រដ្ឋាភិបាលប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025

ភ្នំពេញៈ រដ្ឋាភិបាលបានប្រកាសដាក់ចេញជាផ្លូវការនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 បន្ទាប់ពីរាជរដ្ឋាភិបាលបានពិនិត្យឃើញថា កម្ពុជារក្សាបាននូវស្ថិរភាពពេញលេញ និងមានស្ថិរភាពនយោបាយរឹងមាំ ព្រមទាំងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងអត្រាជាមធ្យមជិត8ភាគរយក្នុងមួយឆ្នាំ។

ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 បានថ្លែងថា ការសម្រេចដាក់សម្ពោធជាផ្លូវការនូវផែនការយុទ្ធសាស្រ្តនេះ គឺជាផ្លែផ្កាដ៏ត្រចះត្រចង់មួយដែលឆ្លុះបញ្ចាំងពីការរួមចំណែកយ៉ាងសកម្មពីវិស័យហិរញ្ញវត្ថុដែលបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុដ៏ក្មេងខ្ចីរបស់ខ្លួន។

ឯកឧត្ដមបន្តថា ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុឲ្យកាន់តែរឹងមាំស្របតាមការរីកចម្រើនសេដ្ឋកិច្ចនៃនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ និងសម្ទុះនៃសមាហរណកម្មតំបន់ និងពិភពលោក ព្រមទាំងផ្អែកលើបទពិសោធ និងមេរៀនថ្មីៗដែលបានជួបប្រទះក្នុងការអនុវត្តកន្លងមកនៅឆ្នាំ 2016 រាជរដ្ឋាភិបាលបានសម្រេចធ្វើបច្ចុប្បន្នកម្មផែនការយុទ្ធសាស្ត្រជាលើកទី3 ពីយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2011-2020 ទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 ដែលដាក់សម្ពោធឲ្យប្រើប្រាស់នាពេលនេះ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 រៀបចំឡើងដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ជាពិសេសធនាគារអភិវឌ្ឍន៍អាស៊ីដែលបានចូលរួមចំណែក និងគាំទ្រការធ្វើបច្ចុប្បន្នកម្មឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 រហូតទទួលបានជោគជ័យ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថាយុទ្ធសាស្រ្តដែលបានសម្រេចដាក់សម្ពោធជាផ្លូវការនេះជាឯកសារបច្ចុប្បន្នកម្មថ្មីមួយរបស់កម្ពុជាដើម្បីធ្វើឲ្យវិស័យហិរញ្ញវត្ថុមានការអភិវឌ្ឍបានយ៉ាងរហ័សក្នុងការនាំកម្ពុជាឈានចូលទំព័រប្រវត្តិសាស្ត្រថ្មី និងមានមុខមាត់ថ្មី និងមានការរីកចម្រើនយ៉ាងឆាប់រហ័សស្របតាមការរីកចម្រើនរបស់សេដ្ឋកិច្ចជាតិ និងពិភពលោក។

ឯកឧត្ដមបន្តថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 នេះគឺផ្ដើមចេញពីជម្រើស និងការអនុវត្តគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការបង្កបរិស្ថានអំណោយផលសម្រាប់វិស័យឯកជន និងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការអនុវត្តគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធប្រកបដោយការប្រុងប្រយត្ន័គួបផ្សំនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅចាំបាច់នានាលើគ្រប់វិស័យ។

យោងតាមឯកសារនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ 2016-2025 បានបង្ហាញឲ្យដឹងដែរថា តាមរយៈការរក្សាបាននូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងអត្រាមធ្យមជិត 8% ក្នុង1ឆ្នាំនោះបានធ្វើឲ្យអត្រាភាពក្រីក្រថយចុះយ៉ាងលឿនពីជាង 53% ក្នុងឆ្នាំ 2004 មកត្រឹម 13.5% នៅឆ្នាំ 2014។

ការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះបានធ្វើឲ្យកម្ពុជាឈានចូលទំព័រប្រវត្តិសាស្ត្រថ្មីដោយប្រែក្លាយមុខមាត់ពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងត្រូវបានធនាគារពិភពលោកចាត់ទុកជាប្រទេសក្នុងក្រុមឯកទគ្គករកំណើនទាំង 8ក្នុងពិភពលោក៕

Advertisement