កម្ពុជាកំពុងប្រឈមហានិភ័យ ដោយសារប្រភេទដីដែលមានជីជាតិថយចុះ

ភ្នំពេញៈ ប្រទេសកម្ពុជាកំពុងប្រឈមហានិភ័យ នឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឲ្យដីមានជីជាតិថយចុះនូវគុណភាពជាបណ្តើរៗ និងក្លាយជាដីមិនមានសក្តានុពលសម្រាប់ផលិតកម្មកសិកម្មដូចពីមុន។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានថ្លែងលើកឡើងនៅក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្មកាលពីល្ងាចថ្ងៃទី15 មិថុនាកន្លងទៅថា ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាជាប្រទេសមានខឿនសេដ្ឋកិច្ចពឹងផ្អែកទៅលើវិស័យកសិកម្ម ក្នុងនោះតាមរយៈការសិក្សាកន្លងមកបានវាយតម្លៃថា ដីនៅក្នុងប្រទេសកម្ពុជាប្រមាណ28ភាគរយមានសក្តានុពលលើផ្នែកកសិកម្ម ឬជាដីមានជីជាតិខ្ពស់ ដី19ភាគរយមានសក្តានុពលមធ្យម និង53ភាគរយជាប្រភេទដីមានសក្តានុពលទាប។

លោកបន្តថា បច្ចុប្បន្នប្រភេទដីដែលប្រកបដោយសក្តានុពលនេះកំពុងទទួលរងនូវការថយចុះគុណភាពជាបណ្តើរៗក្លាយទៅជាដីដែលមានសក្តានុពលទាប ឬជាដីមិនមានសក្តានុពលសម្រាប់ផលិតកម្មកសិកម្មតែម្តង។ កត្តាដែលនាំឲ្យមានការខូចខាតដល់ទំហំដី និងធនធានដីក្នុងពេលបច្ចុប្បន្ននេះ រួមមានការប្រើប្រាស់បច្ចេកទេសមិនសមស្របនានាក្នុងផលិតកម្មកសិកម្ម ការខ្វះចន្លោះក្នុងការគ្រប់គ្រងកាកសំណល់ ការមិនទាន់មានការបែងចែករវាងដីដែលត្រូវប្រើប្រាស់ក្នុងផលិតកម្មកសិកម្ម ឬការសំណល់ភូមិសាស្រ្តដីទៅតាមសក្តានុពលនៃប្រភេទដំណំា និងដីសម្រាប់គោលបំណងផ្សេងក្រៅពីផលិតកម្មកសិកម្មជាដើម ។

លោក វេង សាខុនបានបន្តទៀតថា ពាក់ព័ន្ធនឹងបញ្ហាឱនភាពដី បរិស្ថាន អស្ថិរភាពនយោបាយ អសន្តិសុខ ស្បៀង និងភាពក្រីក្រ គឺជាកត្តាដែលធ្វើឲ្យមនុស្សជាច្រើនបង្ខំចិត្តធ្វើចំណាកស្រុក ជាក់ស្តែងចំនួនមនុស្សដែលធ្វើការចំណាកស្រុកនៅទូទាំងពិភពលោកមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរយៈពេល 15ឆ្នាំចុងក្រោយនេះ គឺមានរហូតដល់ 244លាននាក់ក្នុងឆ្នាំ2015 ដែលកាលពីឆ្នាំ 2000 មានត្រឹមតែ 173លាននាក់ប៉ុណ្ណោះ។ បញ្ហាទាំងនេះយើងកត់សម្គាល់ឃើញថា ការបាត់បង់ដីដែលមានផលិតភាពបានជំរុញឲ្យមនុស្សជ្រើសរើសយកជម្រើសជីវិតផ្សេងៗ ដែលប្រកបដោយភាពប្រថុយប្រថាន។

ក្រសួងកសិកម្មកំពុងអនុវត្តជាបន្តបន្ទាប់នូវគោលការណ៍មួយចំនួននៅក្នុងជំហានទាំង 10នៃកម្មវិធីនេះ ដោយបានសម្រេចលទ្ធផលជាក់លាក់មួយចំនួនហើយ ក្នុងនោះបានជ្រើសរើសយកគម្របព្រៃគោលជាង 10លានហិកតា ស្មើនឹងជាង 75ភាគរយនៃផ្ទៃដីសរុបសម្រាប់ឆ្នាំ2010 និងជាង 8លានហិកតា ស្មើនឹងជាង 46ភាគរយនៃផ្ទៃដីសរុបសម្រាប់ឆ្នាំ2014 ដើម្បីជួយដល់បញ្ហាឱនភាពដីធ្លីដែលកំពុងមានសក្តានុពលថយចុះទាំងនោះ៕

Advertisement