេ​នឹង​ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​មកឱ្យ ហើយ​ខាង​ស្ថាប័នហិរញ្ញវត្ថុ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹង​បន្ត​ឱ្យទៅ​ប្រជាជន​ខ្ចី​ក្នុង​កម្រិត​អត្រា​ការប្រាក់​ទាប​បាន។

លោក យុន សុ​វណ្ណា បាន​បន្ថែមថា៖“វា​មាន​រូបភាព​ច្រើន​ដែល​យើង​អាច​នឹង​ធ្វើបាន ហើយ​រាជរដ្ឋាភិបាល​នឹង​ពិចារណា ហើយ​យើង​ជា​ឯកជន បើ​បាន​ថ្លៃដើម​ទាប​យើង​គាំទ្រ ពិសេស​វិស័យ​អាទិភាព​ដូចជា​កសិកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ឬ​ការវិនិយោគ​លើ​តិច​ណូ​ឡូ​ជី ដែលជា​ទិសដៅ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជាយើងៗគាំទ្រ​នូវ​គម្រោង​នេះ”។

សូមបញ្ជាក់ថា បច្ចុប្បន្ន​ទំហំ​វិនិយោគ​បាន​ស្ទុះ​ឡើង​រហូតដល់​ប្រមាណ 6.7ប៊ី​លាន​ដុល្លារ កើន​ប្រមាណ7% បៀ​ប​នឹង​ឆ្នាំ2017 ក្នុងនោះ​ប្រទេស​ចិនបន្ត​ស្ថិតនៅ​ជា​ប្រទេស​នាំមុខគេ ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ2018ដែលមាន​ទំហំ​ទុនវិនិយោគ​សរុប​ប្រមាណ 3.7ប៊ីលាន​ដុល្លារ ស្មើនឹង53% នៃ​ទំហំ​វិនិយោគ​សរុបពោលគឺ​កើនឡើង​ប្រមាណ54% ធៀប​នឹង​ឆ្នាំ2017 ហើយ​ប្រទេស​ទាំង2 ក៏បាន​ដាក់ចេញ​ផងដែរ​នូវ​គោលដៅថ្មីៗទៀត​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឈានដល់ 10ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ2023៕

Advertisement