រដ្ឋាភិបាល​នឹង​អភិវឌ្ឍ​ខេត្តកំពត​ឱ្យទៅ​ជា​ខេត្ត​គំរូ​ខាង​ផលិតផល​មានគុណ​ភាព​ខ្ពស់​

ក្រសួងទេសចរណ៍​មានបំណង​ធ្វើ​ឱ្យ​គោលដៅ​ទេសចរណ៍​ខេត្តកំពត​ក្លាយជា​គោលដៅ​គំរូ​ខាង​គុណភាព​ផលិតផល​ ទំនិញ​ សេវាកម្ម​ គ្មាន​ទំនិញ​ក្លែងក្លាយ​ និង​គ្មាន​ទំនិញ​អន់​គុណភាព​។

នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី8​ (ជុំ​ទី2​) កាលពីដើម​ខែឧសភា​ ឆ្នាំ2019​ កន្លងទៅ​នេះ​ នៅ​សាលាខេត្ត​កំពត​ ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ជំរុញ​ឱ្យ​មានការ​រៀបចំ​ “វិថី​ម្ហូបអាហារ​” ឬភាសាអង់គ្លេស​ហៅថា​ “Food​ Street​” នៅ​ទីតាំង​ណាមួយ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នា​ពេល​ខាងមុខ​ឱ្យ​បាន​ល្អ​ប្រសើរ​ ហើយ​ “Food​ Street​” នេះ​ក៏​ចាត់ទុកជា​ផលិតផល​ទេសចរណ៍​អចិន្ត្រៃយ៍​មួយ​សម្រាប់​ទីក្រុង​កំពត​ផង​ដែរ​។ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ខេត្តកំពត​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ ក្នុង​នោះ​មាន​ទីក្រុង​បេតិកភណ្ឌ​ រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ដ៏​ច្រើន​សម្បូរ​បែប​ និង​មាន​តំបន់​កសិ​-ទេសចរណ៍​ទៀតផង​។

ឯកឧត្តម​ ថោង​ ខុន​ មានប្រសាសន៍​បន្ត​ថា​ អាជ្ញាធរ​ត្រូវ​ត្រៀម​រៀបចំ​ឱ្យ​មានការ​តាំងពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ឱ្យ​បាន​សម្បូរ​បែប​ប្រកបដោយ​គុណភាព​ បើ​អាច​ធ្វើ​បាន​ស្នើ​ឱ្យ​មានការ​រៀបចំ​ការ​តាំង​លក់​សម្លៀក​បំពាក់​ល្អ​ៗដែល​ផលិត​ក្នុង​ស្រុក​ ដូចជា​ផលិតផល​ outlet​ ជូន​ប្រជាពលរដ្ឋ​ និង​ទេសចរ​អន្តរជាតិ​ នៅក្នុង​ពិធីបុណ្យ​សមុទ្រ​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មានឱកាស​បាន​ទិញ​យក​ទៅ​ប្រើប្រាស់​ក្នុង​តម្លៃ​ដ៏​សមរម្យ​មួយ​។

ឯកឧត្តម​ រដ្ឋមន្ត្រី​ថ្លែង​ថា​៖“នាំគ្នា​ធ្វើ​ឱ្យ​គោលដៅ​ទេសចរណ៍​កំពត​ ក្លាយជា​គោលដៅ​គំរូ​ខាង​គុណភាព​ផលិតផល​ ទំនិញ​ និង​សេវាកម្ម​ គ្មាន​ទំនិញ​ក្លែងក្លាយ​ និង​អន់​គុណភាព​ ព្រោះ​វា​នឹង​ជួយ​លើកកម្ពស់​ទំនិញ​ក្នុង​ស្រុក​ ដើម្បី​បង្កើន​ចំណូល​របស់​អ្នក​ផលិត​ និង​កាត់បន្ថយ​ការនាំចូល​”។

ឯកឧត្តម​ រដ្ឋមន្ត្រី​ ថោង​ ខុន​ បាន​បន្ត​ទៀត​ថា​ ខណៈ​ពេល​ដែល​ខេត្តកំពត​នឹង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​ ព្រឹត្តិ​ការណ៍​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ជាច្រើន​ដែល​នឹង​ធ្វើ​ឱ្យ​ខេត្តកំពត​ក្លាយជា​ខេត្ត​គំរូ​មួយ​សម្រាប់​ការ​-លក់ទំនិញ​ក្នុង​ស្រុក​ និង​បង្កើន​ម៉ាក​ផលិតផល​ “ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​”។

ឯកឧត្តម​ ថោង​ ខុន​ បាន​មានប្រសាសន៍​ថា​៖“ខេត្ត​នេះ​មាន​សក្តា​នុ​ពល​ដ៏​អស្ចារ្យ​នៅក្នុង​វិស័យ​ទេសចរណ៍​ ព្រោះ​វា​ជាទី​ក្រុង​បេតិកភណ្ឌ​ និង​ជាគោល​ដៅ​ទេសចរណ៍​ធម្មជាតិ​ដ៏​សំខាន់​”។

លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​នឹង​ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី​។ លោកស្រី​មានប្រសាសន៍​ថា​“ជាមួយនឹង​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ យើង​ត្រូវ​ជំរុញ​ផលិតផល​ក្នុង​ស្រុក​ដែល​នឹង​អនុញ្ញាត​ឱ្យ​យើង​កាត់បន្ថយ​ការនាំចូល​”។

ឯកឧត្តម​ ថោង​ ខុន​ ក៏បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​-ព័ន្ធ​ពន្លឿន​ការសាងសង់​កំពង់ផែ​ទេសចរណ៍​ ដោយ​បង្កើន​ការ​ធ្វើការ​ និង​បន្ថែមចំនួន​កម្មករ​ជំនាញ​ និង​វិស្វករ​ផង​ដែរ​។

លោក​ សយ​ ស៊ី​ណុល​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​ថ្លែង​ថា​ ការសាងសង់​កំពង់ផែ​សមុទ្រ​នៅ​ខេត្តកំពត​នឹង​ចប់​តាម​ការ​គ្រោងទុក​។ លោក​ស៊ី​ណុល​ បាន​មានប្រសាសន៍​ថា​ “កំពង់ផែ​នេះ​សម្រេច​បាន​ប្រហែល​ 25ភាគរយ​ហើយ​ យើង​គិតថា​វា​នឹង​ត្រូវ​បាន​បញ្ចប់​ទាន់ពេល​វេលា​ នៅពេល​សាងសង់​ហើយ​ អ្នកទេសចរ​នឹងអាច​ទៅដល់​ខេត្ត​នេះ​តាម​នាវា​”។

គួរ​បញ្ជាក់​ថា​ តាម​គម្រោង​ កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ2021​។ កំពង់ផែ​នេះ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ 10លាន​ដុល្លារ​អាមេរិក​ដែល​វា​នឹង​ជួយ​ជំរុញ​ដល់​កំណើន​ទេសចរ​នៅក្នុង​ខេត្តកំពត​ ជាពិសេស​ភ្ញៀវ​មក​ពី​ប្រទេស​ថៃ​ និង​វៀតណាម​។

គួរ​បញ្ជាក់​ដែរ​ថា​ ក្នុងអំឡុងពេល​ 3ខែ​ដំបូង​នៃ​ឆ្នាំ2019​ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​ 467,900នាក់​ដែល​ក្នុង​នោះ​ប្រហែល​ 57,100នាក់​ គឺជា​ជនបរទេស​ដែល​កើនឡើង​ 4.4ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ដោយឡែក​សម្រាប់​ថ្ងៃឈប់​សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ព្រះករុណា​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ កាលពី​ថ្ងៃទី13​ ដល់15​ ខែឧសភា​ ឆ្នាំ2019​ កន្លងទៅ​នេះ​ មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្តកំពត​ចំនួន​ 104,441នាក់​៕

Advertisement