ការនាំចេញ​ទៅ​ប្រទេស​ជប៉ុន​របស់​កម្ពុជា​កើនឡើង​ ​27​%​ ​ក្នុង​ឆ្នាំ2018​

អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ ​The​ ​Japan​ ​External​ ​Trade​ ​Organization​ ​(​JETRO​)​ ​បាន​បង្ហាញ​តួលេខ​ចុងក្រោយ​បង្អស់​របស់​ខ្លួន​ថា​ ​ការនាំចេញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជប៉ុន​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅក្នុង​ឆ្នាំ2018​ ​ដោយ​ការនាំចេញ​បាន​កើនឡើង​ ​27.3​%​ ​និង​ការនាំចូល​កើនឡើង​ ​19.2​%​។​

​ចាប់ពី​ខែមករា​ ​ដល់​ខែធ្នូ​ ​ឆ្នាំទៅ​ ​ការ​ដឹកជញ្ជូន​ទំនិញ​ដែល​មានតម្លៃ​ជាង​ ​1.6ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​ ​ខណៈ​ដែល​កម្ពុជា​បាន​ទិញទំនិញ​ពីជ​ប៉ុន​មកវិញ​គិតជា​ទឹកប្រាក់​ចំនួន​ ​421លាន​ដុល្លារ​។​ ​ដោយឡែក​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​នៅក្នុង​ខែធ្នូ​តែមួយ​ ​បាន​កើនឡើង19,9​%​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ​ខណៈ​ការនាំចូល​បាន​កើនឡើង19.2​%​។​

​ក្នុងអំឡុងពេល​នោះ​ ​ការនាំចេញ​មានតម្លៃ​ ​119.8លាន​ដុល្លារ​ ​ខណៈ​ការនាំចូល​មាន​ ​45.6លាន​ដុល្លារ​។​ ​ការនាំចេញ​របស់​កម្ពុជា​ភាគច្រើន​ ​គឺ​សម្លៀកបំពាក់​ ​ផលិតផល​ស្បែកជើង​ ​ហើយ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​
​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ប្រទេស​ជប៉ុន​បាន​នាំចេញ​ភាគច្រើន​ជា​គ្រឿងម៉ាស៊ីន​ ​រថយន្ត​ ​និង​គ្រឿង​អេឡិចត្រូនិក​ ​សាច់គោ​ ​ដែក​ ​និង​ថ្នាំពេទ្យ​ចូល​មក​កម្ពុជា​។​

​នាយកដ្ឋាន​នាំចេញ​ ​និង​នាំចូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ជប៉ុន​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។​ ​បច្ចុប្បន្ន​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុងតែ​ជំរុញ​ផលិតផល​របស់​កម្ពុជា​ឱ្យទៅ​ដល់ដៃ​ប្រជាជន​ជប៉ុន​ ​ហើយ​ប្រជាជន​ជប៉ុន​ក៏​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​ទំនិញ​ដែល​បាន​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ ​ហូ​ ​ស៊ី​វយ៉ុង​ ​ប្រធាន​នាយកដ្ឋាន​នាំចេញ​ ​និង​នាំចូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា​ ​“​គោលដៅ​នេះ​គឺ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​កម្ពុជា​ ​និង​បង្កើត​រោងចក្រ​កែច្នៃ​ ​និង​វេច​ខ្ចប់​ដែល​នឹង​ជួយ​ឱ្យ​យើង​ធ្វើ​ពិពិធ​កម្មការ​នាំចេញ​លើស​ពី​សម្លៀកបំពាក់​ ​និង​ស្បែកជើង​”​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ​ជាពិសេស​ក្នុង​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ជប៉ុន​ ​ពីព្រោះ​វា​ជា​គន្លឹះ​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ ​ដែល​នៅតែ​បន្ត​គ្របដណ្ដប់​ដោយ​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​។​ ​លោក​បញ្ជាក់​ថា​៖​“​បច្ចុប្បន្ន​វិនិយោគិន​ជប៉ុន​កាន់តែ​ច្រើន​កំពុង​មក​វិនិយោគ​នៅ​កម្ពុជា​ ​កំណើន​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​កំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង​”​។​

​បច្ចុប្បន្ន​គេ​បាន​មើលឃើញ​ថា​ ​វិនិយោគិន​ជប៉ុន​ភាគច្រើន​ដែល​មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ថៃ​ពីមុន​មក​ ​បានសម្រេច​មក​ចិត្ត​បង្កើត​រោងចក្រ​របស់​ពួកគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដោយសារតែ​វា​មានតម្លៃ​ពលកម្ម​ទាប​ ​និង​មាន​ស្ថិរភាព​នយោបាយ​។​

ការលើកដាក់កុងតឺន័រនៅក្នុងកំពង់ផែ

​កម្ពុជា​ក៏​កំពុង​ទាក់ទាញ​ការ​វិនិយោគ​របស់​ជប៉ុន​ផង​ដែរ​ ​ដោយសារតែ​គោលនយោបាយ​វិនិយោគ​របស់​ខ្លួន​ ​ដែល​រួមមាន​ការសម្រាក​ពន្ធ​ជាច្រើន​សម្រាប់​ការ​វិ​និ​យោ​គ​ធំៗ​។​ ​លើស​ពីនេះ​ទៀត​វិនិយោគិន​ជប៉ុន​បានដឹង​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​នឹង​បន្ត​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​ ​ដោយ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិនៃកម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ​វិស័យ​ផលិតកម្ម​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា​ ​ដោយ​បាន​ជួល​កម្មករ​កម្ពុជា​ជាង​ ​1លាន​នាក់​។​

​ការនាំចេញ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​កាលពី​ឆ្នាំមុន​ ​ស្មើនឹង​ ​10ពាន់​លាន​ដុល្លារ​ ​(​ស្មើនឹង73.7​%​ ​នៃ​ការនាំចេញ​សរុប​)​។​ ​ការនាំចេញ​គ្រឿងបន្លាស់​អេឡិចត្រូនិក​ ​និង​គ្រឿងបន្លាស់​រថយន្ត​បាន​កើនឡើង​ចំនួន​ ​3ដង​ ​ខណៈ​ការនាំចេញ​កង់​ ​បាន​កើនឡើង12​%​។​ ​កំណើន​នៃ​ការនាំចេញ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​ ​ជាពិសេស​នៅ​អាមេរិក​ខាងជើង​ ​សហភាព​អឺរ៉ុប​ ​និង​ជប៉ុន​ដែល​ជាទី​ផ្សារ​នាំចេញ​ចម្បង​របស់​កម្ពុជា​។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ ​ចម​ ​ប្រសិទ្ធ​ ​រដ្ឋមន្ត្រី​ឧស្សាហកម្ម​ ​និង​សិប្បកម្ម​កម្ពុជា​ ​ក្នុង​ជំនួប​ជាមួយ​លោក​បណ្ឌិត​ ​Fumio​ ​Yamada​ ​ប្រធាន​សមាគម​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន Japan​ ​Cambodia​ ​Interactive​ ​Association​ ​(​JCIA​)​បាន​បង្ហាញ​ជូន​វិនិយោគិន​ជប៉ុន​ពី​សក្តា​នុ​ពល​ ​និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ​ដែល​បាន​ទទួលការ​ចាប់អារម្មណ៍​យ៉ាងច្រើន​ពី​ភាគី​ជប៉ុន​។​

​លោក​បណ្ឌិត​ ​Fumio​ ​Yamada​ ​ក៏បាន​ឧទ្ទេសនាម​ពី​ក្រុម​ប្រតិភូ​អមដំណើរ​ជាមួយ​លោក​ដែល​ជា​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​មាន​ក្រុមហ៊ុន​ជាស​មា​ជិ​ក​ជាង​ ​400ក្រុមហ៊ុន​ ​មាន​ជំនាញ​ផ្នែក​វិស្វកម្ម​ ​និង​ស្ថាបត្យកម្ម​លើ​សំណង់​លំនៅឋាន​ ​និង​អគារ​ពាណិជ្ជ​កម្ម​ធំៗ​ដែល​មានបំណង​វិនិយោគ​ ​និង​បណ្តុះបណ្តាល​ផ្នែក​វិស្វកម្ម​ដល់​ជនជាតិ​កម្ពុជា​ផង​ដែរ​។​ ​ជាមួយគ្នា​នេះ​ក៏​មាន​ក្រុមហ៊ុន​ផលិត​ម៉ូទ័រ​ទឹកដែល​នឹង​ចាប់ផ្តើម​ធ្វើការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​នា​ពេល​ខាងមុខនេះ​ដែរ​។​

លោក​បណ្ឌិត​ ​Fumio​ ​Yamada​

​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ក៏បាន​ស្វាគមន៍​ផង​ដែរ​ចំពោះ​ក្រុមហ៊ុន​សំណង់​ ​និង​ក្រុមហ៊ុន​ផលិត​ម៉ូទ័រ​ទឹកដែល​កំពុង​ស្រប​នឹង​សភាពការណ៍​វិវឌ្ឍន៍​ជាក់ស្តែង​នៅ​កម្ពុជា​។​ ​ម្យ៉ាងទៀត​បច្ចេកទេស​របស់​ជប៉ុន​ត្រូវ​បាន​ទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ទូលំទូលាយ​ ​ក៏ដូចជា​ទូទាំង​ពិភពលោក​ផង​ដែរ​។​

​ដោយឡែក​ទាក់ទង​នឹង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​ភាគី​ជប៉ុន​យកចិត្ត​ទុកដាក់​បន្ថែម​លើ​ជំនាញ​វិស្វកម្ម​ ​ជំនាញ​អេឡិចត្រូនិក​ ​ឬ​ជំនាញ​ដំឡើង​គ្រឿងយន្ត​ជាដើម​ ​ព្រមទាំង​ជំនាញ​ភាសាអង់គ្លេស​ ​និង​ភាសា​ជប៉ុន​ថែមទៀត​ដើម្បី​ឱ្យ​ស្រ​បនឺង​បរិបទ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​ ​នា​ពេល​បច្ចុប្បន្ន​នេះ​៕​

Advertisement