ក្រុមហ៊ុនអ័រគីដេ វីឡាបោះទុន 350លានដុល្លារសាងសង់គម្រោងថ្មី

ភ្នំពេញៈ ក្រុមហ៊ុនអ័រគីដេ វីឡាចំណាយថវិកាជាង 350លានដុល្លារ ដើម្បីសាងសង់គម្រោងអ័រគីដេ ឌឺរ៉ូយ៉ាល់ ខនដូមីនៀម ដើម្បីផ្តល់ជូនអតិថិជននូវលំនៅឋានមួយថ្មី ប្លែក ទំនើប និងស៊ីវិល័យ ប្រកបដោយផាសុកភាព និងសុវត្ថិភាព ស្របតាមស្តង់ដារពិភពលោក។

ប្រធានផ្នែកលក់នៃក្រុមហ៊ុន អ័រគីដេ វីឡាលោកសេង ពិសិដ្ឋបានថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធបើកការដ្ឋាន សាងសង់គម្រោងអ័រគីដេ ឌឺរ៉ូយ៉ាល់ ខនដូមីនៀម ស្ថិតនៅតាមបណ្តោយផ្លូវ 2004កាលពីថ្ងៃម្សិលមិញថា ការបើកសម្ពោធគម្រោងអ័រគីដេ ឌឺរ៉ូយ៉ាល់ ខនដូមីនៀម គឺជាការបង្ហាញនូវជោគជ័យថ្មីមួយទៀត ក្រោមការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអ័រគីដេ វីឡា ជាក់ស្តែងក្រុមហ៊ុនអ័រគីដេ វីឡាបានជ្រើសរើសយកក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីមួយ ដើម្បីជំរុញការស្ថាបនាប្រកបដោយភាពទទួលខុសត្រូវ ជាពិសេសផ្តល់សុវត្ថិភាពខ្ពស់ក្នុងការរស់នៅ។

លោកបានឲ្យដឹងទៀតថា ការចាប់ផ្តើមស្ថាបនាគម្រោងខុនដូដ៏ធំមួយនេះឡើង គឺត្រូវការចំណាយថវិកាជាង 350លានដុល្លារ ដើម្បីផ្តល់ជូនអតិថិជននូវលំនៅឋានមួយថ្មី ប្លែក ទំនើប និងស៊ីវិល័យ ប្រកបដោយផាសុកភាព និងសុវត្ថិភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យលំនៅឋាននៅកម្ពុជា និងជាការផ្តល់ជូននូវលំនៅឋានមួយថ្មី ដែលមានសេវាកម្មពេញលេញ សម្រាប់បំពេញគ្រប់តម្រូវការរស់នៅរបស់អតិថិជនក្នុងពេលបច្ចុប្បន្ន។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារខុនដូនៅកម្ពុជានៅតែមានភាពល្អប្រសើរ បើទោះបីជាការលក់ ឃើញមានសកម្មភាពយឺតជាងមុនក្តី ប៉ុន្តែនិន្នាការនេះគឺដោយសារការផ្គត់ផ្គង់កើន ឡើង ដែលធ្វើឲ្យទីផ្សារមើលឃើញថាការលក់ធ្លាក់ចុះ ប៉ុន្តែការពិតទីផ្សារនៅតែដំណើរការទៅមុខល្អប្រសើរនៅឡើយ៕

Advertisement