អ្នកចិញ្ចឹមជ្រូកត្អូញពីការធ្លាក់ថ្លៃ ខណៈកម្ពុជាបន្តនាំជ្រូកចូល

ប្រជាពលរដ្ឋ និងសហគមន៍ចិញ្ចឹមជ្រូកនៅក្នុងខេត្តស្វាយរៀងបានបោះបង់ការចិញ្ចឹមជ្រូកប្រមាណ60 ភាគរយ គិតមកដល់ខែមិថុនា ឆ្នាំ2017នេះ ដោយពួកគាត់លើកឡើងថា បច្ចុប្បន្នការចិញ្ចឹមជ្រូកកំពុងជួបផលលំបាកខ្លាំង ដោយសារឈ្មួញបាននាំជ្រូកចូលមកយ៉ាងគំហុកពីប្រទេសវៀតណាម ដែលជាកត្តាចម្បងនាំឱ្យជ្រូកចិញ្ចឹមក្នុងស្រុកធ្លាក់ថ្លៃ ។

លោក កឹម ផល កសិករចិញ្ចឹមជ្រូកក្នុងសហគមន៍នៅភូមិជៀសឬស្សី ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បាននិយាយថា ការចិញ្ចឹមជ្រូកឆ្នាំនេះបានថយចុះមកនៅត្រឹម17ក្បាល ព្រោះលក់មិនចេញខណៈដែលឆ្នាំមុនៗគ្រួសារគាត់ចិញ្ចឹមជ្រូកចន្លោះពី30 ទៅ40ក្បាល ហើយស្រួលលក់ចេញទៀតផង ដោយមានឈ្មួញមកទិញដល់ផ្ទះភ្លាមៗតែម្តង។ លោកបន្តថា ពេលចិញ្ចឹមជ្រូកកាលពីឆ្នាំមុនៗងាយលក់ចេញណាស់ និងបានតម្លៃថ្លៃទៀតផង ក្នុង1គីឡូក្រាមបានតម្លៃជាមធ្យមចន្លោះពី 7,500រៀល ដល់ 9,000រៀល តែបច្ចុប្បន្នជ្រូករស់1គីឡូក្រាមតម្លៃត្រឹម 5,000រៀល ដល់ 6,000រៀលប៉ុណ្ណោះ ហើយគ្មានអ្នកដើរទិញទៀត។

ពាក់ព័ន្ធរឿងនេះលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មបសុព្យាបាលខេត្តស្វាយរៀង បានថ្លែងប្រាប់តាមទូរស័ព្ទថា ពលរដ្ឋបានបោះបង់ចោលការចិញ្ចឹមជ្រូកពិតមែន ហើយកត្តាបោះបង់ការចិញ្ចឹមជ្រូកនេះ គឺដោយសារការទិញកូនជ្រូកមកចិញ្ចឹមមានតម្លៃថ្លៃ និងកត្តារួមផ្សំដូចជា ចំណីជ្រូកក៏មានតម្លៃខ្ពស់ទៀត ទើបបញ្ហាទាំងនោះធ្វើឲ្យការចិញ្ចឹមជ្រូកថយចុះ ស្របនឹងគ្មានទីផ្សារលក់ចេញទៀតផង។

លោកនិយាយថា ក្រសួងកសិកម្មបានអនុញ្ញាតឲ្យនាំជ្រូកចូលថែមទៀតទើបកសិករគ្មានជម្រើស ក៏បោះបង់ចោលការចិញ្ចឹមជ្រូកច្រើនបែបនេះ។ ហើយដំណោះស្រាយគឺ មានតែរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ត្រូវដោះស្រាយបញ្ហាប្រឈម និងរឹតបន្តឹងច្បាប់ការនាំជ្រូកពីប្រទេសជិតខាងប៉ុណ្ណោះ៕

Advertisement