ខេត្ត​ព្រះសីហនុ​ ៖ តម្លៃ​អចលនទ្រព្យ​ហក់​ឡើង​ខ្លាំង​ តែ​នៅតែ​អាច​រកបាន​ផល​ចំណេញ​

ខេត្ត​ព្រះសីហនុ​ជា​តំបន់ឆ្នេរ​សមុទ្រ​នា​រយៈពេល​ 2-3ឆ្នាំ​ចុងក្រោយ​នេះ​មានការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា​ និង​លឿន​ពីសំណាក់​វិនិយោគិន​ចិន​ ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​មានការ​រីក​ដុះដាល​យ៉ាង​ឆាប់រហ័ស​ ហើយ​បាន​ប្រែក្លាយ​ជា​តំបន់​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​ជាងគេ​បំផុត​ នៅក្នុងចំណោម​បណ្ដា​ខេត្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។

ថ្វី​ដ្បិតតែ​ក្លាយជា​តំបន់​ដែល​តម្លៃ​អចលនទ្រព្យ​ហក់​ឡើង​ខ្លាំង​ និង​លឿន​យ៉ាងណាក៏ដោយ​ តែ​នៅ​តំបន់​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ ពិសេស​ខេត្ត​ព្រះសីហនុ​ក៏​នៅតែ​ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ឱ្យ​ដឹង​ថា​ តំបន់​ទាំងនោះ​នៅតែ​អាច​រកបាន​ផល​ចំណេញ​បាន​ពី​វិស័យ​អចលនទ្រព្យ​នេះ​ឥត​ឈប់ឈរ​ដដែល​។

លោក​ឧកញ៉ា​ ចេង​ ខេង​ បាន​មានប្រសាសន៍​ថា​៖“កន្លងមក​ ការទិញ​-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ពុំ​មានការ​ប្រែប្រួល​ខ្លាំង​ទេ​ គឹ​នៅតែ​ដំណើ​ការ​ជា​ធម្មតា​ តែ​រយៈពេល​ 2-3ឆ្នាំ​ចុងក្រោយ​នេះ​មានការ​វិនិយោគ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​តម្លៃ​ក្នុង​ការទិញ​-លក់​លើ​វិស័យ​នេះ​នៅ​ខេត្ត​ព្រះសីហនុ​ហក់​ឡើង​ខ្លាំង​ និង​ឆាប់រហ័ស​មែនទែន​ដែល​យើង​នឹកស្មាន​មិនដល់​ ព្រោះ​យើង​មិនបាន​គិតថា​ អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ខ្លាំង​ដល់​ម្លឹង​ ហើយ​យើង​បាន​មើលឃើញ​ថា​ ចរន្ត​នៃ​ការ​ជួញដូរ​ដីធ្លី​នៅក្នុង​ខេត្ត​នេះ​នឹង​នៅតែ​មាន​ចរន្ត​ល្អ​ និង​សង្ឃឹមថានឹង​បន្ត​កើនឡើង​ទៀត​ច្រើន​”។

លោក​ឧកញ៉ា​បាន​បញ្ជាក់​បន្ថែម​ថា​ យើង​ដឹង​ថា​ ខេត្ត​មួយ​នៅ​ជាប់​សមុទ្រ​ មាន​ឆ្នេរខ្សាច់​ ទេសភាព​ល្អ​។ បើ​យើង​មាន​លុយ​យើង​ចង់ទៅ​លម្ហែ​ ឬកម្សាន្ត​កន្លែងណា​មួយ​ ក៏​យើង​ចង់​រក​កន្លែងណា​ដែល​មាន​បរិស្ថាន​ស្អាត​ល្អ​ មាន​ពន្លឺថ្ងៃ​ មាន​ឆ្នេរខ្សាច់​ និង​ទឹកសមុទ្រ​ពណ៌ខៀវ​ នាំ​ឱ្យ​យើង​ចង់ទៅ​ទស្សនា​នៅ​ទីនោះ​ មិនថា​តែ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​នោះ​ទេ​ វា​នឹង​ធ្វើ​ឱ្យ​ទីនោះ​កាន់តែ​មាន​សក្តា​នុ​ពល​ខ្លាំង​ឡើង​។

លោក​ឧកញ៉ា​បន្ត​ថា​ យើង​ដឹង​ទៀត​ថា​ ខេត្ត​នេះ​មាន​កំពង់ផែ​អន្តរជាតិ​ បើ​និយាយ​ពី​សេវា​ដឹកជញ្ជូន​យើង​មាន​គ្រប់​សេវា​ ទាំង​ផ្លូវទឹក​ ផ្លូវគោក​ ផ្លូវអាកាស​ និង​ផ្លូវដែក​ថែមទៀត​ ដែល​ធ្វើ​ឱ្យ​ទីនោះ​ មានការ​-កើនឡើង​នូវ​ចំនួន​ប្រជាជន​ ជាពិសេស​ជនជាតិ​ចិន​ក៏​មក​វិនិយោគ​ច្រើន​ ពោល​បើ​យើង​ប្រៀបធៀប​ទៅ​ អ្វី​ៗគឺ​ស្ទើរតែ​ដូច​ប្រទេស​សិង្ហបុរី​ទៅ​ហើយ​ គឺ​អ្វី​ៗក៏​ឡើងថ្លៃ​ដែរ​ ហើយ​ថ្មី​ៗនេះ​ រដ្ឋាភិបាល​មាន​គម្រោង​ធ្វើ​រថភ្លើង​ល្បឿន​លឿន​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​យើង​អាច​ធ្វើដំណើរ​ទៅកាន់​តំបន់​នោះ​កាន់តែ​លឿន​ និង​ងាយស្រួល​ ព្រោះ​វា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែល​នាំ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៃ​ទីក្រុង​នេះ​កាន់តែ​ឡើង​ខ្ពស់​ និង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ទៀត​។

លោក​ឧកញ៉ា​បានឱ្យ​ដឹង​ថា​ ការ​មាន​អ្នក​វិនិយោគ​ចិន​ច្រើន​នឹង​ធ្វើ​ឱ្យ​សន្ទស្សន៍​នៃ​ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​កាន់តែ​មាន​កំណើន​។ នេះ​ជា​រឿង​ធម្មតា​ ប្រទេស​មួយ​ដែល​មានការ​វិនិយោគ​អភិវឌ្ឍ​លឿន​ គឺ​ដោយសារតែ​មានការ​វិនិយោគ​ពី​បណ្តា​វិនិយោគិន​បរទេស​។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ ដូច​យើង​ឃើញស្រាប់​ហើយ​ថា​ មិនមែន​មានតែ​ចិន​ទេ​ដែល​មក​វិនិយោគ​ តែ​នៅ​មាន​ជនជាតិ​កូរ៉េ​ ជប៉ុន​ ថៃ​ និង​សិង្ហបុរី​ផង​ដែរ​ គ្រាន់តែ​ចិន​មាន​ចំនួន​ច្រើន​នាំមុខ​គេ​ ដូច្នេះ​ទើប​ចិន​បោះទុន​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ដើម្បី​បង្កើន​សក្តា​នុ​ពល​ថែមទៀត​។

លោក​ឧក​ញ៉ាចេ​ង ខេ​ងបាន​អះអាង​ថា​ ដោយឡែក​ ក្នុងនាម​យើង​ជា​អ្នករក​ស៊ីលើ​វិស័យ​ហ្នឹង​យើង​ត្រូវ​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ មិនថា​តែ​ប្រទេស​ណា​ទេ​ ឬមិន​ថា​ជនជាតិ​ណាក៏ដោយ​ ដែល​យក​ទុន​មក​និ​យោគ​នៅ​ស្រុក​យើង​ដោយ​ស្របច្បាប់​ យើង​ត្រូវតែ​រីករាយ​ យើង​ត្រូវតែ​ធ្វើអ្វី​ដែល​ល្អ​ និង​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ក្នុង​កិច្ចសហការ​ធ្វើការងារ​ជាមួយគ្នា​។

បច្ចុប្បន្ន​ ខេត្ត​ព្រះសីហនុ​កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​តូច​-ធំ​ប្រមាណ​ជា​ 300គម្រោង​ ហើយ​ក្នុង​នោះ​គម្រោង​សំណង់​ដែល​ធំ​លើស​ពី​ 3,000ម៉ែត្រការ៉េ​ឡើង​ មាន​ចំនួន​ 70គម្រោង​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ដែល​ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​កម្ពស់​ 40ជាន់​ជាច្រើន​គម្រោង​កំពុង​រីក​លូតលាស់​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​៕

Advertisement