ការ​ពិសោធ​ដាំដុះ​ដំឡូងបារាំង​នៅក្នុង​ខេត្តមណ្ឌលគិរី​កំពុង​ទទួល​បាន​ទិន្នផល​ល្អ​

អ្នកជំនាញ​កសិកម្ម​បាន​សន្និដ្ឋាន​ថា​ ​តំបន់​ខ្ពង់រាប​របស់​ខេត្តមណ្ឌលគិរី​ ​គឺ​សមរម្យ​សម្រាប់​ការ​ដាំដុះ​ដំឡូងបារាំង​ ​ដែល​ការ​ពិសោធ​ដាំដុះ​ដំឡូងបារាំង​នៅ​ទីនោះ​បាន​ឈាន​ចូល​ដល់​ឆ្នាំទី3​ ​ហើយ​ ​បើ​ទោះជា​ពុំ​ទទួល​បាន​ទិន្នផល​ខ្ពស់​ដូច​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ក្ដី​ ​ប៉ុន្ដែ​ក៏អាច​បញ្ជាក់​ថា​ ​ដំឡូងបារាំង​ពិតជា​អាច​ដាំ​បាន​នៅក្នុង​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​។​

​លោក​សាស្ត្រា​ចារ្យ​ ​ជាង​ ​ហុង​ ​ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​ក្នុង​ឆ្នាំនេះ​ ​យើង​បាន​ប្រមូល​ផល​ដំឡូងបារាំង​ដែល​មាន​ទាំងអស់​ពូជ​ចំនួន​ ​6ប្រភេទ​ ​ដែល​យើង​បាន​ជ្រើសរើស​កាលពី​ឆ្នាំ​កន្លងមក​ ​ហើយ​ឆ្នាំនេះ​ជា​ការ​ពិសោធ​លើក​ទី3​ ​ហើយដែល​បាន​ទទួល​ទិន្នផល​ច្រើន​គួរសម​ ​តែ​មិន​អាច​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​មួយចំនួន​ដូច​នៅ​អឺរ៉ុប​បានទេ​”​

​លោក​សាស្ត្រា​ចារ្យ​ ​ជាង​ ​ហុង​ ​បាន​បញ្ជាក់​ថា​៖​“​សម្រាប់​កម្ពុជា​ ​ការ​ដាំដំឡូង​បារាំង​ក្នុង​ ​1ហិ​ក​តា​នឹង​ទទួល​បាន​ទិន្នផល​ពី17​ ​ទៅ​ ​20តោន​ ​និង​លក់​បាន​​ក្នុង​ ​1គីឡូក្រាម​តម្លៃ​ ​4ពាន់​រៀល​ ​ឬ1ដុល្លារ​។​ ​ដូច្នេះ​បើ​ក្នុង​ ​1ហិ​ក​តា​ ​បាន​ទិន្នផល​ ​17តោន​ ​យ៉ាងតិច​បំផុត​ក៏​យើង​បាន​ជាង​ ​1ម៉ឺន​ដុល្លារ​ដែរ​”​។​

​លោក​សាស្ត្រា​ចារ្យ​បាន​អះអាង​ថា​ ​តែ​អ្វី​ដែល​ច្បាស់​នោះ​ ​គឺ​ដំឡូងបារាំង​ពិតជា​អាច​ដាំ​បាន​នៅ​ខេត្តមណ្ឌលគិរី​ដោយ​ផ្អែកលើ​ការ​ពិសោធ​ដាំដុះ​ជាក់ស្ដែង​រយៈពេល​ ​3ឆ្នាំ​កន្លងមក​ដែល​មាន​បច្ចេកទេស​គ្រប់គ្រាន់​ ​មានពូជ​ដែល​សមស្រប​នឹង​អាកាសធាតុ​នៅ​តំបន់​នោះ​ ​ហើយ​ទិន្នផល​វិញ​ ​ក៏​ទទួល​បាន​ខ្ពស់​បង្គួរ​ដែរ​។​

​លោក​ ​សុង​ ​ឃាង​ ​ប្រធានមន្ទីរ​កសិកម្ម​ខេត្តមណ្ឌលគិរី​ ​បាន​ថ្លែង​ថា​ ​ការសាកល្បង​ដែល​បាន​ធ្វើឡើង​ក្នុងរយៈពេល​ ​3ឆ្នាំ​ចុងក្រោយ​នេះ​ដែល​មន្ទីរ​កសិកម្ម​បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ ​បាន​បង្ហាញថា​ ​ដី​នៅក្នុង​ខេត្តមណ្ឌលគិរី​បាន​បំពេញ​តាម​តម្រូវការ​សម្រាប់​ការ​ដាំដុះ​ដំឡូងបារាំង​មែន​។​

​លោក​បាន​មានប្រសាសន៍​ថា​៖​ ​“​បន្ទាប់ពី​ធ្វើតេស្ត3ឆ្នាំ​ ​យើង​អាច​សន្និដ្ឋាន​ថា​ ​ខេត្តមណ្ឌលគិរី​អាច​ផលិត​ដំឡូង​ដែល​មានគុណ​ភាព​ខ្ពស់​បាន​ ​ហើយ​អាច​កំណត់​បាន​ពូជ​ដែល​ត្រូវ​ដាំ​ ​និង​សមស្រប​តាមអាកាស​ធាតុ​ ​ដូច្នេះ​លទ្ធផល​នេះ​មាន​សារៈសំខាន់​ណាស់​ ​ជាពិសេស​ជាមួយនឹង​តម្រូវការ​ដំឡូងបារាំង​នៅក្នុង​ប្រទេស​យើង​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​នាំចូល​ទាំងស្រុង​”​។​

​លោក​ប្រធានមន្ទីរ​សង្ឃឹមថា​ ​ឆ្នាំក្រោយ​ ​ការ​ដាំដំឡូង​បារាំង​នេះ​នឹង​សាយភាយ​ដល់​កសិករ​ ​ដែល​មាន​ចំណាប់​អារម្មណ៍​ ​ព្រោះ​តម្លៃ​ក៏​ល្អ​ដែរ​ ​ជាពិសេស​យើង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​ដាំដុះ​ ​ជ្រើសរើស​ពូជ​ជូន​ដល់​កសិករ​ផង​ដែរ​ ​ព្រោះ​ឆ្នាំទី3នេះ​ ​លទ្ធផល​នៃ​ការ​ដាំដុះ​មាន​ភាពល្អ​ប្រសើរណាស់​។​

​យោង​តាម​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំឡូងបារាំង​ដែល​ជា​មជ្ឈមណ្ឌល​មួយ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​នាំចូល​ដំឡូងបារាំង​ជាង​ ​5ម៉ឺន​តោន​ជា​រៀងរាល់​ឆ្នាំ​ពី​ប្រទេស​ថៃ​ ​ចិន​ ​ជប៉ុន​ ​វៀតណាម​ ​អូស្ត្រាលី​ ​និង​សហរដ្ឋអាមេរិក​។​

​ការសិក្សា​អំពី​ការ​ដាំដុះ​ដំឡូងបារាំង​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​អនុវត្ត​ចាប់តាំងពី​ដើមឆ្នាំ2017​ ​ក្នុង​គោលបំណង​ស្វែងរក​តំបន់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សមស្រប​សម្រាប់​ការ​ដាំដុះ​ដំណាំ​ដំឡូងបារាំង​។​ ​ការ​ធ្វើតេស្ត​លើកដំបូង​ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំឡូងបារាំង​បាន​បង្ហាញថា​ ​ខេត្តពោធិ៍សាត់​ ​និង​ខេត្តបាត់ដំបង​ក៏​មាន​ដី​ត្រឹមត្រូវ​ ​និង​អាកាសធាតុ​ល្អ​សម្រាប់​ការ​ដាំដុះ​ដំណាំ​នេះ​ដែរ​។​ ​ការស្រាវជ្រាវ​នេះ​ ​គឺជា​កិច្ចសហការ​រវាង​ក្រសួង​កសិកម្ម​ ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​កូរ៉េ​ ​និង​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​។​

​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ ​លោក​ ​ង៉ោ​ ​ប៊ុ​ន​ថាន​ ​បាន​មានប្រសាសន៍​ផង​ដែរ​ថា​ ​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​ ​និង​ពិសោធន៍​រួចមក​ ​ឃើញថា​ ​ដំឡូងបារាំង​ដែល​យក​មក​ដាំ​នៅ​ខេត្តមណ្ឌលគិរី​នេះ​ ​ជា​លទ្ធផល​យើង​ត្រូវ​មាន​កញ្ចប់​បច្ចេកទេស​ក្នុង​ការ​ដាំដុះ​ដំឡូងបារាំង​ ​ទើប​អាច​ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ​ ​និង​អាច​ដាំ​បាន​ហើយ​នៅ​ខេត្តមណ្ឌលគិរី​។​ ​ដូច្នេះ​លោក​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម​ ​និង​មហាវិទ្យាល័យ​កសិកម្ម​ចំការ​ដូង​ ​ត្រូវ​សហការ​គ្នា​ជួយ​ដល់​កសិករ​រូប​ណា​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ដាំដំឡូង​បារាំង​នេះ​។​

​សូម​បញ្ជាក់​ថា​ ​លោក​ ​ង៉ោ​ ​ប៊ុ​ន​ថាន​ ​សាកល​វិទ្យា​ធិការ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ធ្លាប់​បាន​ដឹកនាំ​ក្រុម​និស្សិត​ចំនួន​ ​45នាក់​ចុះ​ធ្វើ​កម្មសិក្សា​ពី​លទ្ធផល​នៃ​ការ​ពិសោធ​ការ​ដាំដុះ​ដំឡូងបារាំង​នៅ​ក្រុង​សែនមនោរម្យ​។​ ​ការ​ធ្វើ​កម្មសិក្សា​សម្រាប់​ក្រុម​និស្សិត​នេះ​ ​គឺ​ដើម្បី​ឱ្យ​ពួកគេ​បានដឹង​ពី​បច្ចេកទេស​នៃ​ការ​ដាំដុះ​ដំណាំ​ដំឡូងបារាំង​ ​និង​ការ​ប្រមូល​ផល​ដោយ​ផ្ទាល់​ ​ព្រមទាំង​សិក្សា​ស្វែងយល់​ពី​ប្រភេទ​ពូជ​ដែល​អាច​ដាំដុះ​បាន​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​៕​

Advertisement