ត្រីមាស​ទី1​ ឆ្នាំ2019​ ខុន​ដូ​ចំនួន3​ ត្រូវ​បាន​បញ្ចប់​ការសាងសង់​នឹង​ជំរុញ​កំណើន​ប្រមាណ7.69​%

គម្រោង​ខុន​ដូ​ចំនួន3​ ត្រូវ​បាន​បញ្ចប់​ការសាងសង់​នៅ​ត្រឹម​ត្រីមាស​ទី1​ ឆ្នាំ2019​ ដែល​មាន​ចំនួន​សរុប​រហូតដល់​ 1,091យូនី​ត ធ្វើ​ឱ្យ​មានការ​កើនឡើង​ប្រមាណ​ 7.69​% ក្នុង​ការ​ផ្គត់ផ្គង់​ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​។ ដូច្នេះ​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​កើនឡើង​ ស្រប​ពេល​ដែល​តម្រូវការ​នៅ​លើ​ទីផ្សារ​ក៏​មានការ​កើនឡើង​ផង​ដែរ​។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​សិក្សា​ និង​ស្រាវជ្រាវ​ដោយក្រុម​ហ៊ុន​ CBRE​ Cambodia​។

ផ្អែក​តាម​របាយការណ៍​ដែល​ចេញ​ដោយក្រុម​ហ៊ុន​ CBRE​ ដែល​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ខុន​ដូ​ប្រភេទ​មធ្យម​មាន​ចំណែក​ទីផ្សារ​ប្រមាណ​ 89.3នៃ​ស្តុក​ដែល​បាន​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី1​ ឆ្នាំនេះ​ ដែល​ក្នុង​នោះ​មាន​គម្រោង​ Urban​ Loft​ ដែល​មាន​ 182យូនី​ត និង​គម្រោង​ The​ Skyline​ ដែល​មាន​ 792យូនី​ត។

ក្នុង​របាយការណ៍​បាន​បង្ហាញ​ទៀត​ថា​ ខុន​ដូ​ប្រភេទ​ខ្ពស់​ស្ថិតនៅ​ក្នុង​គម្រោង​ Embassy​ Cen​ tral​ ដែល​ក៏បាន​បញ្ចប់​ការសាងសង់​ក្នុង​ត្រីមាស​នេះ​ដែរ​ មាន​ចំនួន117យូនី​តដែល​មាន​ទីតាំងនៅ​ក្នុង​ខណ្ឌចំការមន​បាន​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​ការ​ផ្គត់ផ្គង់​ចំនួន​ខុន​ដូ​កម្រិតខ្ពស់​សរុប​ប្រមាណ3.8​%។

ដោយឡែក​ ចំពោះ​ទីផ្សារ​ខុន​ដូ​កម្រិត​សមរម្យ​ក៏​មាន​គម្រោង​នឹង​ត្រូវ​បញ្ចប់​ផង​ដែរ​ ដូចជា​គម្រោង​ Phnom​ Penh​ Star​ ដែល​បាន​បន្ថែម​ 448យូនី​តទៅ​ក្នុង​ស្តុក​ សរុប​ស្មើនឹង​ 29​%នៃ​ការ​ផ្គត់ផ្គង់​ថ្មី​នៅ​ត្រឹម​ត្រីមាស​ទី1​ ឆ្នាំ2019​។ ជាមួយគ្នា​នេះ​ ប្រមាណ​ 51​%នៃ​យូនី​តដែល​ត្រូវ​បាន​បើក​លក់​នៅក្នុង​ត្រីមាស​ទី1​ នេះ​ គឺ​មាន​ទីតាំងនៅ​ក្នុង​ខណ្ឌ​សែនសុខ​ រួមមាន​អគារ​ទី1​ នៃ​គម្រោង​ Romduol​ Cityគម្រោង​ The​ Seven​ Residence​ និង​គម្រោង​ ថ្ម​មួយដុំ​ (Thmor​ Madom​ Condominium​) ដែល​មាន​ចំនួន​បន្ទប់​សរុប​ 974យូនី​ត”។

មន្ត្រី​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​របស់​ CBRE​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ “នៅក្នុង​វិស័យ​ខុន​ដូ​ មានការ​ចាប់ផ្តើម​បើក​លក់​បន្ទប់​ខុន​ដូ​ថ្មី​ៗចំនួន​ 5គម្រោង​នៅក្នុង​ត្រីមាស​ទី1​ នៃ​ឆ្នាំនេះ​ ដែល​ក្នុង​នោះ​មាន​ចំនួន​ 4គម្រោង​គឺជា​ខុន​ដូ​ប្រភេទ​សមរម្យ​ដែល​បាន​បង្កើន​ការ​ផ្គត់ផ្គង់​ខុន​ដូ​ប្រភេទ​នេះ​ចំនួន​ 1,169យូនី​ត។

ចំពោះ​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​ម្ចាស់​ផ្សេងគ្នា​ ក៏​មានការ​កើនឡើង​ផង​ដែរ​ ដោយសារតែ​មានការ​បញ្ចប់​ការសាងសង់​អគារ​ Diamond​ Twin​ Tower​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ម្ដុំ​កោះ​ពេជ្រ​ក្នុង​ខណ្ឌចំការមន​។

ការ​ដាក់​ឱ្យ​ដំណើរការ​ Diamond​ Twin​ Towerបាន​បន្ថែម​ប្រមាណ​ 19.812ម៉ែត្រការ៉េ​នៃ​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​សរុប​កើនឡើង​ 45,3​%។ នៅក្នុង​ត្រីមាស​ទី1នេះ​ ក៏​មានការ​សម្ពោធ​បើក​ការដ្ឋាន​របស់​គម្រោង​អគារ​ Chief​ Tower​ ដែល​ជា​អគារ​ការិយាល័យ​ម្ចាស់​ផ្សេងគ្នា​កម្រិត​ B ដែល​មានផ្ទៃ​ក្រឡា​ 12.250​ ម៉ែត្រការ៉េ​ និង​ត្រូវ​បាន​បញ្ចុះ​បឋមសិលា​បើក​ការសាងសង់​ក្នុង​មីនា​ ឆ្នាំ2019កន្លងទៅ​នេះ​ដែរ​។

មន្ត្រី​ស្រាវជ្រាវ​របស់​ CBRE​ បាន​បន្ត​ទៀត​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​លក់​ គឺ​មានការ​ប្រែប្រួល​តិចតួច​ ដោយ​ទីផ្សារ​ខុន​ដូ​កម្រិតខ្ពស់​មានការ​កើនឡើង​ប្រមាណ​ 0.4​% ហើយ​ខុន​ដូ​ប្រភេទ​សមរម្យ​មានការ​កើនឡើង​ប្រមាណ​ 0.5​% ហើយ​តាម​ការ​ព្យាករ​ចំពោះ​តម្លៃ​ដាក់​លក់​គិតជា​មធ្យម​ទៅលើ​ទីផ្សារ​ខុន​ដូ​កម្រិតមធ្យម​នឹង​មានការ​ថយ​ចុះ​បន្ដិច​ ពោល​គឺ​ក្នុង​តម្លៃ​ 2,562ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ មក​នៅ​ត្រឹម​ 2,559ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដោយឡែក​ចំពោះ​ទីផ្សារ​នៃ​ការជួល​ខុន​ដូ​កម្រិតខ្ពស់​ និង​មធ្យម​នៅ​បន្ត​ស្ថិរភាព​ដដែល​ ដោយ​អត្រាតម្លៃ​ជួល​ខុន​ដូ​កម្រិតខ្ពស់​បាន​កើនឡើង​ប្រមាណ​ 1% ចំណែក​ឯអត្រា​ការជួល​ខុន​ដូ​ប្រភេទ​មធ្យម​មិន​មានការ​ប្រែប្រួល​នោះ​ទេ​៕

Advertisement