តម្លៃ​គ្រាប់ស្វាយចន្ទី​ឆ្នាំនេះ​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​ខ្លាំង

គ្រាប់ស្វាយ​ចន្ទី​នៅដើម​ឆ្នាំនេះ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​សម្បើម​ ដែល​ធ្វើ​កសិករ​មានការ​រអ៊ូរទាំ​ និង​ខកចិត្ត​ជា​ខ្លាំង​ និង​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ជួយ​រិះរក​វិធានការ​ទប់ស្កាត់​កុំឱ្យ​ឈ្មួញ​ទម្លាក់​ថ្លៃ​ដូច្នេះ​។

អ្នកស្រី​ ណេន​ សេង​ហ៊ុន​ ម្ចាស់​ចម្ការ​ស្វាយចន្ទី​ម្នាក់​ក្នុងចំណោម​កសិករ​ច្រើន​នាក់​ទៀត​ នៅក្នុង​ភូមិ​ទើន​ ឃុំ​ទើន​ ស្រុក​កូនមុំ​ ខេត្តរតនគិរី​ បានឱ្យ​ដឹង​ថា​ កសិករ​ពិតជា​មានការ​ខកចិត្ត​ជា​ខ្លាំង​ ដោយសារ​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​ឆ្នាំនេះ​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​ខុសពី​ឆ្នាំ​កន្លង​ៗទៅ​ ដែល​ធ្វើ​ឱ្យ​កសិករ​ម្នា​ក់ៗ​ត្រូវ​ខាតបង់​ប្រាក់កាក់​អស់​ជាច្រើន​។ អ្នកស្រី​អះអាង​ថា​ គ្រាប់ស្វាយ​ចន្ទី​កាលពី​ឆ្នាំមុន​មានតម្លៃ​ចន្លោះ​ពី7​,000​ ទៅ8​,000រៀល​ក្នុង​មួយ​គីឡូក្រាម​ តែ​នៅពេល​ដល់​រដូវ​ប្រមូល​ផល​ក្នុង​ឆ្នាំនេះ​ ស្រាប់តែ​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ រហូត​មក​នៅ​ត្រឹម​ 5,000រៀល​ក្នុង​មួយ​គីឡូក្រាម​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខាតបង់​ក្នុង​ការ​ចំណាយ​កម្លាំង​ពលកម្ម​ ក៏ដូចជា​ខាតបង់​ថវិកា​ក្នុង​ការទិញ​ថ្នាំ​បំប៉ន​មក​ថែទាំ​ផលិតផល​ឱ្យ​បាន​ល្អ​។

កសិករ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ដែរ​ថា​ ឆ្នាំនេះ​ទោះជា​មានការ​ថែបំប៉ន​ បាញ់ថ្នាំ​ ដាក់ជី​ឱ្យ​កាន់តែ​ច្រើនយ៉ាង​ណាក៏ដោយ​ ក៏​ស្វាយចន្ទី​មិនសូវ​កាន់​ផ្លែ​ដូច​ឆ្នាំមុន​ដែរ​ ដោយសារ​អាកាសធាតុ​ខ្លាំងពេក​ ធ្វើ​ឱ្យ​ផ្កា​ជ្រុះ​ស្ទើរ​អស់ពី​ដើម​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ចន្ទី​មិនសូវ​មាន​ផ្លែ​ និង​ការ​ប្រមូល​ទិន្នផល​ក៏​ធ្លាក់ចុះ​ខ្លាំង​ទៅតាម​ហ្នឹង​ដែរ​ និង​ដោយសារ​ចង់បាន​ប្រាក់ចំណេញ​ច្រើន​ កាលពីដើម​រដូវ​គ្រួសារ​អ្នកស្រី​បានសម្រេច​ចិត្ត​ម៉ៅទិញ​ដើម​ស្វាយចន្ទី​របស់​អ្នកភូមិ​ជា​កសិករ​ក្បែរ​ៗនោះ​ប្រមាណ​ជា​ 6ហិ​កតា​យកមក​ថែទាំ​ទុក​សម្រាប់​បេះ​ផ្លែ​លក់​ថែមទៀត​ តែ​មិន​នឹកស្មាន​ថា​ បែរជា​ខាតឡុងចុង​អស់ប្រាក់​រាប់ពាន់​ដុល្លារ​ ដោយសារ​ការ​ប្រមូល​ផល​ធ្លាក់ចុះ​ខ្លាំង​ ថែមទាំង​តម្លៃ​ក៏​ធ្លាក់ចុះ​យ៉ាង​គំហុក​បែប​មិនធ្លាប់​មាន​ពី​មុន​ៗមក​ទៀតផង​។

ចំណែក​លោក​ នី​ ស៊ី​ម កសិករ​ដាំ​ស្វាយចន្ទី​នៅ​ស្រុក​គូ​លេន​ ខេត្តព្រះវិហារ​ ក៏បាន​សម្តែង​ការ​ខកចិត្ត​ខ្លាំង​ដែរ​ ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​នេះ​។ លោក​ឱ្យ​ដឹង​ថា​កាលពី​ឆ្នាំមុន​ តម្លៃ​គ្រាប់ស្វាយ​ចន្ទី​ត្រូវ​ឈ្មួញ​ប្រមូល​ទិញ​យក​ទៅ​លក់​នៅ​ប្រទេសក្រៅ​ ក្នុង​មួយ​គីឡូក្រាម​តម្លៃ​ចន្លោះ​ពី​ 7,000​ ដល់​ 8,000រៀល​ ចំណែក​ចូល​មកដល់​ឆ្នាំនេះ​ឈ្មួញ​ បាន​ទម្លាក់​តម្លៃ​ចុះ​ជាង​មុន​ខ្លាំង​ ដោយ​ទទួល​ទិញ​ត្រឹមតែ​តម្លៃ​ 5,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​។ លោក​បន្ត​ថា​ គ្រាប់ស្វាយ​ចន្ទី​នៅក្នុង​ស្រុក​គូ​លេន​ ទើបតែ​ចាប់ផ្តើម​ប្រមូល​ផល​ បាន​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ ក្នុង​ផ្ទៃដី​ប្រមាណ​ជា​ 30ហិ​កតា​ អាច​ប្រមូល​ផល​បាន​ចន្លោះ​ពី​ 30​ ទៅ​ 40គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​ ដែល​ត្រូវ​ចំណាយ​ថ្លៃឈ្នួល​ពលកម្ម​ 3 ទៅ4នាក់​ដើម្បី​ដើរ​រើស​គ្រាប់ស្វាយ​ចន្ទី​ ដោយ​ម្នា​ក់ៗ​ទទួល​បាន​ប្រាក់​ពី​ 30​,000​ ទៅ40​,000រៀល​ក្នុង​មួយថ្ងៃ​ ដែល​សរុបទៅ​មិន​មាន​សល់​ប្រាក់ចំណេញ​ឡើយ​ ទាល់តែ​ចំណាយពេល​ដើរ​រើស​ដោយខ្លួនឯង​ ទើប​នៅសល់​ប្រាក់ចំណេញ​ខ្លះ​គ្រាន់​បាន​ដោះស្រាយ​ម្ហូបអាហារ​ប្រចាំថ្ងៃ​។

លោក​បានឱ្យ​ដឹង​ទៀត​ថា​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ2018កន្លងទៅ​ ស្វាយចន្ទី​ចាប់ផ្តើម​ចេញផ្កា​ម្តង​រួចមក​ហើយ​ តែ​ដោយសារ​អាកាសធាតុ​ក្តៅ​បាន​ធ្វើ​ឱ្យ​ផ្កា​ជ្រុះ​អស់​មិនបាន​ប្រមូល​ផល​ទេ​ ហើយ​កសិករ​នៅ​តំបន់​នោះ​ក៏​ចាប់ផ្តើម​បាញ់ថ្នាំ​ បញ្ជា​ឱ្យ​ចេញផ្កា​ម្តង​ទៀត​ ទើប​ចេញផ្កា​ និង​មាន​ផ្លែ​ជាថ្មី​ ធ្វើ​ឱ្យ​អាច​ចាប់ផ្តើម​ប្រមូល​ផល​បាន​ទៀត​មកទល់​បច្ចុប្បន្ន​ រហូតដល់​ខែមេសា​ធ្លាក់​ភ្លៀង​ទើប​ប្រមូល​ផល​អស់​។ លោក​ប្រាប់​ថា​ គ្រាប់ស្វាយ​ចន្ទី​នៅ​ខេត្តព្រះវិហារ​ត្រូវ​បាន​ឈ្មួញ​ប្រមូល​ទិញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ មិន​មាន​ឈ្មួញ​បរទេស​ចុះ​មក​ទិញ​ដូច​ឆ្នាំ​មុន​ៗទៀត​ឡើយ​ ទើប​ជាហេតុ​ធ្វើ​ឱ្យ​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​ធ្លាក់ចុះ​ជាង​ឆ្នាំមុន​បែបនេះ​។

ជាមួយគ្នា​នេះ​លោក​ ច្រឹក​ ពិសិដ្ឋ​ ឈ្មួញ​ទិញ​គ្រាប់ស្វាយ​ចន្ទី​ពី​ស្រុក​កូនមុំ​ ខេត្តរតនគិរី​ ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ការ​ធ្លាក់ចុះ​នៃ​តម្លៃ​គ្រាប់ស្វាយ​ចន្ទី​នេះ​ គឺ​ដោយសារតែ​តម្រូវការ​គ្រាប់ស្វាយ​ចន្ទី​មានការ​ធ្លាក់ចុះ​នៅ​លើ​ទីផ្សារ​បរទេស​នៅ​ឆ្នាំនេះ​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ថា​ កាលពី​ឆ្នាំមុន​ គ្រាប់ស្វាយ​ចន្ទី​មានការ​បញ្ជាទិញ​ច្រើន​ពី​វិនិយោគិន​ជនជាតិ​ឥណ្ឌា​ និង​ជនជាតិ​ចិន​ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ​មិន​មាន​ឈ្មួញ​បរទេស​កុងត្រា​ទិញ​ពី​កសិករ​ដូច​ឆ្នាំ​មុន​ៗទៀត​ឡើយ​ ហើយ​លោក​ថា​ កសិករ​គ្មាន​ជម្រើស​ផ្សេង​ គឺ​មានតែ​លក់​ឱ្យ​តែ​ឈ្មួញ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ ដែល​ដំណាក់កាល​ដំបូង​ពេល​ប្រមូល​ផល​ តម្លៃ​គ្រាប់ស្វាយ​ចន្ទី​នៅ​លក់​ចេញ​បាន​តម្លៃ​ 7,000រៀល​ដែរ​ក្នុង​មួយ​គីឡូក្រាម​ ប៉ុន្តែ​ដោយសារ​មិន​មានការ​ប្រកួតប្រជែង​ទិញ​ពី​ឈ្មួញ​ក្រៅប្រទេស​ដូច​ឆ្នាំ​មុន​ៗនោះ​ ទើប​ធ្វើ​ឱ្យ​ឈ្មូ​ញប្រ​ទេស​វៀតណាម​ទម្លាក់​តម្លៃ​ទិន្នផល​គ្រាប់ស្វាយ​ចន្ទី​របស់​កសិករ​ខ្មែរ​តែម្តង​៕

Advertisement