ស្ថាប័នចំនួន 2 រួមគ្នាប្រឆាំងការលាងប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ភ្នំពេញៈ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា បានយល់ព្រមធ្វើកិច្ចសហការជាមួយគ្នា ក្នុងការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធនឹងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

អនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នរដ្ឋទាំង2នេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្ដមស៊ូ សុជាតិ ប្រធានគណៈកម្មការមូលបត្រកម្ពុជា ជាមួយលោកជំទាវសាយ សំអាតអគ្គលេខាធិការអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាកាលពីថ្ងៃទី13 មិថុនាកន្លងមកនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរវាងស្ថាប័នទាំងពីរបានឲ្យដឹងថា គោលដៅនៃកិច្ចសហការរវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជារបស់ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជានេះមានគោលបំណងដើម្បីរួមគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងស្វែងរក និងទប់ស្កាត់ ព្រមទាំងលុបបំបាត់ និងស៊ើបអង្កេតលើករណីលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដោយអនុវត្តស្របតាម តួនាទី និងភារកិច្ចរបស់អាជ្ញាធរទាំង2 ស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈនៃការយោគយល់នេះ គឺជាយន្តការដ៏មានសារៈសំខាន់ និងបំពេញឲ្យគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្ទៃក្នុង ស្តីពីការផ្លាស់ប្តូរព័ត៌មានហិរញ្ញវត្ថុ ព័ត៌មានរបស់បុគ្គល ឬអង្គភាព និងស្ថាប័នពាក់ព័ន្ធនឹងសកម្មភាពលាងសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្ម៕

Advertisement