រដ្ឋាភិបាលបញ្ចេញប្រាក់ 20លានដុល្លារ ជួយលើវិស័យបន្លែ ដើម្បីកាត់បន្ថយការនាំចូល

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម បានបញ្ចេញទឹកប្រាក់ 20លានដុល្លារ លើគម្រោងដាំដុះបន្លែក្នុងស្រុកគ្មានជាតិគីមី ដើម្បីកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។

លោក គៀន សុភា អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី7 មិថុនានេះថា បច្ចុប្បន្នបញ្ហាបន្លែ និងផ្លែឈើ ដែលប្រជាពលរដ្ឋបានធ្វើការដាំដុះយកមកផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមានការខ្វះខាតជាច្រើន។ ជាមូលដ្ឋាន គឺដោយសារការដាំដុះបន្លែរបស់ប្រជាពលរដ្ឋមានបច្ចេកទេសអន់ថយ ពោលគឺដោយសារការដាំដុះរបស់ពួកគាត់បច្ចុប្បន្នធ្វើទៅតាមទម្លាប់ ដូចជាការរែកទឹកស្រោចជាដើម។ ប្រជាពលរដ្ឋជាង 2ពាន់នាក់នៅក្នុងខេត្តគោលដៅចំនួន 8 នឹងក្លាយជាកសិករគំរូក្នុងការអនុវត្តកសិកម្មល្អ លើទិសដៅជំរុញផលិតកម្មបន្លែឲ្យបាន 160តោនក្នុងមួយថ្ងៃ ដើម្បីធ្វើការផ្គត់ផ្គង់នៅតាមទីផ្សារ។

លោកបន្តថា រាជរដ្ឋាភិបាលបានផ្តល់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទទួលគម្រោងអនុវត្តន៍ដោយផ្ទាល់នូវទឹកប្រាក់ 20 លានដុល្លារ សម្រាប់ការជំរុញការផលិតបន្លែសុវត្ថិភាពជំនួសការនាំចូល និងគម្រោងផលិតពូជស្រូវក្រអូប ដែលជាពូជស្រូវសុទ្ធសម្រាប់ការនាំចេញផងដែរ។

ក្នុងនោះសម្រាប់គម្រោងដាំបន្លែវិញ ក្រសួងបានជ្រើសយកខេត្តគោលដៅចំនួន8 គឺខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប ដោយមានប្រជាកសិករចូលរួមចំនួន 2,060 នាក់ ដែលបច្ចុប្បន្នប្រជាកសិករទាំងនោះ កំពុងទទួលបានការបណ្តុះបណ្តាលនៅក្នុងជំនាញដាំដុះ ដើម្បីក្លាយជាកសិករគំរូ ក្នុងការអនុវត្តកសិកម្មល្អ លើទិសដៅជំរុញការផ្គត់ផ្គង់ឲ្យបាន 160 តោនក្នុងមួយថ្ងៃ ខណៈដែលទីផ្សារសព្វថ្ងៃកំពុងខ្វះខាតបន្លែ ។

លោក គៀន សុភា បានថ្លែងឲ្យដឹងទៀតថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងរៀបចំផែនការថ្មីមួយទៀតផងដែរ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធស្រោចស្រពជាប្រព័ន្ធប្រឡាយសម្រាប់ធ្វើការដាំដុះបន្លែ ដើម្បីជំរុញការផ្គត់ផ្គង់បន្លែ និងផ្លែឈើសុវត្ថិភាព ឲ្យបានគ្រប់គ្រាន់នាពេលខាងមុខ ដើម្បីបម្រើទីផ្សារក្នុងស្រុកផងដែរ៕

Advertisement