កំណើនសេដ្ឋកិច្ចកើនជាង 8% ដោយសារការចាយលុយដុល្លារ

ក្នុងរយៈពេល 15ឆ្នាំចុងក្រោយនេះ ដុល្លាររូបនីយកម្ម បានរួមចំណែកជាវិជ្ជមាន ដល់ការរីកចម្រើនសកម្មភាពសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជា 8.5% ខណៈប្រាក់ដុល្លារត្រូវបានចរាចរយ៉ាងទូលំទូលាយនៅកម្ពុជា ប្រមាណជាង 80% ធៀបនឹងប្រាក់រៀល។

តាមរបាយការណ៏ធនាគារជាតិ បានលើកឡើងថា ល្បឿនកំណើនដ៍គួរឱ្យកត់សម្គាល់នេះ ត្រូវបានជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស ការនាំចេញ និងសមាហរណកម្មយ៉ាងឆាប់រហ័សទៅក្នុងតំបន់ និងពិភពលោក។ ទោះយ៉ាងនេះក្តី ខណៈដែលកម្ពុជា កំពុងក្លាយទៅជាប្រ​ទេសមានចំណូលមធ្យម កម្រិតដុល្លាររូបនីយកម្មខ្ពស់ បានធ្វើឱ្យកម្ពុជាងាយរងឥទ្ឋិពលពីខាងក្រៅ និងប្រឈមនឹងហានិភ័យជាចម្បង ដែលអាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចដែរ។

Advertisement

រូបិយវត្ថុជាតិតំណាងឱ្យអធិបតេយ្យភាពផ្នែករូបិយវត្ថុ និងភាពរឹងមាំរបស់ជាតិ កម្ពុជាចាំបាច់ត្រូវបង្កើនភាពឯករាជ្យពីការប្រើប្រាស់រូបិយវត្ថុជាតិ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្រ្តជំរុញការប្រើប្រាក់រៀល តាមរយៈការបង់ពន្ធ ការបង់ថ្លៃទឹកភ្លើង ត្រូវធ្វើឡើងជាប្រាក់រៀល រួមនឹងការរក្សាតម្លៃប្រាក់រៀល តាមរយៈការធ្វើអត្រាប្តូរប្រាក់ឱ្យមានស្ថេរភាពជាដើម។

កន្លងមករាជរដ្ឋាភិបាល​ និងធនាគារជាតិ មិនបានប្រើប្រាស់វិធានការរដ្ឋបាល ដើម្បីបង្ខំឱ្យសាធា​រណៈជនប្រើប្រាស់ប្រាក់រៀលនោះទេ ដោយហេតុថាការជំរុញនេះ អាចបណ្តាលឱ្យមានទីផ្សារងងឹតប្រើប្រាស់ប្រាក់ដុល្លារអាមេរិក និងលំហូរមូលធនចេញពីប្រទេស។ រដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា នឹងបន្តប្រើប្រាស់យុទ្ធសាស្រ្ត លើកទឹកចិត្តក្នុងការប្រើប្រាស់ប្រាក់រៀល ជំនួសឱ្យវិធានការរដ្ឋបាល។

ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា កត្តាសំខាន់ដែលនឹងជួយជំរុញឱ្យមានការផ្លាស់ប្តូរ ទៅរកការ​ប្រើប្រាស់រូបិយវត្ថុជាតិ អាស្រ័យជាចាំបាច់លើការរួមចំណែក ពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់​។ ការរួមចំណែកទាំងនេះ អាចត្រូវបានធ្វើឡើងតាមរយៈ ការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើនឡើងក្នុងជីវភាពប្រចាំថ្ងៃ ចាប់តាំងពីការខ្ចីប្រាក់រៀលរហូតដល់ទិញទំនិញនៅតាមទីផ្សារ ការវិនិយោគសោធននិវត្តន៍ជាដើម។ ចរាចរណ៍ប្រាក់រៀលកាន់តែច្រើននៅលើទីផ្សារ នឹងពង្រឹងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាពនៅពេលអនាគត ជាចាំបាច់គឺត្រូវយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល៕

 

Advertisement