គម្រោង GOLD TOWER 42 បានបញ្ចប់​ការសាងសង់​គ្រោង​អគារ​របស់ខ្លួន​ហើយ

គ្រោង​អគារ Gold Tower 42 ជាន់​បានបញ្ចប់​ការសាងសង់​ហើយ​កាលពី​ថ្ងៃ​ចន្ទ (ទី២៨ មករា) បន្ទាប់ពី​សំណង់​អគារ​មួយ​នេះ​ត្រូវបាន​ពន្យារពេល​សាងសង់​បន្ត​អស់​ជាច្រើន​ឆ្នាំកន្លងមក។

ក្រុមហ៊ុន Yon Woo Cambodia ដែលជា​ក្រុមហ៊ុន​កាន់កាប់​អគារ Gold Tower 42 ជាន់​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែវិច្ឆិកា ឆ្នាំ2017 កន្លងទៅ​ជាមួយ​ក្រុមហ៊ុន Shenzhen Hongtao Co.,Ltd និង​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin ក្នុងការ​ទទួលខុសត្រូវ​បញ្ចប់​គម្រោង​នេះ។

សំណង់​អគារ 42ជាន់ ស្ថិតនៅ​ចំ​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ត្រង់ចំណុច​ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះសីហនុ។ គម្រោង​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ2008 ហើយ​បាន​ពន្យារពេល 3ដង​មកហើយ ពោលគឺ ម្តង​នៅក្នុង​ឆ្នាំ 2009 ដោយសារតែ​វិបត្តិ​ហិរញ្ញវត្ថុ​សកល និង​ម្តងទៀត​នៅ​ឆ្នាំ2012។ បន្ទាប់មក​សំណង់​នេះ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ 2013 ក្រោយមក​បាន​បញ្ឈប់​ទៅវិញ​ម្តងទៀត​នៅ​ឆ្នាំ2017។

ក្រុមហ៊ុន Yon Woo Cambodia ធ្លាប់បាន​ប្រកាស​កាលពី​ឆ្នាំ2018 ថា សំណង់​អគារ 42 ជាន់​នេះ​បាន​ចំណាយ​ទុនវិនិយោគ​អស់​ប្រមាណ​ជា 100លាន​ដុល្លារ​អាមេរិក​រួចមកហើយ ហើយ​ទឹកប្រាក់​ជាង 140លាន​ដុល្លារ​អាមេរិក​ទៀត​នឹងត្រូវ​វិនិយោគ​បន្ថែម​ដើម្បី​បញ្ចប់​គម្រោង​ទាំងមូល។

ដោយឡែក​កាលពី​ថ្ងៃទី28 ខែមករា​ម្សិលមិញ​នេះ គម្រោង​សាងសង់ Gold Tower 42 ជាន់​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​សាងសង់​បញ្ចប់​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin (ខេ​ម​បូ​ឌា) បានធ្វើការ​បញ្ចប់​គ្រោង​អគារ​នេះ​ផ្នែក​ខាងក្រៅ​ជា​ផ្លូវការ​ហើយ៕

Advertisement