ដើមឆ្នាំ​ថ្មីនេះ​កម្ពុជា​ទទួល​បាន​ជើងហោះហើរ​អន្តរជាតិ​ជាង​ 600ជើង​ក្នុង​មួយ​សប្ដាហ៍​

ក្នុង​អំឡុង​ខែមករា​ ឆ្នាំ2019​ នេះ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​តាម​ជើង​យន្តហោះ​ចំនួន​ 636ជើងហោះហើរ​ទៅ​-មក​ក្នុង​មួយ​សប្តាហ៍​ ( Regular​ Flights​ &​; Charter​ Flights​) តាមរយៈ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ទាំង3​ មាន​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ សៀមរាប​ និង​ព្រះសីហនុ​។ នេះ​បើ​យោង​តាម​ប្រភព​ពត៌មាន​ពី​ក្រុមហ៊ុន​ Cambodia​ Airport​ ដែល​បាន​លើកឡើង​ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​មន្រី្ត​ក្រសួងវប្បធម៌​ និង​ទេសចរណ៍​ នៃ​ប្រទេស​ចិន​។

ក្នុងចំណោម​ជើងហោះហើរ​សរុប​ក្នុង​មួ​យស​ប្តាហ៍ៗ​ ខាងលើ​នេះ​ មាន​ប្រមាណ​ 339ជើង​ចុះ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដោយ​ភ្ជាប់​ពីទី​ក្រុង​ចំនួន​ 39ជុំវិញ​ពិភពលោក​ និង​ 25ក្រុមហ៊ុន​អាកាសចរណ៍​។ ចំណែក​ជើងហោះហើរ​ប្រមាណ​ 240​ បាន​ចុះ​ និង​ឆ្លងកាត់​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ ដោយ​ភ្ជាប់​ពីទី​ក្រុង​ចំនួន58ជុំវិញ​ពិភពលោក​តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន19​ ខណៈ​ជើងហោះហើរ​ 57ទៀត​ចុះ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ ដែល​ភ្ជាប់​ពីទី​ក្រុង​ចំនួន22​ ដោយក្រុម​ហ៊ុន​អាកាសចរណ៍​ចំនួន11​។

ជាមួយគ្នា​នឹង​កំណើន​ជើងហោះហើរ​នេះ​ដែរ​កម្ពុជា​រំពឹង​ថា​ នឹងអាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ 3លាន​នាក់​នៅ​ឆ្នាំ2020​ ខាងមុខនេះ​ ហើយនឹង​មាន​កំណើន​ជាបន្តបន្ទាប់​រហូតដល់​ 5លាន​នាក់​ក្នុង​ឆ្នាំ2025​ និង​ 8លាន​នាក់​ក្នុង​ឆ្នាំ2030​។ នេះ​ជា​ការ​លើកឡើង​របស់​ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នា​កិច្ចប្រជុំ​ទ្វេភាគី​ដោយឡែក​មួយទៀត​ជាមួយ​លោក​ ឡ ស៊ូ​កាង​ (Luo​ Shugang​) រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ និង​ទេសចរណ៍​ នៅ​ទី​ស្តី​ការក្រ​សួង​ទេសចរណ៍​។

ក្នុង​ជំនួប​នោះ​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្ត​ទៀត​ថា​៖ “អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ គឺ​មិន​អាច​កាត់​ផ្តាច់​ចេញពី​កំណើន​នៃ​លំហូរ​ទេសចរ​ និង​វិនិយោគិន​ចិន​បានទេ​ ព្រោះថា​កំណើន​ភ្ញៀវ​ទេសចរ​ចិន​ គឺជា​កាលានុវត្តន៍​ដ៏​សំខាន់​ដែល​មិន​ត្រឹមតែ​ជំរុញ​នូវ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​បង្កើត​នូវ​ឱកាស​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗនៅ​កម្ពុជា​ ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចាត់ទុក​ប្រទេស​ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ​ និង​ជា​ប្រភព​ទីផ្សារ​ដ៏​សំខាន់​បំផុត​សម្រាប់​មូលដ្ឋាន​នៃ​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​”។

ឯកឧត្តម​ ថោង​ ខុន​ បាន​មានប្រសាសន៍​ថា​ កំណើន​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​មិន​ត្រឹមតែ​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ឱ្យ​ល្អ​ប្រសើរ​ឡើង​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​ថែមទាំង​ជួយ​ពង្រឹង​ដល់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កម្ពុជា​-ចិន​ និង​រវាង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​ផង​ដែរ​។ ឯកឧត្តម​គូសបញ្ជាក់​ថា​ មិនមែន​តែ​កម្ពុជា​ទេ​ដែល​ត្រូវការ​កំណើន​ភ្ញៀវ​ទេសចរ​ចិន​ គឺ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល​ និង​ពិភពលោក​ក៏​ត្រូវការ​កំណើន​ទេសចរ​ចិន​ដែរ​។

សូម​បញ្ជាក់​ថា​ នៅក្នុង​ឆ្នាំ2018​ ភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ធ្វើ​ទេសចរណ៍​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ1.9លាន​នាក់​ កើនឡើង71​% បើ​ធៀប​ទៅ​នឹង​ឆ្នាំ2017​ ដែល​មាន​ចំនួន​តែ​ជាង​ 1.2លាន​នាក់​ប៉ុណ្ណោះ​ និង​ដោយឡែក​ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​ធ្វើដំណើរ​តាមយន្តហោះ​ត្រង់​មក​កម្ពុជា​ មាន​ចំនួន207ជើង​ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ 12ក្រុមហ៊ុន​។ សរុប​ក្នុង​មួយ​ឆ្នាំ​ៗកម្ពុជា​មាន​ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​ធ្វើដំណើរ​ហោះហើរ​ត្រង់​មក​កម្ពុជា​មាន​ចំនួន​ 1,504ជើង​។ នេះ​បើ​តាម​ឯកឧត្តម​ ហោ​ ណាំ​ហុង​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ថ្លែង​នៅក្នុង​ឱកាស​ប្រារព្ធ​ទិវា​“ឆ្នាំ​វប្បធម៌​-ទេសចរណ៍​រវាង​កម្ពុជា​ និង​ចិន​” កាលពី​ថ្ងៃទី29​ មករា​កន្លងទៅ​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កាលពី​ថ្ងៃទី7​ មករា​ ឆ្នាំ2019កន្លងទៅ​ មានការ​បើក​សម្ពោធ​ជើងហោះហើរ​ថ្មី​មួយទៀត​ពីទី​ក្រុង​ប៉េកាំង​ មក​ភ្នំពេញ​ ដែល​ប្រតិបត្តិ​ការ​ដោយក្រុម​ហ៊ុន​ Air​ China​ និង​បាន​ហោះហើរ​យ៉ាង​ទៀងទាត់​ក្នុង1ថ្ងៃ​ 1ជើង​។ ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី​រូប​នេះ​ក៏បាន​មានប្រសាសន៍​ដែរ​ថា​៖“ខ្ញុំ​មានការ​ជឿជាក់​ថា​ នឹង​មានការ​កើនឡើង​នៃ​ការហោះហើរ​ជាច្រើន​ថែមទៀត​រវាង​កម្ពុជា​ និង​ចិន​ដែល​នឹង​នាំ​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែមទៀត​”។

ដោយឡែក​ ដោយសារតែ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​កម្ពុជា​មានការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ និង​ដើម្បី​បំពេញ​ចំពោះ​កំណើន​ភ្ញៀវ​ទេសចរ​នេះ​ ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ នឹង​មាន​តម្រូវការ​មគ្គុទ្ទេសក៍​ទេសចរណ៍​ប្រមាណ​ជាង​ 10,000នាក់​នៅ​ឆ្នាំ2020​ ខណៈ​បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​មគ្គុ​ទេ​សក៍​ទេសចរណ៍​ប្រមាណ​តែ​ជិត​ 6,000នាក់​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​លោក​ ទ្រី​ ឈីវ​ ប្រធាន​លេខាធិការ​ដ្ឋាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ នៃ​ក្រសួងទេសចរណ៍​។

លោក​បាន​បន្ដ​ថា​ មគ្គុទ្ទេសក៍​ទេសចរណ៍​ដែល​មាន​តម្រូវការ​ខ្ពស់​ជាងគេ​ គឺ​មគ្គុទេ្ទសក៍​ទេសចរណ៍​និយាយ​ភាសា​ចិន​ ព្រោះថា​ កំណើន​អ្នកទេសចរ​ជនជាតិ​ចិន​ ដែល​ចូល​មក​ទស្សនា​កម្ពុជា​ ជាពិសេស​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ឃើញថា​មានការ​កើនឡើង​ជាបន្តបន្ទាប់​ ក្នុង​នោះ​នៅ​ឆ្នាំ2016​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ជាង67ម៉ឺន​នាក់​ នៅ​ឆ្នាំ2017​ មាន​ចំនួន​ 91ម៉ឺន​នាក់​ និង​នៅ​ឆ្នាំ2018​ ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ 1.9លាន​នាក់​ ឃើញថា​មានការ​កើនឡើង​ជាលំដាប់​៕

Advertisement